ភ្នំពេញ៖ ដោយសង្កេតឃើញប្រជាពលរដ្ឋ មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពោលគឺពេលល្មើសច្បាប់អាងបង់លុយផាកពិន័យ យករួចខ្លួននោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ណែនាំឲ្យភាគីពាក់ព័ន្ធរៀបចំធ្វើវិសោធនកម្មច្បាប់ដើម្បីដកសិទ្ធិអ្នកបើកបរដែលល្មើសច្បាប់ចាប់ពី៣ដងឡើងទៅ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា អ្នកដែលបើកបរល្មើសច្បាប់លើកទី១ ផាកពិន័យ១ដង ល្មើសលើកទី២ត្រូវផាកពិន័យគុណនឹង២ បើល្មើសលើកទី៣ត្រូវផាកពិន័យគុណនឹង៣ដងដែរ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំស្នើឲ្យយកចិត្តទុកដាក់នូវវិធានការ ទាំងឡាយដែលយើងត្រូវប្រកាន់យកនៅពេល ខាងមុខទៅលើការពង្រឹង ការអនុវត្តច្បាប់ ដោយរាប់ទាំងវិធានការនានា ដែលដាក់ចេញសម្រាប់ដំណើរការទៅមុខ កែវិសោធកម្មច្បាប់បានក៏ធ្វើទៅវិសោធកម្មធ្វើអ្វីបានគឺធ្វើ” ។
សម្ដេចនាយករដ្ឋមន្រ្តីបានលើកឡើង បន្ថែមថា “ខ្ញុំលើកឧទាហរណ៍ ថ្ងៃមុននៅក្នុងការប្រជុំគណបក្សខ្ញុំលើកឧទាហរណ៍ ឥឡូវអ្នកបើបរតែងមានប័ណ្ណបើកបរ អ្នកឯងខុសម្ដងខ្ញុំកិប១ ផាកពិន័យប៉ុន្មាន ផាកហើយកិបទៀត ឲ្យដឹងអិចឹងគឺនគរបាលគ្រប់ទីកន្លែងគឺដឹងថា អ្នកដែលបានកិបហ្នឹង គឺអ្នកហ្នឹងបានបំពានម្ដងហើយ ដល់ខុសលើកទី២ត្រូវផាកប៉ុន្មាន បើគេឃើញថា មានកិបមួយហើយ ផាកលើកទី២ត្រូវផាកឌុប ។ឧទាហរណ៍ថាផាកលើកទីមួយ ៤០ម៉ឺនរៀលកិប១ ផាកលើកទី២ឃើញទៅបំពានមួយកន្លែងទៀត គេឃើញកិបលើកទី២ ចឹងគេដំឡើងការផាកដល់ទៅ៨០ម៉ឺន មួយជាពីរកិបមួយ ដល់ទៅបំពានលើកទីបី ផាកឌុប បានសេចក្ដីថា ពី៨០ម៉ឺនទៅ១៦០ម៉ឺន(១លាន៦សែនរៀល)កិបលើកទី៣ គឺបានសេចក្ដីថា ដល់ឱកាសដកសិទ្ធិ ដកសិទ្ធិ មិនឲ្យបើកបរថា ១ឆ្នាំឬ២ឆ្នាំអត់ឲ្យអ្នកឯងបើកបរតទៅទៀតទេ ដល់ទៅគ្រប់២ឆ្នាំឬគ្រប់១ឆ្នាំ ចាំយើងឲ្យសិទ្ធិបើកបរឡើងវិញ”៕