ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ កុម្ភៈនេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន កិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន ស្ដីពី ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា (COVID-19) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួម កិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលាអាស៊ាន កិច្ចប្រជុំពិសេស ថ្នាក់រដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិនស្ដីពី ជំងឺឆ្លង ផ្លូវ ដង្ហើម កូរ៉ូណា (COVID-19) និង កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។
១.កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សា សម្របសម្រួលអាស៊ានស្តីពីជំងឺឆ្លង ផ្លូវ ដង្ហើម កូរ៉ូណា COVID-19
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ លោក ផាម ប៊ិនមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានដឹកនាំកិច្ចប្រជុំពិសេស នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងគោលបំណង លើកកម្ពស់ការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបណ្តាមកពីការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួបរួមគ្នាជាធ្លុងមួយ និងមានការឆ្លើយតបខ្ពស់របស់អាស៊ាន ក្នុងការដោះស្រាយបញ្ហា ជំងឺឆ្លង COVID-19 និងបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ ប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ នូវផលប៉ះពាល់ដែល បណ្តាលមកពីជំងឺឆ្លងនេះ ទៅលើដំណើរការកសាង សហគមន៍ អាស៊ាន ក៏ដូចជាដំណើរការជាប្រក្រតីរបស់អាស៊ាន។
២.កិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន ស្ដីពី ជំងឺឆ្លងផ្លូវដង្ហើម កូរ៉ូណា (COVID-19)
ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេស នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ស្តីពីករណីជំងឺឆ្លង COVID-19 ក្រោមការដឹកនាំដោយសហប្រធាន ដែលមាន ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ជាប្រទេស សម្របសម្រួល ដៃគូ សន្ទនាអាស៊ាន-ចិន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែង នូវ ទំនុក ចិត្តយ៉ាងពេញលេញចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលនឹងអាចជំនះលើជំងឺឆ្លង COVID-19។ ជាកិច្ចឆ្លើយតប លោកសហប្រធាន វ៉ាង យី បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះ សមានចិត្ត ការគាំទ្រ និងជំនួយរបស់អាស៊ាន។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន បានកត់សម្គាល់ដោយការពេញចិត្តចំពោះការឆ្លើយតបរួមជាបន្ទាន់ និង សាមគ្គី ភាពជាប្រពៃណីក៏ដូចជាការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ជាពិសេសការចាត់វិធានការ ដ៏ម៉ឺងម៉ាត់ដើម្បីដោះស្រាយជំងឺឆ្លងCOVID-19 តាមរយៈការចែករំលែកព័ត៌មានយ៉ាងឆាប់ រហ័ស នឹងកិច្ចខិតខំប្រឹងប្រែងចាំបាច់នានា ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺ និងការការពារ សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងវិធានការសម្របសម្រួលរវាងអាស៊ាន និងចិន មានជាអាទិ៍៖
-បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាប្រឆាំងនឹងជំងឺឆ្លង COVID-19 តាមរយៈការចែករំលែក ព័ត៌មាន និងឧត្តម្មានុវត្តឱ្យបានទាន់ពេលវេលា
-ជំរុញឱ្យមានកិច្ចសន្ទនាគោលនយោបាយ និងការផ្លាស់ប្តូរព័ត៌មានវិវត្តន៍ចុងក្រោយអំពីជំងឺឆ្លង COVID-19 ដែលរួមមាន ការត្រួតពិនិត្យ និងការព្យាបាល
-ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង នឹងជាការរើបឡើងវិញនូងជំងឺឆ្លង រួមមានករណីCOVID-19 ជាដើម។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឆ្លៀតឱកាសនេះ ជម្រាបជូនកិច្ចប្រជុំអំពីវិធានការដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ជាពិសេសការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែ ព្រះសីហនុ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុត អនុលោមតាមបទប្បញ្ញត្តិសំខាន់ៗរបស់អង្គការសុខភាពពិភពលោក និងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសុខាភិបាលអន្តរជាតិនានា ដូចជាអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលអាឡឺម៉ង់សម្រាប់ការស្រាវជ្រាវជំងឺឆ្លង និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តជួយ និងសហការយ៉ាងក្លៀវក្លាជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 និងដោយមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងបន្តជំរុញការសម្របសម្រួល និងសហការជាមួយចិន ក្នុងការទប់ស្កាត់ និងលុបបំបាត់ទាំងស្រុងជំងឺឆ្លង COVID-19 នេះ។ ទន្ទឹមពេលជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានគាំទ្រចំពោះសំណើរបស់ប្រទេសចិន ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ស្តីពី COVID-19 នៅពេលវេលាសមស្របណាមួយ។
៣.កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាងលើកទី៥
កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៥ ដែលមាន លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការ បរទេស ឡាវ និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ជាសហប្រធាន និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា មីយ៉ាន់ម៉ាថៃ និងវៀតណាម បានសម្តែងការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការ អនុវត្ត លទ្ធផល នៃ កិច្ច ប្រជុំ កំពូល មេគង្គ-ឡានឆាងលើកទី ២ និងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ ព្រមទាំង ការអនុវត្តផែនការ សកម្មភាព ប្រាំឆ្នាំ មេគង្គ-ឡានឆាង (២០១៨-២០២២)។ វឌ្ឍនភាពនេះ បាន រួម ចំណែក ដល់ការ ជំរុញបន្ថែម នូវ ទំនុក ចិត្ត ទៅវិញទៅមក ពង្រីកវិស័យកិច្ចសហប្រតិបត្តិការ និង ធ្វើឱ្យ ស៊ីជម្រៅ នូវ ភាព ជាដែគូ ក្នុង ចំណោម បណ្ដា ប្រទេស មេគង្គ-ឡានឆាង ។
រដ្ឋមន្រ្តី ការបរទេសមេគង្គ-ឡានឆាង បាន អះអាង សារជាថ្មីនិងជាឯកច្ឆ័ន្ទ ការ បន្ត គាំទ្រ ប្រព័ន្ធពហុភាគី និយម ប្រព័ន្ធ អន្តរជាតិដែលមានអង្គការសហប្រជាជាតិ ជាមជ្ឈមណ្ឌល និងប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគីដែលផ្អែកលើមូលដ្ឋាន ច្បាប់ និងមាន អង្គការពាណិជ្ជកម្ម ពិភពលោក ជាមូលដ្ឋាន គ្រឹះ ។ រដ្ឋមន្ត្រី បានឯកភាពគ្នាក្នុងការ ជំរុញ កិច្ចសន្ទនាក្នុង ចំណោម គណបក្សនយោបាយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងប្រជាជន ព្រមទាំង បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា សន្តិសុខ មិនមែនប្រពៃណី ដែល រួម មាន ភេរវកម្ម បទឧក្រិដ្ឋតាម ប្រព័ន្ធអ៊ិនធឺណេត គ្រោះ ធម្មជាតិ ជម្ងឺឆ្លង ការជួញដូរ មនុស្ស និងគ្រឿងញៀនខុសច្បាប់ និងការរត់ពន្ធនិងការ ជួញដូរ សព្វាវុធ ។
រដ្ឋមន្រ្តី ការបរទេសមេគង្គ-ឡានឆាង បានស្វាគមន៍ លេខាធិការដ្ឋានគណៈកម្មការ ទន្លេមេគង្គ ជា អ្នក អង្កេតការណ៍នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹក និង បានឯកភាព ក្នុង ការ ជំរុញ នូវ កិច្ចសហប្រតិបត្តិការរវាងក្របខ័ណ្ឌ មេគង្គ-ឡានឆាងជាមួយ នឹង យន្តការ កិច្ចសហប្រតិបត្តិការ តំបន់ និង អនុតំបន់ នានា ដោយឈរលើ ស្មារតីបើកចំហរ បរិយាប័ន្ន និង បំពេញ បន្ថែម ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកឧបនាយករដ្ឋមន្រ្តី បាន សង្កត់ធ្ងន់ថា កិច្ច សហប្រតបតិ្តការ មេគង្គ-ឡានឆាង គឺជា ក្របខណ្ឌសាមគ្គីភាពដ៏សំខាន់ ក្នុង ការ ថែរក្សា សន្តិភាព ស្ថិរភាព និង ការជំរុញ វិបុលភាព រួម នៅក្នុង តំបន់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសមេគង្គ និងចិនដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ ក្នុងការកសាង «សហគមន៍ដែលរួមអនាគតប្រកបដោយសន្តិភាព និងវិបុលភាព»។
លោកឧបនាយករដ្ឋមន្រ្តី បានជំរុញប្រទេសសមាជិក មេគង្គ-ឡានឆាង បង្កើនកិច្ចសហ-ប្រតិបត្តិការបន្ថែមទៀត តាមរយៈការស្វែងរកនូវគម្រោងធំៗ ដែលអាចឆ្លើយតបឱ្យ បានពេញលេញទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម ស្ថិតក្រោមរបៀបវារៈអង្គការសហប្រជាជាតិស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការពង្រឹងយន្តការតាមដាននូវ ការអនុវត្តវិស័យអាទិភាព នីមួយៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយផ្អែកលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃដ៏ប្រសើរ សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលដៅដែលបានដាក់ចេញ។
លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមថ្មីរបស់ចិន ស្តីពីច្រករបៀងពាណិជ្ជកម្មដែនគោក-សមុទ្រអន្តរជាតិថ្មី និងការបង្កើតខែ្សក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលនឹងតភ្ជាប់អនុតំបន់ មេគង្គដែលជាប៉ូលនៃកំណើន ជាមួយដែនដីដ៏ធំនៃប្រទេសចិន ដោយមានគោលដៅចំបងក្នុងការបង្កើតថាមភាពសម្រាប់ ខ្សែសង្វាក់ផលិតកម្មនៅក្នុងតំបន់ ការលើកកម្ពស់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការជំរុញការតភ្ជាប់ទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និងប្រជាជននៅក្នុងតំបន់។ ក្នុងន័យនេះ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ភ្នាក់ងាររដ្ឋាភិបាលនៃប្រទេសមេគង្គ-ឡានឆាង ក្នុងការសិក្សាលើលទ្ធភាពនៃការធ្វើសហកម្មរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមនានាខាងលើ ។
កិច្ចប្រជុំបានបញ្ចប់ ដោយបានអនុម័តនូវ សេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាងលើកទី៥ និងកត់សម្គាល់របាយការណ៍ឆ្នាំ២០១៩ ស្តីពីការអនុវត្តផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង(២០១៨-២០២២) ព្រមទាំងបានអនុម័តបញ្ជីគម្រោងគាំទ្រដោយមូលនិធិពិសេសមេគង្គ-ឡានឆាងឆ្នាំ២០២០ ដែលមានចំនួនសរុប១៥២គម្រោង ហើយក្នុងនោះកម្ពុជាបានទទួលគម្រោងសរុបចំនួន ២០គម្រោង (ប្រមាណ ៧,៧៨លានដុល្លារអាមេរិក) ។ គម្រោងទាំងនេះ ភាគច្រើន គ្របដណ្ដប់លើ សកម្មភាពនានា ដែល ពាក់ព័ន្ធ នឹងការកសាងសមត្ថភាព ការអប់រំ ការកាត់បន្ថយភាពក្រីក្រការផ្ដល់ អំណាចដល់ ស្រ្តី វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្ដូរបច្ចេកទេស ប្រព័ន្ធផ្សព្វផ្សាយ បរិស្ថាន ធនធានទឹក និងសមត្ថភាពផលិត ៕