ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី បញ្ជាក់ថា វិធានការលើអ្នកលក់ អនឡាញ ដែលប្រើរូបភាព អាសអាភាស មិនសំដៅរឹតបន្ដឹង សិទ្ធិសេរីភាព របស់ស្ដ្រីខ្មែរនោះទេ

ភ្នំពេញ៖ ក្រសួងកិច្ចការនារី នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ពីវិធានការលើអ្នកលក់ ផលិតផលតាមអនឡាញ ប្រើប្រាស់រូបភាពអាសអាភាស ដែលជាទង្វើផ្ទុយនឹងច្បាប់ មានចែងជាធរមាន ហើយវិធានការនេះ ក៏មិនសំដៅរឹតបន្ដឹង សិទ្ធិសេរីភាពរបស់ស្ដ្រីខ្មែរនោះដែរ ។

នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអប់រំដល់អ្នកលក់ ផលិតផលតាមអនឡាញដែល ប្រើប្រាស់រូបភាពអាសអាភាស ឬអាក្រាតកាយ មុននឹងឈានទៅចាត់វិធានការ ជាក់លាក់ណាមួយ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា វិធានការនេះ បាននិងកំពុងទទួលការអបអរសាទរ ពីសំណាក់មហាជន ព្រោះជាវិធានការដើម្បីទប់ស្កាត់ សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាព អាសអាភាស តាមបណ្ដាញសង្គម ក្នុងចំណោមអ្នកប្រើប្រាស់ ប្រព័ន្ធអនឡាញ ដែលភាគច្រើន ជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ដ្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អរបស់ជាតិ ។

ក្រសួងកិច្ចការនារីបញ្ជាក់ថា «វិធានការនេះសំដៅលើករណី លក់ផលិតផលអនឡាញ មួយចំនួនតូច ដែលប្រើប្រាស់រូបភាពអាសអាភាស ដែលជាទង្វើផ្ទុយនឹងច្បាប់ ដែលមានចែងជាធរមាន និងមិនសំដៅរឹតបន្ដឹង សិទ្ធិសេរីភាពរបស់ស្ដ្រីខ្មែរនោះទេ»។

សូមបញ្ជាក់ថា គិតរហូតមកពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីអ្នកលក់ អនឡាញម្នាក់ ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី នៅលើបណ្ដាញសង្គម មកអប់រំ និងធ្វើកិច្ចសន្យា ប៉ុន្តែស្ត្រីនោះ មិនធ្វើតាម បែរជាផ្គើន និងបន្តការលក់ដោយស្លៀកពាក់ សិចស៊ីដដែល ហើយក៏សមត្ថកិច្ចឃាត់ខ្លួនម្ដងទៀត បញ្ជូនទៅតុលាការដើម្បី ចាត់វិធានការតាមផ្លូវច្បាប់ ៕ ដោយ៖ ខា ដា

To Top