ភ្នំពេញៈ ផ្ទះធ្វើអំពីឈើលើថ្មក្រោម មួយខ្នងត្រូវបាន អគ្គិភ័យឆាបឆេះទាំងស្រុង ខណៈតែម្ចាស់ផ្ទះ បានដុតធូបមូសលើពូក ទើបបណ្ដាលឲ្យមានការឆាបឆេះ ផ្អើលរថយន្ដពន្លត់អគ្គីភ័យចេញអន្តរាគមន៍ អន្តរាគមន៍ជាច្រើនគ្រឿង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ៤និង២០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុចផ្ទះអត់លេខ ស្ថិតនៅភូមិឬស្សី ក្រុមទី១១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ គង់ សុខលិន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កម្មករ ឡធ្យូង ស្នាក់នៅផ្ទះកើតហេតុខាងលើ ផ្ទះដែលឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី ។
តាមប្រភព ព័ត៌មានពីម្ចាស់ផ្ទះ បានអោយដឹងថា មុនពេលកើតហេតុ គឺពួកគាត់រួមទាំងក្រុមគ្រួសារ បាននាំគ្នា សំរាន ដោយលង់លក់ ដោយបានដុតធូបមូស ហើយដាក់នៅលើពូក លុះមកដល់ពេលត្រូវខ្យល់ បណ្ដាលកំទិចធូបមូស ធ្លាក់នៅលើពូក ទើបបណ្ដាលឲ្យមាន រាលដាលចេញជា ភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តងទៅ ហើយ ពួកគាត់បាននាំគ្នា រត់ចេញមកក្រៅផ្ទះ យករួចខ្លួន ហើយក៍បានស្រែកអោយអ្នកជិតខាងជួយ ព្រមទាំងសុំអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ ចេញមក អន្តរាគមន៍បាញ់ពន្លត់ អស់ទឹកចំនួន៩គ្រឿង ធ្វើការបាញ់ពន្លត់អស់ទឹកចំនួន៦គ្រឿង ទើបភ្លើងរលត់ទៅវិញ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃដដែល ។
ក្នុងករណីនេះដែរ សមត្ថកិច្ចបានអោយដឹងថា មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងរាល់ដាលដល់ផ្ទះអ្នកជិតខាងនោះទេ គឺគ្រាន់តែឆេះផ្ទះរបស់ ជនរងគ្រោះ អស់ទាំងស្រុង ដោយសារតែ ផ្លូវចង្អៀតពិបាកនិងរថយន្ត ចូលពន្លត់ ៕