ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ជំរុញអភិបាល រាជធានី-ខេត្ត អប់រំផ្សព្វផ្សាយ ពីវិធានការពារ ការឆ្លងជំងឺ គ្រុនផ្តាសាយបក្សី

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត អប់រំផ្សព្វផ្សាយព័ត៌មាន និងវិធានការការពារ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីបង្ការទប់ស្កាត់ជំងឺនេះ កុំអោយកើតមានឡើង ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្របពេលដែលមានការ ជំរុញការអប់រំផ្សព្វផ្សាយ និង វិធានការ ការពារ វីរុស COVID-19 ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ និងដោយផ្អែកតាមព័ត៌មាន ពីខេត្តភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ មានផ្ទុះជំងឺផ្តាសាយបក្សី H5N1 អាជ្ញាធរវៀតណាម បានកំទេចសត្វមាន់ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល ។ ដូច្នេះ ដើម្បីការពារជំងឺនេះ ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត បង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំ ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាមដូចជា៖ ខេត្តកណ្តាល, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពត ,រតនគីរី ,មណ្ឌលគីរី, កែប, និងខេត្តតាកែវ ដោយមិនត្រូវទទួលទានសត្វបក្សីឈឺ ឬងាប់ ត្រូវចំអិនឲ្យបានឆ្អិនល្អ, ត្រូវលាងដៃ ឲ្យបានញឹកញាប់ជាមួយ និងសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបក្សី ។

បើបុគ្គលណាម្នាក់ មានគ្រុនក្តៅលើសពី ៣៨.៥ អង្សារសេ ក្អក ពិបាកដកដង្ហើម និង មានប្រវត្តិប៉ះពាល់ ជាមួយបសុបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទំនាក់ទំនងទូរស័ព្ទ ទាន់ហេតុការណ៍១១៥ ឬទូរស័ព្ទ ០១២ ៤៨៨ ៩៨១ / ០១២ ៨៣៦ ៨៦៨ ៕

To Top