ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវស្មើភាពគ្នា ចំពោះមុខច្បាប់

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវស្មើភាពគ្នា ចំពោះមុខច្បាប់

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវស្មើភាពគ្នា ចំពោះមុខច្បាប់https://dap-news.com/national/2020/02/27/36167/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 27 កុម្ភៈ 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវស្មើភាពគ្នា ចំពោះមុខច្បាប់ ក្នុងការអនុវត្តន៍ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជាពិសេស ចូលរួមទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជា ។

ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យមន្ដ្រី របស់ក្រសួងមហាផ្ទៃ ទាំងអស់ ត្រូវប្រកាន់នូវសីលធម៌ និងវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាប្រជាពលរដ្ឋខ្មែរ រស់នៅដោយសុខសាន្ដ គ្មានការភ័យខ្លាច ។

សម្ដេច មានប្រសាសន៍ថា “មនុស្សទាំងអស់ តាមគោលការណ៍ច្បាប់ គឺស្មើភាពគ្នាចំពោះមុខច្បាប់ អាហ្នឹងមួយ នគរបាលត្រូវស្ដាប់ឲ្យក្ដាប់នៅនឹងកន្លែង ស្មើភាពគ្នាចំពោះមុខច្បាប់ ឥឡូវហ្នឹងអ្នកឈរតាមដងផ្លូវសក្តិប៉ុន្មាន? ហើយមន្ដ្រីចរាចរណ៍យើងសក្តិប៉ុន្មាន?។ប៉ុន្ដែអ្នកធ្វើដំណើរ ប្រជាជនក៏មាន មន្ដ្រីរាជការធំក៏មាន មន្ដ្រីរាជការតូចក៏មាន ដូច្នេះគឺស្មើភាពគ្នាចំពោះមុខច្បាប់”។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង លើកឡើងទៀតថា អ្នកធ្វើដំណើរតាមដងផ្លូវសព្វថ្ងៃខ្លាចឥទ្ធិពលប៉ូលិស ហើយធ្វើដំណើរតាមម៉ូតូ នៅពេលថ្ងៃពាក់មួកសុវត្ថិភាព ១០០% ឬ៩៩% ។ ក៏ប៉ុន្ដែនៅពេលយប់ អ្នកធ្វើដំណើរតាមម៉ូតូ មិនសូវពាក់មួកសុវត្ថិភាពទេ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់ក៏ច្រើនផងដែរ ។ ដើម្បីឲ្យពួកគាត់ គោរពច្បាប់ចរាចរណ៍ ទាំងពេលយប់ និងពេលថ្ងៃ ។

សម្ដេចក្រឡាហោម អំពាវនាវ ឲ្យភាគីពាក់ព័ន្ធ បន្ដរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

សម្ដេចបញ្ជាក់ថា សមត្ថកិច្ចត្រូវគោរពប្រជាពលរដ្ឋ ត្រូវលើកដៃគោរពពួកគាត់ ហើយត្រូវណែនាំពួកគាត់ នៅពេលធ្វើខុសទៅនឹងច្បាប់ ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានកំណត់ យកឆ្នាំ២០២០នេះ “ជាឆ្នាំនៃការរឹតបន្ដឹង អនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក” ដើម្បីជំរុញទប់ស្កាត់និងកាត់បន្ថយឲ្យបានជាអតិបរមានូវកំណើនគ្រោះថ្នាក់ កំណើនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក សំដៅរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕ អេង ប៊ូឆេង

To Top