ភ្នំពេញ៖រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១០ បានស្នើសុំព្យួរការងារជាបណ្ដោះអាសន្ន ដោយមិនបានព្យួរ១០០គាគរយឡើយ គឺព្យួររតាមផ្នែក នៃសង្វាក់ផលិតកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់កម្មករ ប្រមាណជា៣០០០នាក់។
ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត ។ឆ្លើយតបភ្លាមៗ ទៅកាន់មិត្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រើប្រាស់យន្តហោះ របស់ប្រទេសកម្ពុជានិងចិន ទៅដឹកជញ្ជូនវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់នៅកម្ពុជា ឲ្យបានលឿនបំផុត ដើម្បីបញ្ចៀសការ បិទរោងចក្របណ្ដោះអាសន្ន។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ បានថ្លែងថាឥទ្ធិពលនៃវីរុសកូរ៉ូណា អាចនឹងបណ្ដាលឲ្យរោងចក្រ ប្រហែលជាជិត២០០ នឹងរងផលប៉ះពាល់ ប្រឈមជាមួយនឹងការបិទទ្វារ បណ្ដោះអាសន្ននៅក្នុងខែ មីនា ឆ្នាំ២០២០ខាងមុខ ប៉ះពាល់ ដល់កម្មករនិយោជិត ក្នុងករណីអាក្រក់ប្រហែលជា១៦ម៉ឺននាក់ ព្រោះខ្វះនូវវត្ថុធាតុដើមដើម្បីផលិត ។
លោកបន្តថា សង្វាក់ផលិតកម្មនៅប្រទេសចិន បាននិងកំពុងចាប់ផ្ដើមដំណើរការ ហើយរាជរដ្ឋាភិបាល ក៏បានខិតខំប្រើប្រាស់នូវមធ្យោបាយ ដើម្បីពន្លឿន ការផ្គត់ផ្គង់ វត្ថុធាតុដើមនេះផងដែរ។ លោកសង្ឃឹមថា កម្ពុជានឹងមានអាទិភាព ទទួលបានវត្ថុធាតុដើមពីប្រទេសចិន មុនបណ្ដាប្រទេសនានា។
អ្នកនាំពាក្យបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងបានដាក់ចេញវិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះគ្រប់មន្ទីរការងាររាជធានី-ខេត្ត ក៏ដូចជានាយកដ្ឋានអធិការកិច្ច ដើម្បីធ្វើការប្រាស្រ័យ ទាក់ទងជាមួយនឹង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ដូចជាម្ចាស់រោងចក្រកាត់ដេរ ទាំងអស់ដើម្បីដឹង អំពីស្ថានភាពស្តុកទុកទំនិញ របស់រោងចក្រនីមួយៗនោះផងដែរ។
លោកបន្ថែមថា “តាមការជាក់ស្ដែង គិតត្រឹមព្រឹកមិញនេះ មានរោងចក្រចំនួន១០ បានចាប់ផ្ដើម ស្នើសុំព្យួរការងារ ក៏ប៉ុន្តែមិនមែនព្យួរ ១០០%ទេ គឺព្យួរ ដោយផ្នែកនៃសង្វាក់ផលិតកម្ម បើគិតជារោងចក្រគឺថា មាន១០ ក៏ប៉ុន្តែគិតពីចំនួនកម្មករនិយោជិត ដែលផ្អាកតាមផ្នែកនេះ គឺមានត្រឹមតែប្រហែលជា ៣០០០នាក់នៅឡើយទេ”។
លោកថា តាមតួលេខនេះ ក្រសួងបាននិងកំពុង ធ្វើការសម្របសម្រួលជាមួយ ម្ចាស់រោងចក្រ ដើម្បីធ្វើយ៉ាងណា ដោះស្រាយប្រាក់បៀវត្ស ក៏ដូចជា អត្ថប្រយោជន៍ ផ្សេងៗទៀត ជូនដល់កម្មករ ដែលត្រូវបានព្យួរការងារបណ្ដោះអាសន្ន ហើយក្រសួងបានរៀបចំក្រុមការងារ ដើម្បីធ្វើការទំនាក់ទំនង ធ្វើការចុះឈ្មោះអ្នក ដែលត្រូវបានព្យួរការងារ ដើម្បីឲ្យពួកគេបានរៀន វគ្គបណ្ដុះបណ្ដាជំនាញទុន ដើម្បីទទួលបាន នូវប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោកបញ្ជាក់ថា បើមានករណី មានមន្ទីរពេទ្យរដ្ឋណា (ចុះកិច្ចព្រមព្រៀង ជាមួយបេឡាជាតិរបបសន្តិសុខសង្គម) មានការរើសអើង ជាមួយអ្នកជំងឺ ដែលមានប័ណ្ណ ប.ស.ស ត្រូវរាយការណ៍ មកក្រសួងសុខាភិបាល ក៏បាន ឬក៏មកក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ ក៏បាន ក្រសួងនឹងធ្វើការអន្តរាគមន៍ភ្លាមៗ៕ ដោយ៖ធី លីថូ