ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវការកត់សំគាល់ ៤ចំណុចដែលរួមចំណែក ក្នុងវិស័យពុទ្ធចក្រ ក្នុងនោះដោយសារគោលនយោបាយ របស់បក្សកាន់អំណាច បានធានាសន្តិសុខ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
ការកត់សំគាល់ទាំង ៤ចំណុចរបស់សម្ដេចតេជោ ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ រួមមាន៖
១)តាមរយៈក្របខណ្ឌនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើឲ្យវិស័យទាំង ពីររីកចម្រើនទន្ទឹមគ្នា។
២)ប្រជាពលកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា របស់ខ្លួនទៅតាមការជឿជាក់ ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ។
៣)ដោយសារតែជីវភាព របស់ប្រជាពលរដ្ឋមានភាពល្អ ប្រសើរ ទើបធ្វើឲ្យពួកគាត់មាន ឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើឲ្យព្រះពុទ្ធសាសនា កាន់តែរីកចម្រើនទៅមុខ។
៤)នៅពេលវិស័យអាណាចក្រ មានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រមាន ក៏មានការរីកចម្រើនដែរ។
ជាមួយគ្នានេះ សម្តេចតេជោបានរំលឹកផងដែរ ពីវិស័យព្រះពុទ្ធសាសនា ដែលពីអតីតកាលបានទទួលរង នូវភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះទីអារាមជាច្រើន ត្រូវបានបំផ្លាញចោលស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនាត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗ រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ ៕