ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឲ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវពិនិត្យឡើងវិញ លើករណី ព្រះសង្ឃមួយចំនួន ដែលទេសនាបែបកំប្លុកកំប្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីពុទ្ធបរិស័ទព្រោះព្រះសង្ឃ មានតួនាទី អប់រំពុទ្ធបរិស័ទ ឲ្យចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសចូលរួមថែរក្សាសន្តិភាព ។
ការថ្លែង របស់សម្ដេចតេជោបែបនេះ បានធ្វើឡើង បន្ទាប់ពីសង្កេតឃើញមានព្រះសង្ឃមួយចំនួន តែងតែសម្តែងធម្មទេសនា បែបកំប្លុកកំប្លែង ដើម្បីឲ្យពុទ្ធបរិស័ទចូលចិត្ត ហើយក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមវិទ្យុ និងបណ្តាញសង្គមនានាផងដែរ ។
ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការគ្រប់គ្រងរដ្ឋមួយ ទាមទារឲ្យយើងធ្វើសុខដុមបនីយកម្ម រវាងជាតិសាសន៍ និងសាសនា ដែលជាបញ្ហាដ៏ធំ ដែលមិនក្លាយទៅជាការ បែកបាក់ជាតិ ។ នៅប្រទេសខ្លះ ជម្លោះរវាងសាសនានេះ និងសាសនានោះ បានកើតឡើង ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា គឺល្អនៅត្រង់ថា មិនមានជម្លោះសាសនាកើតឡើងទេ ។ សម្ដេចសង្កេតឃើញថា គ្រាន់តែនៅក្នុងក្របខណ្ឌ ព្រះពុទ្ធសាសនា និកាយទាំងពីរត្រូវបាន រួមរស់ជាមួយគ្នា ដោយសុខដុមរមនាទៅលើការរៀបចំ ។
សម្ដេចតេជោ បានស្នើឲ្យមានការរៀបចំ ឲ្យស្របតាមក្របខណ្ឌរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដែលចែងច្បាស់ទៅលើចំណុច ទាក់ទិនជាមួយក្រុមប្រឹក្សារាជ្យសម្បត្តិ ។ ក្នុងក្រុមប្រឹក្សារាជ្យសម្បត្តិ មានព្រះសង្ឃ ២អង្គ ក្នុងចំណោម ៩អង្គ ដែលជាអ្នកមានសិទ្ធិបោះឆ្នោត ជ្រើសតាំងព្រះមហាក្សត្រ ។ សម្ដេចថា ដោយសារព្រះមហាក្សត្រ នៅក្នុងប្រទេសរបស់យើង មិនមែនជាព្រះមហាក្សត្រ ដែលតរាជ្យសម្បត្តិ ដោយការតែងតាំង របស់ព្រះមហាក្សត្រមុន ។
សម្ដេចបន្តថា ព្រះមហាក្សត្រ នៅប្រទេសកម្ពុជា គឺរាជានិយមជាអ្នកជ្រើសតាំង ហើយករណីរាជានិយមជ្រើសតាំងនេះ ព្រះមហាក្សត្រ គ្មានព្រះរាជានុសិទ្ធិ ដើម្បីតែងតាំងរាជទាយាទ ឲ្យឡើងគ្រងរាជ្យជំនួសនោះទេ ។
សម្ដេចតេជោ ក៏បានស្នើឲ្យមានការ រៀបចំអាសនៈក្រម នៅពីរទន្ទឹមគ្នាតែម្ដង គ្រាន់តែមានឆ្វេង និងស្ដាំតែប៉ុណ្ណឹងទេ ។ ក្នុងស្មារតី នៃរដ្ឋធម្មនុញ្ញ យើងមិនអាចយកធម្មយុត្តិ ទៅគ្រប់គ្រងមហានិកាយ ហើយក៏មិនអាចយកមហានិកាយ ទៅគ្រប់គ្រងធម្មយុត្តិបានដែរ គឺទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជាការប្រសើរ ។
សម្ដេចបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ សូមស្នើសុំពីព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចំណុចសំខាន់របស់យើង តើត្រូវចាប់ផ្ដើមពីអ្វី?ចំណុចដែលយើងត្រូវឃើញថា ចាប់ផ្ដើមពីសន្តិភាពនេះ ទើបយើងមានសភាពការណ៍ដូចសព្វថ្ងៃ រឿងនេះព្រះសង្ឃមានភារកិច្ច ដែលត្រូវចូលរួមដើម្បី ថែរក្សាសន្តិភាពរបស់ប្រទេស» ។
សម្ដេចបន្ថែមថា យើងបានឃើញហើយថា វិស័យសាសនារបស់យើង មិនថាតែព្រះពុទ្ធទេ គ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ដោយឆ្លងកាត់ដំណាក់កាល សង្គ្រាមដ៏យូរលង់របស់កម្ពុជា ធ្វើឲ្យទឹកដីត្រូវបានបែងចែក ព្រះសង្ឃខ្លះនៅភាគីនេះ ព្រះសង្ឃខ្លះនៅភាគីនោះ ហើយក៏មានព្រះសង្ឃខ្លះនៅក្នុងតំបន់ ដែលមានសង្គ្រាម ដូច្នេះយើងមិនត្រូវបណ្ដែតបណ្ដោយ ឲ្យប្រទេសរបស់យើងកើតឡើង នូវការបែកបាក់ថែមទៀត ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម ។
សម្ដេចតេជោថ្លែងថា «ព្រះសង្ឃមានតួនាទី ដើម្បីអប់រំពុទ្ធបរិស័ទ ដើម្បីចូលរួមកាពារ ជាតិ សាសនា ព្រះមហាក្សត្រ ។ ដើម្បីការពារនូវ ជាតិ សាសនា ព្រះមហាក្សត្រ ដំបូងបំផុតត្រូវការពារ សន្តិភាពឲ្យបានសិន បើការពារសន្តិភាពមិនបានទេ គឺមានការលំបាកហើយ បានជាត្រូវដៅឲ្យចំចំណុចថា បើរដ្ឋដើរខុស សាសនានឹងរលាយតែម្ដង» ។
សម្ដេចលើកឡើងថា ជាក់ស្ដែងនៅពេលដែលគេ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដមសីហនុ ធ្វើឲ្យប្រទេសយើងមានសង្គ្រាម ហើយទីតាំងវត្តអារាម វិហារសាសនាគ្រឹស្ត និងវិហារសាសនាឥស្លាមមួយចំនួន ត្រូវក្លាយជាទីតាំងកងទ័ព មួយចំនួនទៀតត្រូវ ក្លាយជាទីតាំងគោលដៅ ទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកាំភ្លើងតូច-ធំ ។ វត្តអារាមកើតឡើង ដោយសារការដឹកនាំត្រូវ ខាងផ្នែកអាណាចក្រ ទើបគ្រប់សាសនាមានការរីកចម្រើន ។
សម្ដេចតេជោ គូសបញ្ជាក់ថា «តាស៊ុចទេសនាកំប្លុកកំប្លែងហ្នឹង ខ្ញុំព្រះករុណាខ្ញុំចេះតែចង់សួរថា ត្រឹមត្រូវ ឬអត់ ហើយបើមិនត្រូវទេដល់ពេល អនុសង្ឃវចរៈ គឺលេងតែម្ដងទៅ ដល់ពេលចាប់ផ្ដើមសម្ដែងធម្មទេសនា ក៏ច្រៀងតាមចឹងទៅ ចាបយំល្លើយៗ ព្រះសង្ឃខ្លះក៏ទេសនា តាមរបៀបកំប្លែងទៅ ហើយពុទ្ធបរិស័ទ ក៏ចេះតែសើចសប្បាយ ដល់ចឹងទៅជាដណ្ដើមការងារ ព្រហ្ម ម៉ាញអស់ទៅ ចឹងទេក៏គិតទៅដល់ពេល អនុសង្ឃវចរៈ មន្ត្រីសង្ឃទូទាំងប្រទេស ក៏គួរតែត្រូវពិនិត្យកែលម្អកន្លែងហ្នឹង ក្រសួងធម្មការក៏ត្រូវពិនិត្យថា តើត្រូវនឹងបែបបទព្រះពុទ្ធសាសនា ឬអត់ បើឡើងគ្រែទេសនា ហាក់ដូចជាឡើងគ្រែកំប្លែង ខ្ញុំមិនហ៊ានថាម៉េចទេ ទុកព្រះសង្ឃបកស្រាយទៅចុះ» ។
ក្នុងឱកាសនោះដែរ សម្ដេចតេជោថ្លែងបញ្ជាក់ថា និយាយជារួម និងនិយាយដោយឡែក សាសនាមានការរីកចម្រើន អាចវាស់ស្ទង់ទៅលើ ចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ទី១.តាមរយៈក្របខណ្ឌនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើឲ្យវិស័យទាំង ពីររីកចម្រើនទន្ទឹមគ្នា ទី២.ប្រជាពលកម្ពុជាមាន សិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា របស់ខ្លួនទៅតាមការជឿជាក់ ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ ទី៣.ដោយសារតែជីវភាព របស់ប្រជាពលរដ្ឋមានភាពល្អ ប្រសើរ ទើបធ្វើឲ្យពួកគាត់មាន ឱកាសក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើឲ្យព្រះពុទ្ធសាសនា កាន់តែរីកចម្រើនទៅមុខ និងទី៤.នៅពេលវិស័យអាណាចក្រ មានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រមានក៏មានការរីកចម្រើនដែរ ៕ដោយ៖ ខា ដា