ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបនាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោក ជប៉ុន

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោក ជប៉ុន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការរយៈ ០៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ ដែលនេះគឺជាជំហានថ្មីមួយទៀត នៅក្នុងការជំរុញកិច្ចទំនាក់ទំនងយោធា និងយោធារវាងប្រទេសកម្ពុជា-ជប៉ុន ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះ កងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានជួយគាំទ្រលើវិស័យ ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលរយៈពេលវែង និងជំនាញផ្សេងៗ ក្នុងនោះក៏មានជំនាញវិស្វកម្ម ដែលជាផ្នែកមួយនៃ ការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា នៅក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវភាពសប្បាយរីករាយ ចំពោះដំណើរបំពេញទស្សនកិច្ចលើកទី១នេះ ព្រមជាមួយនឹងការកត់សម្គាល់ចំពោះ ការអភិវឌ្ឍរីកចម្រើនខ្លាំងរបស់ប្រទេសកម្ពុជា និងបានគោរពកោតសរសើរចំពោះភាពជាដៃគូ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា-ជប៉ុន ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសផ្តើមចេញពីចំណងមិត្តភាព ផ្ទាល់រវាងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ។

នាយឧត្តមសេនីយ៍ YUASA Goro ក៏បានបញ្ជាក់ថា កងស្វ័យការពារជើងគោកជប៉ុន នឹងបន្តខិតខំប្រឹងប្រែងធ្វើឱ្យ ទំនាក់ទំនងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការនានា ឱ្យបានកាន់តែច្រើនឡើង បន្ថែមទៀត ៕

To Top