ព័ត៌មានជាតិ

មេសហជីព ស្នើក្រសួងការងារ ដាក់ចេញវិធានការ ២ចំណុច ដើម្បីបញ្ចៀសការខាតបង់ អត្ថប្រយោជន៍របស់កម្មករ

ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានស្នើឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដាក់ចេញនូវវិធានការសំខាន់ៗចំនួន ២ចំណុច ដើម្បីបញ្ចៀសការខាតបង់ អត្ថប្រយោជន៍របស់កម្មករ និងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករក្នុងការ ដាក់ពាក្យចូលរៀនជំនាញផ្សេងៗ តាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ មីនានេះថា ខ្ញុំសូមស្នើ អោយក្រសួងការងារ ដាក់ចេញនូវវិធានការ ២ចំនុច បន្ថែមទៀត រួមមាន ៖

១- ត្រូវហាមឃាត់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសដែលប្រឈម និងការព្យួរការងារ ដោយមូលហេតុខ្វះនៅវត្ថុធាតុដើមដែល ជាសរសៃរឈាមនៃចង្វាក់ផលិតកម្ម ដែលបណ្តាលមកពីផលប៉ះពាល់នៃជម្ងឺ Covid-19 មិនត្រូវយកឪកាសនេះ ធ្វើជាលេសក្នុងការបញ្ឈប់ ឬបញ្ចប់កិច្ចសន្យាការងារ កម្មករនិយោជិត ដើម្បីគេចវេស ពីការបង់ប្រាក់ឈ្នួល ៤០ភាគរយ ដល់កម្មករនោះទេ។

២- ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនក្នុងការដាក់ពាក្យ ចូលរៀនជំនាញផ្សេងៗ និងទទួលបាននូវប្រាក់ឧបត្ថម្ភ ២០ភាគរយ បន្ថែមពីរដ្ឋាភិបាល ក្រសួងការងារ ត្រូវរៀបចំទីកន្លែងនិងផ្តល់ គ្រូបណ្តុះបណ្តាលជំនាញផ្សេងៗ ទៅដល់ខេត្ត ក្រុង ដែលមានរោងចក្រ ។

មេសសហជីពរូបនេះ បានសង្កត់ធ្ងន់ថា “វិធានការទាំង ២ចំនុច ខាងលើនេះ និងធ្វើអោយបងប្អូនកម្មករ កាន់តែមានភាពកក់ក្តៅ និងចូលរួមសិក្សាជំនាញផ្សេងៗ ដែលរៀបចំដោយ ក្រសួងការងារកាន់តែច្រើន” ។

សូមរំលឹកថា ក្នុងពិធីថ្លែងសារ ពិសេសរបស់សម្ដេច ហ៊ុន សែន អំពីស្ថានការណ៍ចុងក្រោយជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្តេច ហ៊ុន សែន បានលើកឡើងថា ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យូរការងារ ដោយសារខ្វះវត្ថុធាតុដើម ដោយសារវីរុសកូរ៉ណា និង EBA នោះ កម្មករកម្មការិនីកាត់ដេរ នឹងទទួលប្រាក់ខែ ៦០% លើប្រាក់ខែអប្បបរមា ដោយនៅក្នុងនោះប្រាក់ខែ ៤០% ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់ ២០% ទៀត ទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ៕

To Top