ព័ត៌មានជាតិ

នាវាទេសចរណ៍ មួយគ្រឿង នាំអ្នកដំណេីរជាង ១ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ

ភ្នំពេញ៖ នាវាទេសចរណ៍ មួយគ្រឿងមានឈ្មោះ VASCO DE GAMA បាននាំអ្នកដំណេរចម្រុះជាតិសាសន៍ជាង ១.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ។ នេះបេីយោងតាម AKP ។

នាវាទេសចរណ៍ VASCO DE GAMA មានសញ្ជាតិ BAHMAS មានបណ្តោយប្រវែង ២១៩.៤០ម៉ែត្រ ទទឹង ៣០.៨០ម៉ែត្រ ជម្រៅទឹក ៧.៨០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ ១៣សញ្ជាតិ មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ កាលពីម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ នាវានេះមានគម្រោងចាកចេញ ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែល ។

ភ្ញៀវទេសចរធ្វើដំណើរតាមនាវា VASCO DE GAMA មានចំនួន ៦៩៦នាក់ ស្រី ៣៧៧នាក់ មាន ១៣សញ្ជាតិ និងមាន នាវិកសរុបចំនួន ៥៥០នាក់ ស្រី ៧១នាក់ មាន ២៨សញ្ជាតិ ។

ក្នុងឱកាសចូលចតរបស់នាវា VASCO DE GAMA នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានមួយចំនួន មានដូចជា វត្តក្រោម ឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៣ ផ្សារលើក្រុងព្រះសីហនុ និងតំបន់រមណីយដ្ឋានរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទន្ទឹមនឹងនោះបញ្ហាសុខភាពរបស់ភ្ញៀវទេសចរបរទេសតាមនាវា ក៏ត្រូវបានត្រួតពិនិត្យ ដើម្បីធានាសុខុមាលភាព សម្រាប់ប្រជាពលរដ្ឋ ខេត្តព្រះសីហនុផងដែរ ៕

To Top