ភ្នំពេញ ៖ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ចំណូលចូលអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា មានការធ្លាក់ចុះបន្ដិចដោយសារបញ្ហា ជំងឺកូរ៉ូណាប្រភេទថ្មី ឬហៅថាកូវីដ១៩ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងាររបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោក គុណ ញឹម បានថ្លែងថា ចំណូលចូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការធ្លាក់ចុះ កាលពីខែកុម្ភៈ កន្លងទៅដោយសារកត្តា៣ផ្សេងៗគ្នា។
លោក គុណ ញឹម មានប្រសាសន៍ថា «ខែមួយ (មករា) តួលេខល្អ ខែពីរនេះ (កុម្ភៈ) ដោយសារប៉ះពាល់ខ្លាំង ពីការធ្លាក់ទេសចរណ៍ផង ហើយកូវីដ១៩ធ្លាក់ចុះ ។ ខែពីរនេះចំណូល របស់យើងទាបជាងផែនការបន្ដិច ។ ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ គឺត្រូវប្រមូលឲ្យបាន ២៩០០លានដុល្លារ ។ បើសិនគិតជាមធ្យមប្រចាំខែ យើងត្រូវប្រមូលឲ្យបានជិត ២៥០លានដុល្លារ សម្រាប់ខែមួយ យើងប្រមូលបាន ២៥៥លានដុល្លារ មានន័យថា លើសផែនការបន្ដិច ។ប៉ុន្ដែសម្រាប់ខែពីរ យើងប្រមូលបានតែ២៣៥លានដុល្លារទេ ដូច្នេះខ្វះបន្ដិច»។
បន្ថែមពីនេះ លោក គុណ ញឹម បញ្ជាក់ថា ភាគីពាក់ព័ន្ធបានរៀបចំច្រកសំខាន់ បន្ថែមទៀត ដើម្បីនាំចេញវត្ថុធាតុដើម ពីព្រោះវត្ថុធាតុដើមជាកត្តា អាទិភាពមុនគេ។
លោកថាបញ្ហាជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងសាកលលោកព្រមទាំង កម្ពុជាផងដែរ ។
លោកបញ្ជាក់ថា «យើងតាមដាន ជារៀងរាល់ថ្ងៃ ពីមួយថ្ងៃ ទៅមួយថ្ងៃ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ ឃើញថា សញ្ញាល្អ ឡើងវិញហើយ ឃើញវត្ថុធាតុដើម ចាប់ផ្ដើម មកវិញ ។ ហើយយើងត្រៀមថា បើសិនជាសម្រុកមកច្រើន យើងត្រៀមម៉ោងរដ្ឋបាល អាចធ្វើការដល់ម៉ោង១១ ឬ១២យប់។ហើយធ្វើយ៉ាងណា កប៉ាល់មកដល់ភ្លាមៗ លើកដាក់ឡានរួចដឹកយកចេញពីកំពង់ផែ ទៅរោងចក្រ» ។
ចំណែកលោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឲ្យដឹងថា ឆ្នាំ២០២០នេះកម្ពុជា បានត្រៀម ខ្លួនរួចជាសម្រេច ចំពោះហានិភ័យនានា ដែលអាចកើតមានឡើងបាន ជាពិសេស ហានិភ័យជាសាកល ព្រមទាំង ហានិភ័យផ្សេងៗទៀត ។
លោករំលឹកថា ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ កម្ពុជាសម្រេចបាន នូវកំណើន សេដ្ឋកិច្ច ក្នុងរង្វង់៧,៧% ដែលជាកំណើន មួយខ្ពស់បំផុត ព្រមទាំង ធ្វើឲ្យកម្ពុជា សម្រេច ឋានៈជាប្រទេសចំណូល មធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥ ។ ទន្ទឹមនឹងនេះ អត្រាផរណា មធ្យម ប្រចាំឆ្នាំបន្ដស្ថិតនៅកម្រិតទាប ហើយអត្រាប្ដូរប្រាក់ នៅបន្ដមានស្ថេរភាព ។
លោកបន្ដថា នៅឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាបន្ដមានកំណើនខ្ពស់ ក្នុងអត្រា៧.១% ដែលធ្វើឲ្យផលិតផលសរុបក្នុងស្រុក សម្រាប់មនុស្សម្នាក់ៗកើនឡើងដល់ ១៩៧៩ដុល្លារ ក្នុង១ឆ្នាំ។ក្នុងនោះ អត្រា ភាពក្រីក្រត្រូវបានកាត់បន្ថយ មកនៅត្រឹមក្រោម១០% ។
លោកបន្ថែមថា បើពិនិត្យទៅលើទិដ្ឋភាពកៀងគរថវិកាជាតិ និងគ្រប់គ្រងសម្បត្តិរដ្ឋ គិតពីឆ្នាំ២០១៣ដល់២០១៨ ចំណូលថវិការដ្ឋបានកើនឡើង ជាងពីរដង ចាប់ពី ជាង ២ពាន់លានដុល្លារ ដល់ជាង៤ពាន់លានដុល្លារ ៕
ដោយ៖ អេង ប៊ូឆេង