នយោបាយ

លោក កឹម សុខា អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ជំងឺCovid-19 ដោយកុំប្រកាន់និន្នាការនយោបាយ

ភ្នំពេញ៖ លោក កឹម សុខានៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នេះ បានអំពាវនាវឲ្យគ្រប់ភាគី ពាក់ព័ន្ធរួមគ្នា ទប់ស្កាត់កុំឲ្យមានការ រីករាលដាលនូវជំងឺCovid-19 ដោយធ្វើយ៉ាងណា កុំប្រកាន់និន្នាការនយោបាយ។

ក្នុងនោះលោកក៏ផ្តាំ ទៅបុគ្គលខ្លះ កុំយកពេលវេលានេះ ឆ្លៀតឱកាសកេងចំណេញ ផ្នែកនយោបាយ ដើម្បីវាយប្រហារ រាជរដ្ឋាភិបាលផងដែរ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោក កឹម សុខា លើកឡើងថា ពេលនេះពិភពលោក កំពុងតែប្រឈមនឹង ការរីករាលដាលនៃជំងឺ Covid-19 ដែល មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតមនុស្សលោក នោះទេ ។ លើសពីនេះទៅទៀត អាចនាំឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅ របស់មនុស្សជាច្រើនទៀតផង ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរផងដែរ។

លោកថា “ខ្ញុំយល់ឃើញថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈម ទាំងពីរខាងលើ(ជំងឺនិងសេដ្ឋកិច្ច) ដែលប៉ះពាល់ដល់ ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ដោយកុំប្រកាន់និន្នាការ នយោបាយ ។កុំប្រើប្រាស់បញ្ហានេះ បំផ្លើសបំភ្លៃ ដើម្បីកេងចំណេញ នយោបាយ វាយប្រហារគ្នា ដោយអសីលធម៌”។

លោកបង្ហាញការគាំទ្រ ចំពោះកម្ពុជា ដែលពេលនេះផ្តល់អាទិភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងលើកទឹកចិត្ត ដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្ម បានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។

ជាពិសេសលោកអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ត្រូវថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ ទប់ស្កាត់នូវជំងឺរាតត្បាតនេះ។

ជាមួយគ្នានេះដែរ លោកបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ បារមីវត្ថុសក្កិសិ សូមឲ្យប្រជាពលរដ្ឋខ្មែរមានសុខភាព ល្អជាពិសេសចៀសផុតពីជំងឺCovid-19និងឲ្យមានជីវភាព រស់នៅប្រសើរឡើង កុំឲ្យជួបប្រទះនូវវិបត្តិ សេដ្ឋកិច្ចឲ្យសោះ។

សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃ៦ មីនា នេះ អ្នកឆ្លងជំងឺកូវីដ១៩ មានជាង៩៨.០០០ នាក់។ អ្នកជំងឺធ្ងន់ធ្ងរ៦.៤៨៧ នាក់ និងស្លាប់៣.៣៥៦ នាក់។ ក្នុងនោះប្រទេសមានអ្នកឆ្លងច្រើនជាងគេគឺកូរ៉េខាងត្បូងចំនួន ៦.០៨៨ នាក់។ អាល្លឺម៉ង់ ៥៤៥ នាក់។ បារាំង ៤២៣នាក់។ ចំណែកសហរដ្ឋអាមេរិក ស្លាប់១២នាក់ និងឆ្លង២២១នាក់ ៕

To Top