ភ្នំពេញ៖ ព្រះអង្គ ភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀតបានបញ្ចប់ការសិក្សាថា្នក់ ក្រោយបណ្ឌិត Post-Doctoral Research Fellowship ឬ ហៅកាត់ថា Postdoc នៅសាកលវិទ្យាល័យ Harvard ជាប់ជាស្ថាពរហើយ ក្រោយពីតស៊ូសិក្សាអស់រយ:ពេលជាង ៣ឆ្នាំ ក្រោមការឧបត្ថម្ភពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ព្រមទាំងព្រះសង្ឃ និង ពុទ្ឋបរិស័ទទាំងក្នុងនិងក្រៅប្រទេសផងដែរ។
នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ ភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត បានសរសេរថា “ ខ្ញុំបានធ្វើបទបង្ហាញចុងក្រោយ ដើម្បី បញ្ចប់ការសិក្សាថា្នក់ ក្រោយបណ្ឌិត Post-Doctoral Research Fellowship ឬ ហៅកាត់ថា Postdoc នៅសាកលវិទ្យាល័យ Harvard បានជាប់ជាស្ថាពរហើយ ក្រោយពីសិក្សាអស់រយ:ពេលជាង ៣ឆ្នាំ ។ ការសិក្សានេះ ប្រព្រឹត្តទៅបានប្រកបដោយជោគជ័យ គឺអាស្រ័យដោយមានការឧបត្ថម្ភរបស់ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃ កម្ពុជា និង លោកស្រី ខៀវ ស៊ីណា ព្រមទាំងព្រះសង្ឃ និង ពុទ្ឋបរិស័ទទាំងក្នុងនិងក្រៅប្រទេស ។ សូមថ្លែងអរគុណចំពោះ លោក ជា ចាន់តូ និង លោកស្រី ព្រមទាំងអ្នកមានគុណូបការៈ ទាំងអស់ដោយជ្រះថ្លាបំផុត ។ អរគុណសាកលវិទ្យាល័យ Harvard ដែលបានផ្ដល់អាហារូបករណ៍ដល់រូបខ្ញុំ “ ។
បន្ទាប់មក លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងទទួលបន្ទុក ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានសរសេរថា “ខ្ញុំព្រះករុណា ព្រើន សុវង្ស សូមអបអរសាទរយ៉ាងក្រៃលែងចំពោះ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានបញ្ជប់ការសិក្សា ថា្នក់ក្រោយបណ្ឌិត Post-Doctoral Research Fellowship នៅសាកលវិទ្យាល័យ Harvard “ ។
តាមរយៈសារទាំង ២នេះ គឺជាដំណឹងមោទនភាព សម្រាប់ព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាប្រទេសខ្មែរទាំងមូល ដោយហេតុថា សម្រាប់ព្រះពុទ្ធសាសនានិកាយថេរវាទ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត គឺជាព្រះសង្ឃខ្មែរទី ១ ដែលសាកលវិទ្យាល័យ Harvard ផ្តល់អាហារូបករណ៍ សិក្សា និង បានបញ្ចប់កម្រិតថ្នាក់ក្រោយបណ្ឌិត ឬ Post Doctoral Research Fellowship លើឯកទេសទស្សនវិជ្ជាព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនចាប់តាំងពីសាកលវិទ្យាល័យនោះ បានបង្កើតក្នុងឆ្នាំ១៦១៣ ។
• អំពីភិក្ខុ ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត៖
ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ប្រសូត្រក្នុងត្រកូលគ្រួសារកសិករ នៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាកូនទីពីរ នៃ គ្រួសារដែលមានបងប្អូន ៥ នាក់ ។ ព្រះអង្គបានបួស និង សិក្សាក្នុងជំរំជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ ១៩៩១ ជាទីដែលព្រះអង្គមានឱកាសសិក្សាទាំង ព្រះធម៌ ភាសាបាលី និង ភាសាអង់គ្លេស ហើយព្រះអង្គធ្លាប់មានព្រះថេរដីកាថា “ កាលណោះ អាត្មាភាព តែងតែឮអ្នកនៅក្នុងជំរំនិយាយពីប្រទេសអភិវឌ្ឍថា ដូចឋានទេវតា ! ដូច្នេះអាត្មាតែងស្រមៃរហូតដល់មានឱកាសទៅបន្តការសិក្សា នៅស្រីលង្កា “ ។
ក្រោយព្រះអង្គបានបញ្ចប់ ការសិក្សាថ្នាក់ឧត្តម និង ក្រោយឧត្តមសិក្សាជាង ៦ ឆ្នាំនៅស្រីលង្កា រួចនិមន្តត្រឡប់មកមាតុភូមិកំណើតវិញ ព្រះអង្គពុំបានបញ្ឈប់ការ សិក្សាត្រឹមកម្រិតនេះឡើយ ។ អំឡុងពេលសិក្សាក្នុងឆ្នាំ ២០០៣ ដល់ ២០០៦ ព្រះអង្គ ក៏ជាប្រធានពុទ្ធិសមាគមសមណនិស្សិតខ្មែរ ស្រីលង្កាផងដែរ ។ ដោយបានបួសក្នុងព្រះពុទ្ធចក្រជាង ២០ ឆ្នាំមកនេះ ព្រះអង្គបានលះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត រួមចំណែកលើកកម្ពស់ព្រះពុទ្ធសាសនា នៅកម្ពុជា។
ឆ្នាំ២០០៨ ព្រះអង្គគឺជា គ្រូពុទ្ធិកឧត្តមសិក្សាទស្សនវិជ្ជា នៃ ក្រសួងធម្មការ និងសាសនា ហើយក្នុង ២០១០ ព្រះអង្គស្វះស្វែងរហូតទទួលសញ្ញាបត្រកម្រិតឧត្តម នៅសាលាភូមិន្ទរដ្ឋបាល និង បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ ២០១៤។
ការព្យាយាមសិក្សាស្រាវជ្រាវ ទាំងថ្ងៃយប់ក្នុងវិស័យពុទ្ធចក្រតាំងពីកុមារភាពរហូតមក នាំឲ្យព្រះភិក្ខុបណ្ឌិត យ៉ន សេងយៀត មានចំណេះជំនាញ និងសមត្ថភាពកាន់កិច្ចការ សិក្សាអប់រំព្រះសង្ឃកម្រិតឧត្តមសិក្សា ក្នុងក្រសួងធម្មការ និងសាសនា ។
ក្នុងឆ្នាំ២០០៦ ដល់បច្ចុប្បន្ន ព្រះអង្គជា សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។ ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ព្រះអង្គ គឺជាព្រឹទ្ធបុរសរងភាសាអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាថែមទៀត។
ក្រៅពីតួនាទីក្នុងវិស័យអប់រំនេះ ព្រះអង្គមានតួនាទីជា អគ្គលេខាក្រុមប្រឹក្សាអន្តរសាសនាស មាជិកប្រតិបត្តិ នៃ ក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បី សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរីញ៉ូយ៉ក សហរដ្ឋអាមេរិក លេខាផ្ទាល់ និងជាអ្នកបកប្រែភាសាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ និងប្រធានពុទ្ធិសមាគមកម្ពុជរដ្ឋ។
ព្រះអង្គមានដីកាពីមូលហេតុនាំឲ្យ ព្រះអង្គមានឆន្ទៈស្វះស្វែងសិក្សារហូតមក ព្រោះព្រះអង្គចង់រួមចំណែក លើកកម្ពស់ពុទ្ធសាសនា និងអប់រំពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសថា “យើងឃើញមនុស្សលង់ទឹក យើងមិនចេះហែលទឹក តើយើងចុះទៅជួយមនុស្សម៉្តេចកើត ? ព្រះពុទ្ធចង់ឲ្យអ្នកបួសក្នុងពុទ្ធសាសនា គឺព្រះសង្ឃចេះដឹង ក្លាយជាវិញ្ញូជន។ ព្រះសង្ឃត្រូវអភិវឌ្ឍខ្លួនឲ្យចេះដឹង ជាមនុស្សមានបញ្ញា ដើម្បី ចូលរួមជួយ អភិវឌ្ឍន៍សង្គម ដើម្បី បង្រៀនព្រះសង្ឃក្មេង បង្រៀនពុទ្ធបរិស័ទ អាត្មា ខ្លួនឯងត្រូវតែចេះ ! ប៉ុន្តែព្រះពុទ្ធមិនបង្រៀនព្រះសង្ឃ ឲ្យទៅជាមនុស្សសម្បូរសប្បាយ ខាងទ្រព្យសម្បត្តិទេ ! “។
វាពុំមែនជាការចៃដន្យឡើយ ដែលព្រះសង្ឃខ្មែរអង្គនេះមានឱកាស ទៅបន្តការសិក្សាក្រោយថ្នាក់បណ្ឌិត នៅគ្រឹះស្ថានសិក្សាល្បីល្បាញ មួយនៅលើពិភពលោក ។ ព្រះអង្គមានដីកាពីដំណើរស្នើអាហារូបករណ៍នេះថា ព្រះអង្គបានសរសេរគម្រោងសិក្សាស្រាវជ្រាវជាង ៣០ទំព័រ អំពីតួនាទីព្រះសង្ឃក្នុងការរក្សាសន្តិភាពនៅកម្ពុជា មុនពេលព្រះអង្គដាក់ឯកសារទាំងនោះ ស្នើសាកលវិទ្យាល័យ តាម Online ចំនួន ២លើក “ អ្វីៗទាំងអស់ វាមិនទៀង។ ទ្រឹស្តី មិនទៀង នេះ ជួយអាត្មាច្រើនណាស់ កាលណាយើងស្ថិតក្នុងការងារកាន់តែធំ ទ្រឹស្តីនេះ ជួយយើងកាន់តែខ្លាំង មានន័យថា យើងរស់នៅតាមដំណាក់កាល។ យើងត្រូវប្រកាន់គោលការណ៍របស់យើង កាលណាយើងចង់គិតពីអ្វី វាត្រូវមានមូលដ្ឋាននៃការគិត “ ។
ព្រះអង្គពន្យល់ថា ការងារសង្គម រួម ទាំងចំណេះជំនាញ និងបទពិសោធន៍ការងារជាង២០ឆ្នាំ ជួយព្រះអង្គឲ្យទទួលបានអាហារូបកណ៍នេះ “ មតិយោបល់អាត្មា សម្រាប់អ្នកសិក្សាដែលប្រាថ្នាចង់ទៅកាន់សាលាធំលើពិភពលោកគួរ ណាស់តែរក្សាកំណត់ត្រាប្រចាំថ្ងៃ ហើយប្រឡូកឲ្យមែនទែនក្នុងកិច្ចការសង្គម ជួយសង្គម តាមរូបភាពណាក៏ដោយ ទោះតិចក្តី ច្រើនក្តី ។ កិច្ចការសង្គមជាចំណែកមួយ ជួយអាត្មាឲ្យទទួលអាហារូបករណ៍ ។ សាលាធំៗ គេឲ្យតម្លៃលើការងារទាំងនេះ ព្រោះគេចង់បណ្តុះមនុស្ស ឲ្យមានចំណេះដឹងហើយ មានគុណធម៌ទៀត ។ គេសួរថា ពេលរៀនចប់តើយើងមានអ្វីជួយសង្គមជាតិវិញ ? “ ។
ជាបេក្ខជនខ្មែរតែមួយអង្គគត់ ដែលទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សាស្រាវជ្រាវ ថ្នាក់ក្រោយបណ្ឌិត (Postdoctoral research) ព្រះភិក្ខុរូបនេះ បាននិមន្តចាកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក នៅដើមខែតុលា ឆ្នាំ២០១៦ ដើម្បី បន្តការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត រយៈពេលមួយឆ្នាំ នៅសាកលវិទ្យាល័យ Harvard ។ ព្រះអង្គ បានស្រាវជ្រាវពីទស្សនវិជ្ជាព្រះពុទ្ធ រយៈពេលមួយឆ្នាំ ក្នុងសហរដ្ឋអាមេរិក ដោយផ្តោតលើតួនាទីព្រះសង្ឃក្នុងការរក្សាសន្តិភាព នៅកម្ពុជាចាប់ឆ្នាំ១៩៩២ មកដល់សព្វថ្ងៃ។
ក្រៅពីការងារសាសនា ពេលព្រឹក ព្រះអង្គតែងសិក្សាស្រាវជ្រាវពេលរសៀល ជាពិសេសពេលយប់អធ្រាត្រ “សម្រាប់អាត្មា ការសិក្សារៀនសូត្រ គឺយើងអនុវត្តតាមដំបូន្មាន របស់គ្រូ។ គ្រូប្រាប់ថា ក្នុងពុទ្ធសាសនា ពេលវេលានេះ វាទំពាស៊ីមនុស្ស មានន័យថា ពេលវេលាគ្រប់វិនាទីទាំងអស់ មានតម្លៃ ។ បើយើងប្រើពេលវេលាគ្រប់វិនាទីទាំងអស់ឲ្យមានប្រយោជន៍ វានឹងឲ្យផល ! “ ។
មុនពេលព្រះអង្គបន្តការសិក្សាស្រាវជ្រាវ ពីទស្សនវិជ្ជាព្រះពុទ្ធថ្នាក់ក្រោយបណ្ឌិតតាមរយៈ អាហារូបករណ៍សាកលវិទ្យាល័យ Harvard នៅ សហរដ្ឋ អាមេរិក ព្រះអង្គបានសិក្សាស្រាវជ្រាវ និង ចូលរួមសន្និសីទ សាសនាអន្តរជាតិជាង ៥០ប្រទេស ទូទាំងពិភពលោកដើម្បីផ្សព្វផ្សាយ លើកតម្កើងសាសនាព្រះពុទ្ធនៅកម្ពុជា។
ព្រះមុនីកោសល បណ្ឌិត យ៉ន សេង យៀត ជាលេខាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទស្សនវិជ្ជា ពីសាកលវិទ្យាល័យពុទ្ធសាសនា និងបាលីភាសា និងអនុបណ្ឌិតទស្សនវិជ្ជា ពីសាកលវិទ្យាល័យកល្យាណីយ៍ (Kelaniya) និងសញ្ញាបត្រទំនាក់ទំនងអន្តរជាតិ ពីមជ្ឈមណ្ឌល Badaranaike Center for International Studies (BCIS), Colombo ប្រទេសស្រីលង្កាព្រមទាំងថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជាទៀតផង។
ប្រធាន ពុទ្ធិសមាគមកម្ពុជរដ្ឋមានព្រះជន្មាយុ ៤១ ព្រះវស្សាអង្គនេះ ពុំភ្លេចគុណញោមប្រុសស្រី និង ពុទ្ធបរិស័ទដែលជួយជ្រោមជ្រែងឧបត្ថម្ភព្រះអង្គឲ្យបានបួសសិក្សា រៀនសូត្របានជ្រៅជ្រះ មកទល់បច្ចុប្បន្នឡើយ ៕