បច្ចេកវិទ្យា

ក្រុមហ៊ុនសែលកាត នៅតែបន្តកាន់កាប់ដំណែង “បណ្តាញទូរស័ព្ទចល័ត លឿនជាងគេបំផុត នៅកម្ពុជា”

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសាទរ ជាថ្មីម្តងទៀត នូវការទទួលពានរង្វាន់ Speedtest Award™ ជាលើកទី ៦ ប្រគល់ជូនដោយ Ookla®។ នេះបើយោងតាមការប្រកាស ឱ្យដឹងនៅក្នុង សន្និសីទសារព័ត៌មាន ជាផ្លូវការ ដែលប្រារព្ធឡើង នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ក្រុមហ៊ុន សែលកាត ត្រូវបានបញ្ជាក់ទទួលស្គាល់ ជាជ័យលាភីពានរង្វាន់ Cambodia’s Speedtest Award Winner សម្រាប់ផ្នែកល្បឿន បណ្តាញទូរស័ព្ទចល័ត ដោយយោងតាមការធ្វើតេស្ត និងតាមដានត្រួតពិនិត្យ របស់ស្ថាបន័ Ookla ដោយប្រើប្រាស់ Speedtest® នៅចន្លោះខែកក្កដា ដល់ខែធ្នូ ក្នុងឆ្នាំ ២០១៩ ។

ក្រុមហ៊ុន សែលកាត នៅតែអាចបន្តកាន់កាប់ ពានរង្វាន់នេះ រហូតមកទល់ពេលបច្ចុប្បន្ន ដោយពានរង្វាន់លើកទី ១ បានទទួលនៅក្នុងខែមេសាក្នុងឆ្នាំ ២០១៧ ពោលគឺបន្ទាប់ពីប្រព័ន្ធ 4G ត្រូវបានដាក់ពង្រាយ យ៉ាងទូលំទូលាយ ជូនអតិថិជនប្រើប្រាស់។

Ookla គឺជាក្រុមហ៊ុនឈានមុខគេ លើសកលលោក ជាមួយឯកទេស នៃការធ្វើតេស្តទៅលើកម្មវិធី ទិន្នន័យ និងការវិភាគ លើបណ្តាញទូរស័ព្ទចល័ត និងបណ្តាញអ៊ីនធើណិតថេរ។ Ookla នឹងផ្តល់ពានរង្វាន់ ជូនដល់បណ្តាប្រតិបត្តិករ ទាំងឡាយណា ដែលបម្រើជូន នូវបណ្តាញទូរស័ព្ទចល័ត លឿនជាងគេបំផុត ប្រចាំប្រទេសរបស់ខ្លួន។

របាយការណ៍ផ្លូវការ បានបង្ហាញថា ក្រុមហ៊ុន សែលកាត ទទួលបានពិន្ទុល្បឿន ១៤.៩២ ជាមួយនឹងល្បឿន ដោនឡូដជាមធ្យម ១៦,៣១ មេកាបៃក្នុង១វិនាទី (Mbps) និងល្បឿនផ្ទុកទិន្នន័យ ជាមធ្យម ១៤,៣២ មេកាបៃក្នុង១វិនាទី (Mbps)។

ក្រុមហ៊ុនសែលកាតបានឈរ នៅលំដាប់កំពូលគេ ក្នុងតារាងពិន្ទុ ក្នុងរយៈពេលបីឆ្នាំជាប់គ្នា ដោយគម្លាតពិន្ទុ បានឈ្នះដាច់ប្រតិបត្តិករផ្សេងៗ យ៉ាងឆ្ងាយតែម្តង។ យោងតាមរបាយការណ៍ ផ្តល់ជូនដោយ Ookla បានបង្ហាញថា បណ្តាញទូរស័ព្ទចល័ត របស់ក្រុមហ៊ុនសែលកាត មានល្បឿនលឿនដាច់គេ នៅតាមទីក្រុងធំៗមួយចំនួន ដោយក្នុងនោះរួម មានរាជធានីភ្នំពេញ ក្រុងប៉ោយប៉ែត និងក្រុងស្រីស៊ីសុផុន ជាដើម។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ ឱ្យកាន់តែច្បាស់ នូវការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ នូវល្បឿនអ៊ីនធើណិតដ៏លឿនបំផុត ជូនដល់អតិថិជនទាំងអស់ ដែលកំពុងមានតម្រូវការ ប្រើប្រាស់ខ្លាំង។

“តម្រូវការទិន្នន័យតាមទូរស័ព្ទ កំពុងកើនឡើង យ៉ាងគំហុក នៅក្នុងប្រទេសកម្ពុជា ហើយកាលពីឆ្នាំកន្លងទៅនេះ កំណើននៃការប្រើប្រាស់ទិន្នន័យ របស់អតិថិជនក្រុមហ៊ុនសែលកាត បានកើនឡើងរហូតដល់ទៅ ១០០០% ឯណោះ។

លទ្ធភាពក្នុងការឈ្នះ ពានរង្វាន់ជាថ្មីម្តងទៀត គឺជាសមិទ្ធិផល ដ៏អស្ចារ្យបំផុតមួយ សម្រាប់សែលកាត។ ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុននឹងនៅតែបន្តខិតខំ បម្រើជូនអតិថិជន នូវសេវាកម្មប្រកប ដោយគុណភាពល្អបំផុត ដើម្បីឈានទៅទាក់ទាញ អតិថិជនឱ្យកាន់តែច្រើនឡើង មកប្រើប្រាស់បណ្តាញ ទូរស័ព្ទចល័ត ដ៏លឿនជាងគេបំផុតមួយនេះ៕

To Top