ភ្នំពេញ៖ ក្រោយពីមានព័ត៌មានមួយចំនួន បានផ្សាយករណីបុរសម្នាក់ ដួលសន្លប់នៅមន្ទីរពេទ្យរុស្ស៊ី ថាពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ១៩ និងត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែកចាយ ជាបន្តបន្ទាប់ព្រោងព្រាត រហូតជនរងគ្រោះ ក្នុងហេតុការណ៍នេះ បានចេញមុខ បកស្រាយបដិសេធ បន្ទាប់ពីខ្លួនមានកម្លាំងឡើងវិញ ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ ក៏បានស្នើសុំ ដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំបន្ដចែកចាយ ព័ត៌មានដែលមិនពិត និងគ្មានប្រភពច្បាស់លាស់ អាចនាំឲ្យមានការយល់ច្រឡំ ពីសំណាក់ពលរដ្ឋផ្សេងទៀត ។
ជនរងគ្រោះ ដែលដួលសន្លប់ ក្នុងមន្ទីរពេទ្យរុស្ស៊ី មានឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះ មានជាតិស្ករចុះខ្សោយ ហើយគ្មានកម្លាំងកំហែង ក៏ដួលសន្លប់តែម្ដង ។
ជនរងគ្រោះឈ្មោះ ដែន ផល្លី បានចេញវីដេអូមួយ ជម្រាបដល់សាធារណជនថា “ខ្ញុំពិតជាសោកស្តាយ ចំពោះការផ្សាយព័ត៌មានបែបនេះ ដែលធ្វើឲ្យមានភាពមិនប្រក្រតី ចលាចលនៅក្នុងសង្គមយើង ខណៈពេលដែលកូវីដ១៩កំពុងវាយប្រហារ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាដួលសន្លប់ពិតមែន ដោយសារកាលពីយប់មិញ ខ្ញុំបានបញ្ជូនមកពេទ្យរុស្ស៊ី ដើម្បីមកពិនិត្យសុខភាពផ្ទាល់ខ្លួន ហើយខ្ញុំមកតែម្នាក់ឯង ហើយបងប្អូននៅខេត្តបន្ទាយមានជ័យ និងមានការហត់នឿយ និងមិនបានបរិភោគអ្វីច្រើនទេ ទើបធ្វើឲ្យខ្ញុំអស់កម្លាំង ល្ហិតល្ហៃ ខ្សោយ និងដួលសន្លប់ ហើយឥឡូវនេះ លោកគ្រូពេទ្យ បានជួយសង្រ្គោះរូបខ្ញុំរួចហើយ និងមានសុខភាពប្រក្រតីឡើងវិញ ហើយសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ថាខ្ញុំមានជំងឺកូវីដ១៩” ។
លោក ដែន ផល្លី ក៏បានអះអាងទៀតថា រហូតមកដល់ពេលនេះ លោកមានសុខភាពល្អ ធម្មតា ឡើងវិញហើយ ក្រោយទទួលបានការជួយសង្គ្រោះ និងមើលថែពីគ្រូពេទ្យជំនាញ។ លោកក៏ស្នើឲ្យមហាជនចូលរួម ទប់ស្កាត់ការចែកចាយព័ត៌មានក្លែង ដើម្បីធ្វើឲ្យមានការភ័ន្ដច្រឡំ ខណៈជំងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោក ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា “ករណីបុរសម្នាក់ដួលសន្លប់ នៅមន្ទីរពេទ្យ រុ ស្ស៊ី គឺពិតជាមានមែន កាលពីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ប៉ុន្ដែមិនមែន ជាករណីកូវីដ១៩នោះទេ ពោលជនរងគ្រោះខ្សោយកម្លាំង ហើយពេលដួលនោះទៀតសោត ខ្លួនកំពុងដើរទៅរកគ្រូពេទ្យ ដើ ម្បី ឲ្យ ជួយពិ និត្យ សុ ខភាព” ។
លោក ម៉េត មាសភក្ដី ក៏បានស្នើសុំដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំបន្ដចែកចាយនូវព័ត៌មានដែលមិនពិត និងគ្មានប្រភពច្បាស់លាស់ អាចនាំឲ្យមានការយល់ច្រឡំ ពីសំណាក់ពលរដ្ឋផ្សេងទៀត ហើយឈានទៅការចលាចល នាំគ្នាសម្រុកទិញទំនិញ គ្រឿងបរិភោគផ្សេងៗ ចំណាយថវិកាច្រើន។ លោកថា អ្វីដែលត្រូវធ្វើសំខាន់បំផុតនោះ គឺអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល៕