ភ្នំពេញ ៖ ក្រោយសង្កេតឃើញ អ្នកស្រុកស្អាង នាំគ្នាយកពូជស្ពៃក្ដោប មកពីប្រទេសចិន ទៅដាំនៅតាមមុខផ្ទះ ដើម្បីរកចំណូលបន្ថែមនោះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានលើកសរសើរថា កសិករខ្មែរឧស្សាហ៍ណាស់ ខាងដំណាំ ដូច្នេះអាជ្ញាធរ និងមន្រ្តីជំនាញ គួរលើកទឹកចិត្ត និងរកទីផ្សារជូនពួកគាត់ ។
លោក សុភាព បានលើកឡើងបន្ថែមថា ពូជស្ពៃក្ដោបនេះដាំ ប្រហែលជា២ខែ អាចប្រមូលផលបានហើយ ឈ្មួញមកទទួលទិញដល់ផ្ទះតែម្ដង ។ ចំពោះតម្លៃវិញ អ្នកស្រុកថា បានតំលៃ ១ម៉ឺនរៀល ក្នុងមួយគីឡូដោយមិនប្រើថ្នាំគីមីទេ ។ ពេលយប់ចាំចាប់ដង្កូវ ។ ពេលប្រមូលផល ឈ្មួញមកដល់ផ្ទះ ។
លោក សយ សុភាពបានបញ្ជាក់ថា “ខ្ញុំបានសង្កេតឃើញ នៅតាមមុខផ្ទះពួកគាត់ ដាំទាំងអស់ ដោយមិនទុកដីទំនេរទេ ។ ស្ថាប័នជំនាញ និង អាជ្ញាធរ គួរលើកទឹកចិត្តបន្ថែម ។ កសិករខ្មែរខំណាស់ ឧស្សាហ៏ណាស់ តែគាត់គ្មានសមត្ថភាព រកទីផ្សារទេ” ៕