ភ្នំពេញ ៖ ក្រោយសង្កេតឃើញកុមារតូចៗ ដែលគ្រប់អាយុចូលរៀន នៅថ្នាក់មត្តេយ្យសិក្សា មានកម្រិតទាបនៅឡើយនោះ អង្គការJICAរបស់ជប៉ុន បានសហការជាមួយ អង្គការសន្តិស្ម័គ្រចិត្ត(SVA) និងក្រសួងអប់រំយុវជន និងកីឡា បានសាងសង់សាលារៀន ថ្នាក់មត្តេយ្យសិក្សាគំរូ នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញក៏ដូចជា លើកកម្ពស់គុណភាពការសិក្សាអប់រំ ដោយផ្ដោតសំខាន់លើកុមារតូច ។ នេះបើតាមការអះអាង របស់លោកយន់ វាសនា ប្រធានអង្គការសន្តិស្ម័គ្រចិត្ត ប្រចាំខេត្តបាត់ដំបង។
ក្នុងគម្រោងបង្កើតបណ្ណាល័យ មត្តេយ្យសិក្សាធនធានគំរូ ក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ លោកយន់ វាសនាបានថ្លែងថា សព្វថ្ងៃ នៅប្រទេសកម្ពុជា កុមារតូច ដែលគ្រប់អាយុចូលរៀន នៅក្នុងមត្តេយ្យសិក្សា គឺនៅមានក្រិតទាបនៅឡើយ។ហើយកុមារដែល ចូលរៀននៅក្នុងថ្នាក់ទី១ក៏មានអត្រា បោះបង់ចោលការសិក្សាខ្ពស់ ដោយសារការយល់ដឹងរបស់មាតាបិតា និងសិស្សមួយចំនួន នៅមានកម្រិត ។
លោកបន្តថា មាតាបិតាសិស្សដែលជាកុមារតូច យល់ឃើញថា ការបញ្ជូនកូនៗរបស់ពួកគេមកសិក្សានៅថ្នាក់ មត្តេយ្យសិក្សា គឺអត់មានប្រយោជន៍ ដោយពួកគេគិតថា កូនរបស់ពួកគេមិនចេះអ្វី ក្រៅតែពីចេះ ច្រៀង រាំលេង ជាធម្មតាតែប៉ុណ្ណោះ។
លោកបន្តទៀតថា” យើងសង្កេតឃើញថា សាលាឬក៏មត្តេយ្យសិក្សាសិក្សា គឺ ប្រឈមនឹងការខ្វះខាត ទាំងសម្ភារៈនៅក្នុងថ្នាក់ ក៏ដូចជាបន្ទប់រៀន ធ្វើឲ្យមានការលំបាកមែនទែន ។ ដើម្បីដោះស្រាយ នូវបញ្ហានេះ គឺអង្គការសន្តិស្ម័គ្រចិត្ត សហការគ្នាជាមួយភ្នាក់ងារចៃការជប៉ុន និងក្រសួងអប់រំយុវជន និងកីឡា ក៏យើងបានបង្កើតនូវគម្រោង សាងសង់សាលាមត្តេយ្យ សិក្សាធនធានគំរូនេះឡើង” ។
លោកប្រធានអង្គការសន្តិស្ម័គ្រចិត្តបញ្ជាក់ថា អង្គការសន្តិស្ម័គ្រចិត្ត នឹងសហការ ជាមួយអង្គការចៃការ និងក្រសួងការបរទេសជប៉ុន បំពាក់ គ្រឿងសង្ហារឹម ដែលស្របតាមលក្ខណៈបច្ចេកទេសស្ដង់ដារដល់ថ្នាក់មត្តេយ្យគំរូនេះផងដែរ។
ក្នុងឱកាសនោះដែរ អ្នកគ្រូ ភាព គឹមហេង គ្រូបង្រៀនសាលាមត្តេយ្យធនធានក្រុងបាត់ដំបង បានអំពាវនាវ ដល់មាតាបិតា កុមារតូច ឲ្យបញ្ជូនកូនតូចៗ ដែលគ្រប់អាយុចូលរៀន ឲ្យមកចុះឈ្មោះចូលរៀនឲ្យបានច្រើន និងឈប់គិតបញ្ជូនកូនតូចមករៀន សាលាមត្តេយ្យគ្មានចេះអី ក្រៅ តែពីចេះច្រៀង រាំលេង តទៅទៀត។
ជាមួយគ្នានេះដែរ អ្នកគ្រូសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញកុមារតូចឲ្យ ចូលចិត្តចង់មកសាលារៀននោះ គ្រូមត្តេយ្យសិក្សា ត្រូវរៀបចំថ្នាក់រៀន ឲ្យមានសោភណ្ឌភាព សម្ភារៈបង្រៀន និងរៀនត្រូវមានលក្ខណៈសម្បូរបែប សម្របទៅតាមវ័យ ដើម្បីឲ្យកុមារតូច អាចអភិវឌ្ឍន៍វិស័យទាំង៥គឺ ការអភិវឌ្ឍផ្នែករូបរាងកាយ និងសុខភាព, ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌, ការអភិវឌ្ឍផ្នែកសង្គម និងអារម្មណ៍, ការអភិវឌ្ឍផ្នែកពិចារណា និងការយល់ដឹង, និងការអភិវឌ្ឍផ្នែកភាសា ឲ្យត្រូវគោលការណ៍ នៃមត្តេយ្យសិក្សាគឺ «រៀន គឺលេង លេង គឺរៀន» ៕ ដោយ៖ធី លីថូ