ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់សហជីពថា រាជរដ្ឋាភិបាល ដាក់ចេញរួចហើយ នូវគោលនយោបាយ ដើម្បីឆ្លើយតប EBA និងបញ្ហា កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)ថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយរួចហើយ ដើម្បីឆ្លើយតបទៅនឹង ប្រព័ន្ធអនុគ្រោះពន្ធ (EBA) និងការដោះស្រាយបញ្ហាប្រឈមដែលកើតចេញ ពីការរីករាលដាល នៃជំងឺរលាកសួត ប្រភេទថ្មីឬហៅថា កូវីដ-១៩ ដែលបណ្ដាល ឲ្យប៉ះពាល់ដល់ដំណើការ ផលិតកម្មរោងចក្រ ។ យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ មីនា សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីឆ្លើយតបនឹងការដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតចេញ ពីការរីករាយដាល នៃជំងឺរលាកសួតប្រភេទថ្មី ឬCOVID19 ធ្វើឲ្យប៉ះពាល់ដល់ ដំណើការផលិតកម្ម របស់រោងចក្រ ពិសេស នៅពេលដែលចិន បានផ្អាកការបញ្ជូនវត្ថុធាតុ ដើមចេញទៅក្រៅប្រទេសរាប់ទាំងកម្ពុជា នាពេលកន្លងមក» ។

ចំណែក លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លើកឡើងអំពីសកម្មភាពនានា ដែលបានបំពេញការងារ កាលពីឆ្នាំ២០១៩ រួមមាន ៖ ចូលរួមចរចាប្រាក់ឈ្នួលកម្មករប្រចាំឆ្នាំ ក្នុងយន្តការត្រីភាគី ,ចូលរួម ក្នុងកិច្ចការសង្គមនានា និង ការផ្សព្វផ្សាយណែនាំជូនកម្មករ អំពីផលវិបាក នៃការចូលរួមសកមម្មភាពផ្ទុយ នឹងច្បាប់ជាមួយ សហជីពមាននិន្នការប្រឆាំង និងជាមួយ អ្នកនយោបាយ ដែលយកកម្មករធ្វើជាឈ្នាន់ ៕

ដោយ ៖ អេង ប៊ូឆេង

To Top