ព័ត៌មានជាតិ

អង្គការសុខភាពកម្ពុជា គាំទ្ររដ្ឋបាល រាជធានីភ្នំពេញ ឲ្យបញ្ឈប់ការផ្សាយ ពាណិជ្ជកម្ម ផលិតផលថ្នាំជក់

ភ្នំពេញ ៖ លោក មុំ គង់ នាយកប្រតិបត្តិ នៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ របស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបញ្ឈប់ការ ផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេស កម្មវិធីប្រកួតប្រជែង ការតាំងកញ្ចប់បារី ។

ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ដល់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ ចាប់ពីទី៥ កុម្ភៈ ឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំជក់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ជាពិសេស កម្មវិធីប្រកួតប្រជែងការ តាំងកញ្ចប់បារី ដែលល្មើសនឹងច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយក្រុមហ៊ុនថ្នាំជក់ ត្រូវប្រមូលយកចេញឲ្យអស់នៅ សម្ភារផ្សាយពាណិជ្ជកម្មកន្លងមក រួមទាំង លុបការផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់ នៅក្នុងវេបសាយរបស់ក្រុមហ៊ុន និងតាមបណ្ដាញព័ត៍មានសង្គម។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំងឡាយណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់ ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ CMH នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក មុំ គង់ គាំទ្រយ៉ាងពេញទំហឹង នៅចំណាត់ការ របស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសូមអំពាវនាវ ដល់អ្នកលក់បារីរាយទាំងអស់ កុំចូលរួមក្នុងការផ្សាយពាណិជ្ជកម្មខុសច្បាប់ តាមការអូសទាញ របស់ក្រុមហ៊ុនផលិតថ្នាំជក់ ។

សូមរំលឹកថា តាមរយៈការសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឆ្នាំ២០១៩ បានរកឃើញថា មានក្រុមហ៊ុនមួយចំនួន ដែលបានធ្វើសកម្មភាព ផ្សាយពាណិជ្ជកម្មល្មើសនឹងច្បាប់ ដោយពួកគេបានបិទផ្ទាំងរូបភាព ផ្សាយពាណិជ្ជកម្មបារីនិងបង្គាប់ ឲ្យអ្នកលក់បារីដាក់ទូតាំងបារី ដែលមានរូបបារី ឫស្លាកក្រុមហ៊ុនផលិតបារី ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទាំងនេះ បានប្រើល្បិចកលដោយផ្ដល់ជារង្វាន់ និងការឧបត្ថម្ភផ្សេងៗដល់អ្នកលក់ ដូចជា ឆ្នាំងដាំបាយ ដែកកេស អាវយឺត បារី ឧបករណ៍បញ្ចូលថ្មទូរស័ព្ទ ប្រតិទិន លុយ និងអញ្ជើញពួកគេឲ្យចូលរួមពិធីជួបលាងជាដើម ដើម្បីឲ្យអ្នកលក់ ដាក់លក់បារីឲ្យដាច់កាន់តែច្រើន ។

គូសបញ្ជក់ថា កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញា ស្ដីពី ការត្រួតពិនិត្យថ្នាំជក់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងអនុវត្តច្បាប់ ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាព។ ប្រជាជនកម្ពុជាស្លាប់ប្រមាណ ១៥ ០០០នាក់ ជារៀងរាល់ឆ្នាំដោយសារការប្រើ ប្រាស់ថ្នាំជក់ និងខាតបង់ថវិកា ៦៤៩ ដុល្លាអាមេរិច ជារៀងរាល់ឆ្នាំ ដែលស្មើរនឹង៣% នៃផលិតផលក្នុងស្រុកសរុប៕

ដោយ ៖ អេង ប៊ូឆេង

To Top