ព័ត៌មានជាតិ

មេទ័ពជើងគោក បញ្ជាក់ជំហរកងទ័ព ស្មោះស្ម័គ្រ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារទឹកដី សុខសន្តិភាព ជូនមាតុភូមិ និងប្រជាពលរដ្ឋ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់នូវជំហរដ៏មុតមាំរបស់កងទ័ពថា ស្មោះស្ម័គ្រ ចំពោះ ជាតិជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារទឹកដី ការពារសុខសន្តិភាព ជូនមាតុភូមិ និងប្រជាពលរដ្ឋ ។

លោកមេទ័ពជើងគោក បានថ្លែងនៅក្នុងពិធីបើក វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ វគ្គហ្វឹកហ្វឺនត្រួតពិនិត្យថែទាំបច្ចេកទេសហ្វឹកហាត់បាញ់គ្រាប់ពិតរថក្រោះ- រថពាសដែក និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនា សម្ព័ន្ធនានា នៅមជ្ឈមណ្ឌលហ្វឹក ហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ជាមួយនឹងការសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស ក៏ដូចជាគណៈគ្រប់គ្រងវគ្គ ក្រុមយោធាចារ្យ ដែលបានរៀបចំអនុវត្តផែនការកម្មវិធីហ្វឹកហ្វឺនដ៏មានសារៈសំខាន់នេះ ។ ជាពិសេស លោក ក៏សូមកោតសរសើរចំពោះការខិតខំច្នៃប្រឌិត និងការប្រើប្រាស់បទពិសោធន៍ រួមទាំងជំនាញក្នុងការថែទាំងបច្ចេកទេស ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗ ធ្វើយ៉ាងណាធានា ឱ្យវគ្គហ្វឹកហ្វឺនទាំងនេះ អាចដំណើរការទៅបានដោយជោគជ័យ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាស សម្រាប់ការអភិវឌ្ឍជាតិ ។ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមាន ក្នុងពេលបច្ចុប្បន្ន គឺបាននិងកំពុងផ្តល់ ឱកាសសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ។ « ដូច្នេះ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ យើងត្រូវរក្សាជំហរឱ្យបានច្បាស់លាស់ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារទឹកដី ការពារសុខសន្តិភាព ជូនមាតុភូមិ និងប្រជាពលរដ្ឋយើង។»

បន្ថែមលើសនេះ លោកក៏ចាត់ទុកផងដែរថា វគ្គហ្វឹកហ្វឺនទាំងនេះ ពិតជាបានឆ្លើយតបទៅ នឹងគោលបំណង និងសំណូមពរភារកិច្ចលើ ការងារហ្វឹកហ្វឺន ស្របតាមផែនការ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសតម្រូវការចាំបាច់ ដើម្បីបំពេញភារកិច្ចស្នូល របស់អង្គភាព ក្នុងការធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជូនប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការត្រៀមចូលរួម ក្នុងប្រតិបត្តិការការពារបូរណភាពទឹកដី ការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ។ សូមបន្តខិតខំប្រឹងប្រែងរៀបចំ ឱ្យមានការហ្វឹកហ្វឺនជាប្រចាំ ពីព្រោះក្រៅពីជួយដល់ការពង្រឹង សមត្ថភាពកងទ័ព ការហ្វឹកហ្វឺនក៏បម្រើដល់ការសាកល្បង ប្រើប្រាស់ និងថែទាំបច្ចេកទេសសម្ភារៈគ្រឿងបំពាក់ ធានាបាននូវប្រសិទ្ធភាពនៃប្រតិបត្តិការជាក់ស្តែង ។

ក្រៅពីនេះ លោក ក៏សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានសាងសង់រួចរាល់ជាស្ថាពរ ជាពិសេសនៅលើភូមិសាស្ត្រ ដែលមានលក្ខណៈអំណោយផល និងប្រកបដោយសក្តានុពលនេះ ទន្ទឹមនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលនេះ ពីព្រោះការប្រែក្លាយទីតាំងនេះ ដែលសំបូរទៅដោយកាលសំណល់ជាតិផ្ទុះបន្សល់ទុកដោយសារសង្គ្រាម ឱ្យក្លាយទៅជាមូលដ្ឋានហ្វឹកហ្វឺនមួយដ៏សំខាន់សម្រាប់កិច្ចការពារជាតិ គឺមិនមែនជាកិច្ចការងាយស្រួលនោះឡើយ និងសូមអរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ការសហការគាំទ្រ បម្រើដល់ការអភិវឌ្ឍរបស់កងយោធពលខេមរភូមិន្ទ ដែលគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋានដើម្បីការពារជាតិ ហើយទស្សនវិស័យនៃការការពារជាតិយូរអង្វែង សំខាន់ គឺការកសាងមូលដ្ឋាននៃការហ្វឹកហ្វឺននេះឯង។

លោកអគ្គមេបញ្ជាការរង ក៏សូមវាយតម្លៃខ្ពស់ប្រកបដោយភាពវិជ្ជមាន និងសុទិដ្ឋិនិយម ចំពោះរាល់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជាជាមួយនឹងរដ្ឋាភិបាល និងកងទ័ព នៃប្រទេសភាគីមិត្ត ដែលតែងបានជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ក្នុងនោះសូមអរគុណ ដល់ភាគីមិត្តគ្រប់បណ្តា ប្រទេសទាំងអស់, បណ្តាស្ថាប័នជាតិ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់, និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងបានចូលរួមចំណែកជួយឧបតម្ថគាំទ្រដល់បញ្ជាការដ្ឋានអង្គរក្ស ក្នុងបុព្វហេតុការពារជាតិ ការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសកម្មភាពមនុស្សធម៌ជាច្រើន និងជាប់ជាប្រចាំតាំងពីដើមរៀងមក ៕

To Top