ព័ត៌មានជាតិ

ស្វាយកម្ពុជា នៅលើទីផ្សារកូរ៉េ កំពុងទទួលតម្លៃខ្ពស់ និងមានការគាំទ្រជាច្រើន

ភ្នំពេញ៖ លោក Jongsoo Shin អគ្គនាយកថ្មីនៃភ្នាក់ងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំកម្ពុជា បានថ្លែងថា ស្វាយស្រស់កម្ពុជានៅទីផ្សារកូរ៉េ កំពុងទទួលបានតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើន ពីសំណាកប្រជាជនកូរ៉េផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក Jongsoo Shin បានការកោតសរសើរ ចំពោះកំណើននៃការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ ។

ក្នុងនោះលោកមានប្រសាសន៍ថា «សាទរចំពោះវត្ដមាន របស់ស្វាយស្រស់កម្ពុជា នៅទីផ្សារកូរ៉េ ដែលកំពុងទទួលបាននូវតម្លៃយ៉ាងល្អ និងមានការគាំទ្រជាច្រើនពីប្រជាជនកូរ៉េ»។

បន្ថែមពីនេះ អគ្គនាយក KOTR ថា នឹងខិតខំផ្សព្វផ្សាយ ពន្យល់ និងទាក់ទាញវិនិយោគិនកូរ៉េ មករកស៊ីនៅកម្ពុជា បន្តទៀត និងសហការជាមួយមន្ត្រីជំនាញក្រសួង ដើម្បីរួមគ្នាបន្តការអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែរីកចម្រើនបន្ថែម។

ចំណែកលោក វេង សាខុន អរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនកូរ៉េដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហប្រតិបត្តិការ ដ៏ល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ។ ថ្មីៗនេះ ភាគីកូរ៉េ បានអនុញ្ញាតឲ្យកម្ពុជា នាំចេញស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ទីផ្សារកូរ៉េ។

លោកបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជន ក្រសួងបានធ្វើការកំណែទម្រង់ទាំងគោល នយោបាយ និងផែនការសកម្មភាព ដោយផ្តោតសំខាន់ទៅលើផលិតកម្មពូជសុទ្ធ ការធ្វើកសិកម្មចម្រុះ និងដំណាំកសិ-ឧស្សាហកម្ម ដូចជា ចេកអំបូងលឿង ស្វាយ ដំឡូងមី ដំឡូងបារាំង ពោត ជាដើម។ ព្រមទាំង ជំរុញវារីវប្បកម្ម និងផលិតកម្មសត្វ បែបទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការ និងតម្រូវការនៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក កាត់បន្ថយការនាំចូល។

បើតាមលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា ធ្លាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា តម្លៃផ្លែស្វាយ ដែលរោងចក្រទិញក្នុងចំការចន្លោះពី ៤០០រៀល ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម។ ចំណែកតម្លៃផ្លែស្វាយដឹកដល់រោងចក្រចន្លោះ ៥៣០រៀលទៅ ៥៥០រៀល ៥៨០រៀល និង ៦០០រៀលក្នុងមួយគីឡូក្រាម (រោងចក្រក្នុងស្រុក)៕

ដោយ៖ អេង ប៊ូឆេង

To Top