ព័ត៌មានជាតិ

សម្ដេច ស ខេង ដាស់តឿន គ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ លើការងារយេនឌ័រ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿន និងក្រើនរំលឹក ដល់គ្រប់អង្គភាព ស្ថាប័នក្រោមចំណុះក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យយកចិត្ត ទុកដាក់ជួយដល់ក្រុមការងារ យេនឌ័រក្រសួង និងក្រុមការងារយេនឌ័រ តាមបណ្ដាអគ្គនាយកដ្ឋាន។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើក កម្ពស់សមភាពយេនឌ័រ”នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សម្ដេចស ខេង មានប្រសាសន៍ថា «ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំតែងតែដាស់តឿន ក្រើនរំលឹក ដល់គ្រប់អង្គភាព ស្ថាប័នក្រោមចំណុះ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យយកចិត្តទុកដាក់ ជួយដល់ក្រុមការងារយេនឌ័រក្រសួង និងក្រុមការងារយេនឌ័រ តាមបណ្ដាអគ្គនាយកដ្ឋាន ដើម្បីបែងចែងតួនាទី ការងារភារកិច្ច ការទទួលខុសត្រូវ សិទ្ធិអំណាច ឱកាស ធនធាន និងផលប្រយោជន៍ ប្រកបដោយសមធម៌រវាងស្ដ្រី និងបុរស»។

សម្ដេចបន្ដថា ជាបណ្ដើរៗ នារីក្នុងវិស័យទាំងបី គឺកងកម្លាំងនគរបាលជាតិ រដ្ឋបាល ស៊ីវិល និងអង្គភាពពន្ធនាគារ បាន បង្កើតនូវទិន្នន័យថ្មី នៃការកើនឡើងនូវចំនួនស្ដ្រី ក្នុងតួនាទីដឹកនាំអង្គភាពនៅគ្រប់កម្រិត រៀងរាល់អាណត្តិ និងខិតខំបង្កើនបរិមាណស្ដ្រី ដើម្បីបន្ដវេនដឹកនាំទៅអនាគត។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ មិនទាន់បានធ្វើឲ្យកំណើន ជាអត្រាភាគរយស្ដ្រី ក្នុងមុខតំណែងគ្រប់ឋានានុក្រម បានសមស្របនៅឡើយ តែជាបណ្ដើរៗ ក្រសួងបានរៀបចំយុទ្ធសាស្ដ្រ សម្រាប់ការបង្កើនចំនួនស្ដ្រី ឲ្យបានសមស្របពី មួយឆ្នាំ ទៅមួយឆ្នាំ ផ្នែកលើភាពចាំបាច់គោលការណ៍ និងច្បាប់កំណត់ រួមទាំង ការខិតខំបង្កើនសមត្ថភាព ពង្រឹងការទទួលខុសត្រូវ ដល់មន្ដ្រី ទាំងស្ដ្រី និងបុរស ដែល ត្រូវបានបង្ហាញឡើ់ងតាមរយៈ កិច្ចខិតខំប្រឹងប្រែងបង្កើតស្នាដៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងការអភិវឌ្ឍ ដែលជាលក្ខខណ្ឌ ត្រូវលើកទឹកចិត្ត។

ដើម្បីធ្វើឲ្យសម្រេចគោលដៅ ក្នុងផែនការយុទ្ធសាស្ដ្រ សមភាពយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ ពីការប្ដេជ្ញាចចិត្តជាថ្មី ដូចខាងក្រោម ៖

ទី១-ត្រូវលុបបំបាត់ឲ្យបានដាច់ខាត ការរើសអើងយេនឌ័រ ក្នុងក្រសួងមហាផ្ទៃដែលនាំ ឲ្យមានភាពលំអៀងរវាង ស្ដ្រី និងបុរស ក្នុងការវាយតម្លៃអំពី គុណ ភាព ការងាររបស់មន្ដ្រី។

ទី២-ពិនិត្យលទ្ធភាព និងលក្ខខណ្ឌដើម្បីជ្រើសរើស និងតែងតាំងស្ដ្រីក្នុងមុខតំណែងដឹកនាំអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបន្ថែមទៀត ជាពិសេស ជាប្រធានអង្គភាព និងអភិបាលខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បីបង្កើនអត្រាចូលរួមរបស់ស្ដ្រី ឲ្យបានសមស្រប និងលើកវិធានការ ដើម្បីបង្កើនចំនួនមន្ដ្រីជ្រើសរើសថ្មីជាស្ដ្រី ឲ្យបានសមស្រប។

ទី៣-អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងវិន័យ របៀបរបបការងារ ក្រមសីលធម៌មន្ដ្រីសាធារណៈ ក្រមសីលធម៌កងកម្លាំងនគរបាល និងក្រមសីលធម៌មន្ដ្រីពន្ធនាគារ ដោយសហការគ្នាបំពេញភារកិច្ចឲ្យបានល្អ ដើម្បីលើកតំកើនតំលៃស្ដ្រី។

ទី៣-មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំធ្វើការងារឲ្យស្មើដៃគ្នា និងខិតខំពង្រឹងសមត្ថភាព រៀនសូត្របន្ថែមទៀត នូវមុខជំនាញ ដែលបម្រើឲ្យភារកិច្ច ដែលខ្លួនទទួលខុសត្រូវ ដើម្បីក្លាយជាធនធានដ៏ មានតម្លៃសម្រាប់ប្រទេសជាតិ។

និងទី៤-យកចិត្តទុកដាក់បម្រើ ប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋគ្រប់និន្នាការ ដោយមិនទុកឲ្យអ្នកណាម្នាក់ នៅក្រៅរង្វង់នៃ ការទទួលខុសត្រូវឡើយ ៕

ដោយ៖ អេង ប៊ូឆេង

To Top