ភ្នំពេញ៖ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ពីក្រុមហ៊ុនស៊ីនទ្រី មកឲ្យរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ តម្រូវអោយប្រជាពលរដ្ឋ ធ្វើការបង់ថ្លៃសេវាសំរាម ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិចនោះរដ្ឋបាលរាជធានី បានធ្វើការក្រើនរំលឹកជាថ្មី ឲ្យពលរដ្ឋ ចូលរួមបំពេញកាតព្វកិច្ច ខណៈដែលរដ្ឋបាលរាជធានី សង្កេតឃើញថា ពលរដ្ឋមួយចំនួន មិនបានបំពេញ កាតព្វកិច្ចបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹងនៅឡើយ ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា “រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាប្រមូលសំរាម និងសំណល់រឹងទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្តើមអនុវត្ត ទទួលការបង់ថ្លៃ សេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំលេខ ០១៧/១៩ សណន.ស ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ រួចហើយ”។
លោកបន្តថា “ប៉ុន្តែ នៅមាន បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង នេះនៅឡើយ ដោយសារបងប្អូន នៅពុំទាន់យល់ពីការផ្លាស់ប្តូរ ប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀត ជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ”។
លោកបានសង្កត់ធ្ងន់ថា “អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសំគាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា និងកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ជៀសវាង រងការទទួលនូវវិធានការណ៍នានា របស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភណភាព រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត” ៕
ដោយ៖ ដារាត់