ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងជំរុញគម្រោង សាងសង់ពន្ធនាគារ ដើម្បីដោះស្រាយ ភាពចង្អៀតណែន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ កំពុងបន្ដជំរុញគម្រោងសាងសង់ ជួសជុល កែលម្អអគារឃុំឃាំង និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនានា ក្នុងពន្ធនាគារ ដើម្បីដោះស្រាយ បញ្ហាភាពចង្អៀតណែន ក្នុងពន្ធនាគារ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ខៀវ សុភ័គ បានថ្លែងថា “ក្រសួងមហាផ្ទៃ បន្ដជំរុញគម្រោងសាងសង់ ជួសជុល កែលម្អអគារឃុំឃាំង និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនានា ក្នុងពន្ធនាគារ ដើម្បីដោះស្រាយ បញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូអភិវឌ្ឍនានា”។

ជាងនេះទៅទៀត លោករដ្ឋលេខាធិការ លើកឡើងថា ក្រសួងមហាផ្ទៃបន្ដពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្ដរជាតិជាមួយ ស្ថាប័នជាដៃគូ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងគៀរគរជំនួយបច្ចេកទេសទាំងសម្ភារៈ និងហិរញ្ញវត្ថុ ព្រមទាំង ធ្វើអន្ដរជាតិនីយកម្មនៃកម្មវិធីអប់រំ សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាល គ្រប់កម្រិត។

នាឱកាសនោះដែរ លោក ខៀវ សុភ័គ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ បន្ដពង្រឹងកិច្ចការពារឲ្យគត់មត់ ក្នុងការថែរក្សាព្រំដែនសន្ដិភាព និងខឿនឯករាជ្យជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសន្ដិសុខ ផ្ទៃក្នុង រក្សាសាមគ្គីភាព ឯកភាព និងមិនឲ្យមានការរំលាភបំពាន បំផ្លិចបំផ្លាញ ដោយប្រការណាមួយឡើយ។

លោកបន្ថែមថា ក្រសួងមហាផ្ទៃ បន្ដបើកទូលាយកិច្ចសហប្រតិបត្តិការ ជាមួយភ្នាក់ងារប្រតិបត្តិច្បាប់ នៃប្រទេសជាដៃគូក្នុងតំបន់ និងក្រៅតំបន់ ដើម្បីទប់ស្កាត់មិនឲ្យកើតមាន នូវអំពើភេរវកម្ម ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជំរុញការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា ជាដើម៕ ដោយ៖ អេង ប៊ូឆេង

To Top