ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០នេះ បានអនុញ្ញាត ឲ្យគណៈប្រតិភូ បេសកកម្ម របស់ធនាគារ អភិវឌ្ឍន៏អាស៊ី ADB (Country Programming Mission, CPM 2020) ដឹកនាំដោយលោក Jiangfeng Zhang នាយកផ្នែកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម នៃនាយកដ្ឋាន ភូមិភាគអាស៊ីអាគ្នេយ៏ Southeast Asia Department និងលោកស្រី Sunniya Durrani Jamal នាយកស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងធ្វើសេចក្តីរាយការណ៏ ស្តីពីលទ្ធផលការងារសហប្រតិបត្តិការ លើវិស័យទឹក នៅទីស្ដីការក្រសួង ។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៏អាស៊ី ADB ដែលជាដៃគូ សហប្រតិបត្តិការដ៏ល្អ ក្នុងការយកចិត្តទុកដាក់ លើផែនការជាយុទ្ធសាស្រ្ត សម្រាប់កិច្ចអភិវឌ្ឍន៏ ប្រទេសកម្ពុជា ពីឆ្នាំ ២០១៩-២០២៣ Cambodia Country Partnerships Strategy (CPS, 2019-2023) ។
លោក Jiangfeng Zhang បានធ្វើសេចក្តីរាយការណ៏ ស្តីពីលទ្ធផលការងារ សហប្រតិបត្តិការលើវិស័យទឹក រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៏អាស៊ី ADB ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ និងការបញ្ជាក់ពីយុទ្ធសាស្រ្តគាំទ្រថ្មីរបស់ ADB សម្រាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ។
គម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៏អាស៊ី ADB នាពេលកន្លងមក រហូតមកបច្ចុប្បន្ននេះ មានដូចខាងក្រោម ៖
១- គម្រោងប្រព័ន្ធធារាសាស្រ្តតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក ។
២- គម្រោងកែលំអរលើវិស័យធារាសាស្រ្តកសិកម្ម ។
៣- គម្រោង GMS លើការគ្រប់គ្រង និងកាត់បន្ថយនូវហានិភ័យដែលកើតឡើងដោយគ្រោះទឹកជំនន់ និងគ្រោះ
រាំងស្ងួតក្នុងតំបន់ អនុគម្រោងដំណាក់ឈើក្រម ក្នុងខេត្តពោធិ៍សាត់ ។
៤- គម្រោង ADB CFAVC ក្នុងខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
៥- គម្រោងស្រូវ Rice SDP ។
សម្រាប់ផែនការយុទ្ធសាស្រ្តថ្មីរបស់ ADB លើវិស័យទឹក ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ មានគម្រោង ADB MFF លើការគ្រប់គ្រងវិស័យធនធានទឹក ចម្រុះ Integrated Water Resources Management ចាប់ពីអាងទន្លេ អាងទន្លេរង ដល់ប្រព័ន្ធជើងក្រោម នៃផ្ទៃរងទឹកភ្លៀង គ្រប់ប្រភេទទាំងអស់ ក្នុងក្របខណ្ឌ័ទូទាំងព្រះរាជាណចក្រកម្ពុជា។
ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សា នាយកប្រតិបត្តិ របស់ធនាគារអភិវឌ្ឍន៏អាស៊ី ADB កាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅ ដោយបានអនុញាត ឲ្យធនាគារអភិវឌ្ឍន៏អាស៊ី ADB បោះទុនវិនិយោគ ទៅតាមកម្មវិធីអភិវឌ្ឍន៏សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេសផែនការយុទ្ធសាស្រ្តនេះ ស្រប និងស៊ីចង្វាក់គ្នា ទៅនឹងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាតំណាក់កាលទី ៤ ដែលគាំទ្រដល់កម្មវិធី ធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង របស់ប្រទេសកម្ពុជា ដើម្បីឈានទៅធ្វើការសម្រេច ឲ្យខាងតែបាន លើគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០ ។
សូមបញ្ជាក់ជូនថា ការបង្កើនការវិនិយោគ របស់ធនាគារអភិវឌ្ឍន៏អាស៊ី ADB តាមវិស័យជាអាទិភាពលើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ចាប់ពីអាងទន្លេ អាងទន្លេរង រហូតដល់ផ្ទៃរងទឹកភ្លៀងគ្រប់ប្រភេទទាំងអស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺស្ថិតក្នុងវិស័យជាអាទិភាពទី ៣ នៃផែនការយុទ្ធសាស្រ្តរបស់ ADB ។
ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តីក៏បានថ្លែង នូវការកោតសរសើរ ដល់លោកស្រី Sunniya Durrani Jamal ដែលបានអញ្ជើញមកកាន់តំណែង ជានាយកស្ថានតំណាង ធនាគារអភិវឌ្ឍន៏អាស៊ី ADB ប្រចាំប្រទេសកម្ពុជា មានរយៈពេលខ្លីសោះ តែបានបំពេញបេសកកម្មដ៏ច្រើន ជូនប្រទេសកម្ពុជា ជាពិសេសលោកស្រី បានសម្រេចនូវលទ្ធផល ជាច្រើនជូនក្រសួងធនធានទឹក និងឧតុនិយម ពាក់ព័ន្ធនឹងវិស័យទឹក ដូចជាគម្រោងការគ្រប់គ្រងវិស័យធនធានទឹកចម្រុះ ដែលមានចែងក្នុង CPS 2019-2023 រួចហើយ ។
លោករដ្ឋមន្រ្តី ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម និងបន្តកិច្ចសហការយ៉ាងល្អ ជាមួយនឹងធនាគារអភិវឌ្ឍន៏អាស៊ី ADB ក្នុងការអនុវត្តន៏ CPS របស់ ADB ប្រកបដោយសាកសិទ្ធភាព មានប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព ៕