ព័ត៌មានជាតិ

រដ្ឋសភា អនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ បន្ទាប់ពីបានពិភាក្សាគ្នាតាមនីតិវិធី និងយ៉ាងល្អិតល្អន់រួចមក រដ្ឋសភា បានអនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានសមាជិកសភាចំនួន ១១៧រូប ចូលរួម ។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដោយមានវត្តមានសមាជិក រដ្ឋសភាចូលរួម ចំនួន ១១៧រូប ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមក្នុងសម័យប្រជុំ នាព្រឹកនេះផងដែរ។

ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ បានលើកយកសេចក្តីព្រាងច្បាប់ចំនួន៦ មកពិភាក្សាអនុម័ត៖ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធិសារទី១ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជទំនិញអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក រដ្ឋសភាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា «បន្ទាប់ពីបានពិភាក្សាគ្នាតាមនីតិវិធីរួចមក រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានលោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃរដ្ឋសភាជាអ្នករាយការណ៍ ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តី ព្រាងច្បាប់។ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់» ។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាច្បាប់បើកផ្លូវដល់ រាជរដ្ឋាភិបាលធ្វើការ ប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ការប្តូរឈ្មោះក្រសួងឧស្សាហកម្ម គឺដើម្បីពង្រីកសក្តានុពល វិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យទូលំទូលាយដើរ ស្របតាមយុគសម័យបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ៕

To Top