ភ្នំពេញ៖ ស្របពេលដែលកម្ពុជា រកឃើញជាបន្តបន្ទាប់នូវ អ្នកឆ្លងវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមាន វិធានការទប់ស្កាត់បន្ទាន់នោះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ឈប់សម្រាកវិស្សមកាលតូច មុនកាលកំណត់ ចាប់ពីថ្ងៃទី១៤ ខែមីនានេះតទៅ ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃទី១៤ មីនានេះ បានឲ្យដឹងថា ក្រសួងក៏ណែនាំដល់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ដូចខាងក្រោម៖
១.ចាប់អនុវត្តវិស្សមកាលតូច មុនកាលកំណត់ ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ
២.សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ ការវាយតម្លៃលទ្ធផលសិក្សា របស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវឲ្យយកលទ្ធផល សិក្សាជាមធ្យមភាគ នៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទប្រចាំឆមាសទី១
៣.ចំពោះគ្រឹះស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ ជាមួយមាតាបិតាសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការ និងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក
៤.ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា គ្រប់រូបត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សា នៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងវីរុស ដូចជាកន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងៗទៀត ដែលមានហានិភ័យឆ្លង Covid-19
៥.អនុវត្តន៍ការសម្អាត បរិវេណគ្រឹះស្ថានសិក្សា ៕