ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីដំរីមួយក្បាលស្ទុះមកចាប់និងប្រមោយរបស់វាបោក បណ្ដាលឲ្យផ្លោងប៉ះនឹងដើមឈើ កាលពីវេលាម៉ោង៩និង១១នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចភ្នំក្រូច ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលឃុំល្បាំង២បានឲ្យដឹងថា ក្មេងរងគ្រោះ ឈ្មោះ ហៀក ជីវៈ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្រៅ ជាសិស្ស មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានស្លាប់ ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ រីឯម្ចាស់ដំរី ឈ្មោះ ខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបន្តថា ហ្មដំរី ឈ្មោះ ប៊ុន រឿងផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មុខរបរ អ្នកថែទាំដំរី មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ហើយដំរីនោះមានឈ្មោះ បុក ម៉ាយ ឈ្មោល មានអាយុ៣២ឆ្នាំ។
លោកថា នៅមុនពេលកើតហេតុ ឈ្មោះ ប៊ុន រឿងផ្លាល បាននាំជនរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី ដើម្បីឲ្យយកម៉ូតូមកភូមិវិញ ពេលនោះ ដំរីក៏បានស្ទុះមកចាប់ក្មេងប្រុសរងគ្រោះនិងប្រមោយបោកផ្ទប់ទៅនឹងគល់ឈើ រងរបួសធ្ងន់ធ្ងរ។ ហ្មដំរី ក៏បានលើកក្មេងរងគ្រោះដាក់លើម៉ូតូដឹកយកមកមន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យមិនទាន់បានជួយសង្គ្រោះផងនោះ ក្មេងរងគ្រោះក៏បានស្លាប់បាត់ទៅហើយ។ ក្រោយពេលដឹងថាក្មេងរងគ្រោះបានស្លាប់នោះ ហ្មដំរីនេះ ក៏បានរត់គេចខ្លួនបាត់តែម្ដង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនិងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍ចុះមកពិនិត្យនៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ រួចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យឪពុកម្ដាយដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕