ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ចាត់ទុកវិស័យទេសចរណ៍ គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ ខណៈចំណូលពីដែលបានមកពី ភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬជិត១៣% នៃផលិតផលសរុបក្នុងស្រុក។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កអោយមានផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ច ជាសកលនិងវិស័យ ទ្រទ្រង់សំខាន់ៗ ដូចជាវិស័យសេវាកម្ម ដែលក្នុងវិស័យទេសចរណ៍ ផងដែរ។ នៅដើមឆ្នាំ២០២០នេះភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា បានធ្លាក់ចុះប្រមាណជា ៣០.៧% ក្នុងនោះទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់៤០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩។តាមទិន្នន័យនេះ បើប្រៀបធៀបជាមួយ គោលដៅទេសចរណ៍ ក្នុងតំបន់ប្រទេសជិតខាង កម្ពុជា អត្រានៃការធ្លាក់ចុះ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាគឺមាន កំរិតស្រាលនៅឡើយ។

ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ ខេត្តបាត់ដំបងនៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបន្ថែមថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជា គោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ បំផុតដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាមានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុនដែលមានចំនួនប្រមាណ២,១៦លាននាក់ប៉ុណ្ណោះ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១)ត្រូវរួមគ្នារក្សាឲ្យបាននូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីៗទាំងអស់។ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋរួមគ្នា រក្សាការពារ នូវសន្តិភាព ដែលរកបានដោយលំបាក នឹងមិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ។ សន្តិភាពធានាឲ្យ មានការអភិវឌ្ឍ លើគ្រប់វិស័យមាន សុខដុមសុខមាលភាព សង្គម ល្អប្រសើរជាមួយនឹង ជីវភាពរស់នៅ សម្បូរសប្បាយ រុងរឿងជារៀងរហូត។

២)ត្រូវបន្តធ្វើការអភិវឌ្ឍ ក្រុងបាត់ដំបង ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវរក្សាឲ្យបាននូវ អត្តសញ្ញាណ ទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោងដាក់បញ្ចូល ក្នុងបញ្ជីទីក្រុង បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO)។ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវ បណ្ដាសំណង់បុរាណ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេត្ត ដោយមិនត្រូវឲ្យមាន ការកែប្រែខុស ពីស្ថានភាពដើមឡើយ។ ត្រូវបន្តជំរុញ កំណត់អត្តសញ្ញាណ នៃគោលដៅទេសចរណ៍ អាទិភាពរួម មានទេសចរណ៍ផ្ទះបុរាណ តំបន់ផ្ទះសំណាក់សត្វស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ផ្ទះសំណាក់ហ្វូងសត្វប្រចៀវ រាប់លានក្បាលចេញ ពីរូងពេលមុនថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេស របស់ម្ហូបអាហារប្រចាំ តំបន់ក្នុងខេត្តនេះផងដែរ។

៣)ត្រូវបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ដែលបំរើអោយ វិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាព ក្នុងការរៀបចំព្រលានយន្តហោះ បាត់ដំបង ឡើងវិញ ដោយជំរុញឲ្យសមត្ថកិច្ច ជំនាញពិនិត្យឲ្យបានហ្មត់ចត់ លើការងារដ៏មាន សារសំខាន់នេះទេ។

៤)ត្រូវបន្តរក្សាឲ្យមាន សន្តិសុខសណ្ដាប់ធ្នាប់សង្គម គ្រប់តំបន់ទេសចរណ៍ តាមបណ្ដាខេត្តជាប់ស្ទឹង ជាប់ទន្លេសាប ត្រូវខិតខំរក្សាឲ្យបាននូវ សន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំ និងការលួចឆក់ប្លន់នានា ដើម្បីធានាសុវត្ថិភាព ភ្ញៀវទេសចរ ទាំងក្នុងនិងក្រៅប្រទេស។

៥)ត្រូវជំរុញការផលិត ក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាគោលដៅ«នាំចេញនៅនឹងកន្លែង»។ ត្រូវបន្តជំរុញការផលិតតាមស្តង់ដារ ហើយត្រូវបង្កើតឲ្យ មានខ្សែក្រវាត់បៃតង ក្នុងតំបន់ទេសចរណ៍ តាមរយៈការបណ្ដុះបណ្ដាល ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវ បច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រីនិងសត្វ សម្រាប់ផ្គត់ផ្គង់ដល់ទេសចរ។ ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរតាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យ កសិទេសចរណ៍ ឲ្យកាន់តែរីកចម្រើន ជាមួយនឹងការបណ្ដុះបណ្ដាលជំនាញ ទេសចរ ផ្នែកបដិសណ្ឋារកិច្ច ស្វាគមន៍ និងជំនាញចម្អិន ម្ហូបអាហារជាដើម។

៦)ជាមួយនឹងស្ថានការណ៍ វិវឌ្ឍន៍ថ្មីៗនៃការរីករាលដាលជំងឺកូរវិត១៩ នៅក្នុងតំបន់ និងពិភពលោកសម្ដេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំ ដើម្បីសុខភាពខ្លួន ឯងផ្ទាល់ និងក្រុមគ្រួសារ ហើយអាចការពារ បាននូវជម្ងឺគ្រប់ប្រភេទ។សូមបងប្អូនជនរួមជាតិ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មាន ក្លែងក្លាយដែលធ្វើឲ្យ មានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។
រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសុខភាព អន្តរជាតិនានា ជាពិសេសអង្គការ សុខភាពពិភពលោក ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារនិងត្រៀម លក្ខណៈសម្បត្តិ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងសកលនេះ។

សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទាំងអស់គ្នា ដើម្បីការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារអោយបានល្អប្រសើរ ជាជាងការភ័យខ្លាច ជ្រុលហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅ សុខមាលភាពសង្គម និងភាពសុខដុមរមនា នៃជាតិសាសន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

To Top