ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ទោះបីស្ថិតក្នុង ស្ថានភាពយ៉ាងណាក៏ដោយ កម្ពុជា ប្ដេជ្ញារួមសុខរួមទុក្ខ ជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយពុំមានការរើសអើង

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបាន សូមសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាជនចិនជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ខាងវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូលនៅតែមានគោលជំហរមិនងាករេ ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិនដោយពុំមានការរើសអើង។

ក្នុងពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២០រវាងកងទ័ពកម្ពុជានិងកងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី១៥ ខែ មីនា នេះ  នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានថ្លែងថា នេះជាលើកទី៤ហើយដែលកងយោធពលខេមរភូមិន្ទ បានដើរតួនាទីជាស្នូល ក្នុងការរៀបចំធ្វើសមយុទ្ធជាមួយ កងទ័ពរំដោះប្រជាជនចិន ហើយគោលបំណង នៃសមយុទ្ធនីមួយៗ បានធ្វើឡើងជាលក្ខណៈទ្វេភាគី ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីកងទ័ពរំដោះប្រជាជនចិន និងសុទ្ធតែបានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការ ការលើកកម្ពស់កិច្ចទំនាក់ទំនង បង្កើនចំណងសាមគ្គីភាព សម្ព័ន្ធមេត្រីភាព បណ្តុះបណ្តាលចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ អភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពកងទ័ពប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការ ជាលក្ខណៈពហុភាគីឲ្យយោធិនគ្រប់រូបចេះសម្របសម្រួល ចេះរស់នៅ និងចេះធ្វើការរួមជាមួយជាតិសាសន៍ជាច្រើន ទាំងក្នុងពេលប្រតិបត្តិការក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលមិនមែនជាប្រពៃណី ។

អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បញ្ជាក់ថាក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នាយឧត្ដមសេនីយ៍ សូមសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិត ប្រជាជនចិនជាច្រើនពាន់នាក់ ព្រមទាំងការប៉ះពាល់ដល់ផលប្រយោជន៍ ខាងវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរដែលបណ្ដាលមកពី មេរោគជម្ងឺផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ នាពេលកន្លងមក ។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលនៅតែមានគោលជំហរមិនងាករេ ក្នុងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនចិនដោយពុំមានការរើសអើងហើយសង្ឃឹមថាជម្ងឺដ៍កាចសាហាវមួយនេះនឹងត្រូវបានបញ្ចប់នៅក្នុងពេលដ៍ឆាប់ខាងមុខនេះ “។

នាយឧត្តមសេនីយ៍ថ្លែងបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវ សុខសន្តិភាពពេញលេញ នាឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និង ការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយឈ្នះឈ្នះ ។  អាស្រ័យដោយយើងមានសន្តិភាពនេះហើយ ទើបកម្ពុជាមានឱកាសស្តារ និង អភិវឌ្ឍប្រទេសឲ្យមានសន្ទុះរីកចម្រើន ជាបន្តបន្ទាប់លើគ្រប់វិស័យ។

កម្ពុជា បានធ្វើសមាហរណកម្ម ចូលក្នុងសហគមន៍អន្តរជាតិ ក្នុងក្របខ័ណ្ឌសមាជិកនានា ទាំងក្នុងតំបន់ និង សកលលោក ការបញ្ជូនកងទ័ពទៅចូលរួម បេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំតូច ដែលប្រការនេះពិតជាបានលើកស្ទួយកិត្យានុភាពជាតិ និង កិត្តិយសជាតិ ឲ្យមានភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសលើសកលលោក ។សមិទ្ធផលដែលរាជរដ្ឋាភិបាល ប្រជាជន និង កងទ័ពសម្រេចបានខាងលើ គឺបានមកពីការរួមចំណែក ជួយឧបត្ថម្ភគាំទ្រ ទាំងមធ្យោបាយ សម្ភារ ថវិកា ក៏ដូចជាការជួយបណ្តុះបណ្តាល ធនធានមនុស្សពីសំណាក់រដ្ឋាភិបាល ប្រជាជន និង កងទ័ពបណ្ដាប្រទេសជាមិត្ត ជាពិសេស សាធារណរដ្ឋប្រជាមានិតចិន ។ ជាក់ស្ដែងក្រៅពីការជួយឧបត្ថម្ភគាំទ្រ ជាច្រើនលើគ្រប់វិស័យនោះ ថ្ងៃនេះសមយុទ្ធនាគមាសឆ្នាំ២០២០ ក្រោមការជួយឧបត្ថម្ភគាំទ្រពីកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ (រូមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌) បានធ្វើឲ្យកងយោធពលខេមរភូមិន្ទកាន់តែមានសមត្ថភាព និង ទទួលបាននូវជំនាញថ្មីៗបន្ថែមទៀត លើប្រតិបត្តិការចម្រុះជាតិសាសន៍ ។ ជាក់ស្ដែងសមយុទ្ធនេះ នឹងផ្តល់នូវការរីកចម្រើន លើសមត្ថភាពជំនាញនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងកងកម្លាំងទាំងអស់ដែលបានចូលរួម ។

សមយុទ្ធនេះ គឺក្នុងគោលបំណងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ និង ពង្រឹងសមត្ថភាព ដកបទពិសោធន៍ គ្នាទៅវិញទៅមក និង មិនមានការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ការប្រយុទ្ធប្រឆាំងភេរវកម្មគឺជាភារកិច្ចរួមដែលបណ្ដាប្រទេសលើសកលលោកត្រូវរួមគ្នាសហការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្តិភាពក្នុងតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។

ក្នុងនោះនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីឲ្យសមយុទ្ធនាគមាសឆ្នាំ២០២០នេះប្រព្រឹត្តទៅ ដល់រលូននិងជោគជ័យរួមមាន៖

១ យោធិនគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ ត្រូវរួមសហការស្អិតល្មួត អនុវត្តឲ្យបានជោគជ័យ អនុសាសន៍ផ្តាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីខួបលើកទី២០ ថ្ងៃបង្កើតកងទ័ពជើងគោក ។  ជាមួយនោះត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពប្រតិបត្តិឲ្យបានមុឺងម៉ាត់នូវបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។

២ រាល់បណ្ដាកងឯកភាព ស្ថាប័នពាក់ព័ន្ធ និង យោធិនទាំងអស់ ត្រូវបង្កើនកិច្ចសហការក្នុងនាមជាម្ចាស់ផ្ទះ ដើរតួនាទីឈានមុខក្នុងការបង្កឲ្យមានភាពស្និទ្ធស្នាល បង្កើតនូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឲ្យភាគីមិត្តបានយល់ និង ជ្រួតជ្រាបកាន់តែស៊ីជម្រៅថែមទៀត អំពើតម្លៃនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិយើង ។ ក្នុងករណីចាំបាច់ត្រូវចេះជួយសម្របសម្រួលដល់កម្លាំងភាគីមិត្ត ផ្តល់បទពិសោធន៍ និង ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកដោយក្តីស្មោះត្រង់ ជ្រះថ្លា ក្នុងនាមសហការីរួមវិជ្ជាជីវៈ ។

៣ ត្រូវខិតខំក្រេបយកចំណេះដឹង ចំណេះធ្វើថ្មីៗ ល្អៗសម្រាប់បំពេញភារកិច្ចការពារ និង កសាងមាតុភូមិរបស់យើង ក៏ដូចជាការចូលរួមចំណែកថែរក្សាការពារសន្តិភាព ស្ថេរភាពពិភពលោកឲ្យបានគង់វង្ស ។

៤ លើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពស្មោះសរ ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ និងគោរពគ្នាទៅវិញទៅមកដោយស្មើភាព សំដៅធ្វើយ៉ាងណាឲ្យដំណើរការសមយុទ្ធនាគមាសឆ្នាំ២០២០ ដ៍មានអត្ថន័យ និងសារៈសំខាន់នេះ ប្រព្រឹត្តិទៅទទួលបានលទ្ធផលខ្ពស់ ។

៥ ត្រូវពង្រឹងការលើកកម្ពស់ ថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការអនាម័យ ដើម្បីបង្ការនូវជម្ងឺឆ្លង ស្របតាមសេចក្ដីអំពាវនាវរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

៦ គណៈកម្មការ និង ក្រុមការងារទាំងអស់ត្រូវខិតខំអនុវត្តតួនាទីស្នូលរបស់ខ្លួនឲ្យបានហ្មត់ចត់ និង ធានាការរាល់ការដោះស្រាយផ្គត់ផ្គង់ ការងារធានា បែងចែកឲ្យបានល្អ និង ត្រឹមត្រូវទៅតាមគោលរបប ដែលបានកំណត់ ពិសេស ត្រូវធានាឲ្យបាននូវសុវត្ថិភាពទាំងមនុស្ស និង គ្រឿងបំពាក់ ទាំងក្នុងពេល និង ក្រោយសមយុទ្ធឲ្យបាន១០០% ។

គួរជម្រាបជូនថា ប្រតិបត្តិការ សមយុទ្ធ នាគ មាស លើក ទី ៤ ឆ្នាំ ២០២០ រវាង កងយោធពល ខេមរភូមិន្ទ និង កងទ័ព រំដោះប្រជាជន ចិន កងកម្លាំង កងទ័ពជើងគោក កងទ័ព រំដោះប្រជាជន ចិន មាន កម្លាំង ចូលរួម ចំនួន ២៦៥ នាក់ រួម នឹង យុទ្ធោបករណ៍ និង បរិក្ខារ យោធា ដែល រួមមាន យន្តហោះ ប្រភេទ ឧ ត្ថ ម្ភា ក ចក្រ កងទ័ព ជើង អាកាស MI ១៧ ប្រភេទ ហ្ស៊ែ ត ណា ញ (Z9) រថពាសដែក ប៉េអឹម ប៉េ ១, រថក្រោះ តេ ៥៥, កាំភ្លើង ធំ ធន់ ធ្ងន់ ប្រភេទ អូស សណ្តោង , កាំភ្លើងត្បាល់ ១២០ មី លី ម៉ែត្រ , ៨២ មី លី ម៉ែត្រ , ៦០ មី លី ម៉ែត្រ រួម នឹង សព្វាវុធ ធុន ស្រាល មួយចំនួនធំ ថែមទៀត ៕

To Top