ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា កាលពីឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៩.៨០៦ករណី កើនឡើងប្រមាណ២២.៥៤% ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់ កើនឡើងប្រមាណ២៤,៥៤% និងចាប់យកគ្រឿងញៀន ចំនួន ៧៥០គីឡូក្រាម កើនឡើងប្រមាណ៣៩,៩៦%។
ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៩.៨០៦ករណី (កើនឡើងប្រមាណ២២.៥៤%) ឃាត់ខ្លួនជនសង្ស័យបានចំនួន ២០.៤៩០នាក់ (កើនឡើងប្រមាណ២៤,៥៤%) ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួន ៧៥០គីឡូក្រាម (កើនឡើងប្រមាណ៣៩,៩៦%)”។
លោកបន្ដថា ព្រមទាំងបានបង្កក និងរឹបអូសនូវអចលនា និងចលនវត្ថុជាសម្ភារ និងថវិកាពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ បង្ក្រាបបានករណីធំៗ ចំនួន៦១ករណី ដែលមានជនសង្ស័យចំនួន១៤០នាក់ ជនបរទេស៥៤នាក់ មេក្លោងចំនួន២៧នាក់ និងបណ្ដារបស់ពួកវា ១១៣នាក់។
លោកបន្ថែមថា ជាមួយគ្នានេះ តាមរយៈប្រតិបត្តិការដ៏ម៉ឹងម៉ាត់របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានទប់ស្កាត់ និងលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ដ និងទីតាំងសប្បាយដ្ឋានានា ទូទាំងប្រទេស ចុងឆ្នាំ២០១៩កន្លងទៅនេះ។
សូមរំលឹកថា យោងតាមរបាយការណ៍សង្ខេប ស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ បានឲ្យដឹងថា ឆ្នាំ២០១៩ សម្ភារចាប់យក ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត រួមមាន ៖ រថយន្ដ៧២គ្រឿង ,ម៉ូតូ២.៦៥៣គ្រឿង ,ទូរស័ព្ទ៧.០៤១គ្រឿង ,ជញ្ជីង៣៩៨គ្រឿង ,អាវុធវែង១១ដើម ,អាវុធខ្លី១១ដើម ,ប្រាក់កម្ពុជា៩៨.៦៨២.៤០០រៀល ,ប្រាក់អាមេរិក១២៨.៨២២ដុល្លារ ,ប្រាក់ថៃ៨១.៥៧០បាត ,ប្រាក់វៀតណាម១៦.៥៧៨.០០០ដុង ,បង្កកផ្ទះល្វែង១កន្លែង និងផ្ទះដីឡូត៍១កន្លែង នៅខេត្តកំពង់ស្ពឺ។
របាយការណ៍ បន្ថែមថា ក្រុមឧក្រិដ្ឋជននៅតែប្រើប្រាស់កម្ពុជាធ្វើជាទីកន្លែងឆ្លងកាត់គ្រឿងញៀន ពិសេស បណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ហើយបច្ចុប្បន្នចរន្ដហូរចូលគ្រឿងញៀនមកកម្ពុជា ក្រៅពីទិសនៅភាគឥសាន ក៏មានការហូរចូលតាមព្រំដែន កម្ពុជា-ថៃ និងមានការលួចនាំចេញតាមច្រកព្រំដែន កម្ពុជា-វៀតណាម ជាករណីបទល្មើសគ្រឿងញៀនធំៗផងដែរ៕
ដោយ ៖ អេង ប៊ូឆេង