ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បញ្ជាឲ្យកាត់ទោស អ្នកប្រព្រឹត្តបទល្មើស គ្រឿងញៀនធំៗ ដោយគ្មានការលើកលែង

ភ្នំពេញ ៖ ក្រោយពីសាធារណជនមួយចំនួន មានការសង្ស័យថា ការកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន មានភាពលម្អៀងនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវទៅដល់ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវកាត់ទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ករណីធំៗ ដោយគ្មានការលើកលែងឡើយ ។

ក្នុងសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នៅទីស្ដីការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន បានថ្លែងថា រឿងចាត់ចែងចលនៈ និងអចលនៈទ្រព្យ ដែលរឹបអូសពីបទល្មើសគ្រឿងញៀន ក៏នៅតែមានភាពយឺតយ៉ាវ ធ្វើឲ្យទ្រព្យ ពិសេស ចលនៈទ្រព្យជាច្រើន បាត់បង់គុណភាព និងតម្លៃសេដ្ឋកិច្ច ឬមិនអាចយកមកប្រើប្រាស់បាន បញ្ហានេះជាចំណែកសំខាន់ ជះឥទ្ធិពលអវិជ្ជមាន ដល់ការគាំទ្រ ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកបន្ដថា ការសម្រេចដាក់ទោសខ្លះៗ ក៏មានបញ្ហាត្រូវមានការពិនិត្យ ឲ្យបានត្រឹមត្រូវ តាមច្បាប់ជាពិសេស ករណីធំៗ ទៅលើឈ្មូញប្រព្រឹត្ត ដែលមានឥទ្ធិពល នៅក្នុងសង្គម មានទ្រព្យសម្បត្តិច្រើនមកពី បទល្មើសគ្រឿងញៀន។

លោក មានប្រសាសន៍ថា «តុលាការកាត់ទោសជាង៨ពាន់ករណី ក្នុងមួយឆ្នាំៗគឺច្រើនណាស់។ ប៉ុន្ដែមានករណីខ្លះ មតិសាធារណៈនៅតែមានសង្ស័យ លើការកំណត់ទោស ភាគច្រើនករណីធំៗ ដែលយើងផ្សាយចេញ លទ្ធផលកន្លងទៅនេះ ។ប៉ុន្ដែការកាត់ទោសខ្លះ នៅតែមានសង្ស័យ ខ្ញុំនិយាយយ៉ាងនេះ អាចដឹងករណីណាខ្លះ ហើយសូមពិនិត្យបញ្ហានេះ ត្រូវប្រុងប្រយ័ត្នបំផុត ហើយខ្ញុំ ស្នើនាយកដ្ឋានអនុវត្តច្បាប់ របស់អាជ្ញាធរក្រោមការដឹងនាំ អគ្គលេខាដ្ឋាន ត្រូវតាមដាន ករណីធំៗឲ្យជាប់ ដោយមិនមានការលើកលែង»។

ជាងនេះទៅទៀត លោក កែ គឹមយ៉ាន ណែនាំឲ្យថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តចាត់វិធានការ ឲ្យកាន់តែសកម្មថែមទៀត និងបំពញបន្ថែមនូវរាល់ចំណុចខ្វះខាត ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយ ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងគ្រឿងញៀន។

លោកបញ្ជាក់ថា ចំពោះការរៀបចំពេទ្យជំនាញ ក៏មិនទាន់ឆ្លើយតប ចំពោះការកើនឡើង នៃចំនួនអ្នកញៀនគ្រឿងញៀន ក៏ដូចជាការកើនឡើង នៃសេវាតាមសហគមន៍ និងតាមមណ្ឌលបណ្តោះអាសន្ន ដែលទាំងនេះ មិនទាន់និយាយដល់ ការបណ្តុះបណ្តាលបំណិនជីវិត វិជ្ជាជីវៈ ការជួយស្វែងរកការងារ ដែលសុទ្ធតែជាការងារចាំបាច់ សម្រាប់គាំទ្រដល់ដំណើរការ នៃការធ្វើសមហរណកម្ម។ ចំណុចខ្វះខាតទាំងនេះនឹង ជះឥទ្ធិពលជាអវិជ្ជា មានលើការងារព្យាបាល និងស្តារនិតិសម្បទាដែលបាន និងកំពុងអនុវត្តនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំងគ្រៀងញៀន បានថ្លែងថា ក្រុមឧក្រិដ្ឋជននៅ តែប្រើប្រាស់កម្ពុជា ធ្វើជាទីកន្លែងឆ្លងកាត់គ្រឿងញៀន ពិសេស នៅតាមបណ្ដា ខេត្តជាប់ ព្រំដែនជាមួយ ប្រទេសជិតខាង ដូច្នេះ ភាគីពាក់ព័ន្ធ ត្រូវមានវិធានការទប់ស្កាត់ គ្រប់ពេលវេលាផងដែរ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ថា “ក្រុមឧក្រិដ្ឋជន នៅតែប្រើប្រាស់ កម្ពុជាធ្វើជាទីកន្លែងឆ្លង កាត់គ្រឿងញៀន ពិសេសបណ្ដាខេត្តជាប់ព្រំដែនជា មួយប្រទេសជិតខាង ហើយ បច្ចុប្បន្ន ចរន្ដហូរចូលគ្រឿងញៀនមកកម្ពុជា ក្រៅពីទិសនៅ ភាគឥ សាន ក៏មានការហូរចូលតាមព្រំដែន កម្ពុជា-ថៃ និងមានការ លួច នាំចេញតាមច្រកព្រំដែន កម្ពុជា-វៀតណាម ជាករណី បទល្មើស គ្រឿងញៀនធំៗផងដែរ”។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្ពុជានៅតែចាត់ទុក អ្នកប្រើប្រាស់គ្រឿងញៀន ជាជនរងគ្រោះ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ មន្ដ្រីអ្នកអនុវត្តច្បាប់ ត្រូវដើរតួនាទីអប់រំផ្សព្វផ្សាយ និងពន្យល់ពលរដ្ឋ អំពីគ្រោះថ្នាក់ នៃប្រើប្រាស់គ្រឿងញៀន។

លោកថា «បច្ចុប្បន្ននេះទីផ្សារ នៃការប្រើប្រាស់គ្រឿងញៀន គឺប្រែប្រួល ពីការប្រើប្រាស់ ធម្មជាតិ ទំនោរទៅប្រើប្រាស់ គ្រឿងញៀនសំយោគ និងសារធាតុញៀនថ្មី»។

លោកបន្ថែមថា ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៣ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិ បានទប់ស្កាត់សារភាពការណ៍ ពាក់ព័ន្ធទៅនឹងនៃការប្រើប្រាស់គ្រឿងញៀន មានន័យថា ចំនួនអ្នកប្រើប្រាស់ មិនបានរីករាលជាគំហុកទេ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរជាតិ ទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងញៀន បានរីករាលដាលពីទីក្រុង ទៅដល់ជនបទ។ ក៏ប៉ុន្ដែបើប្រៀបធៀប ទៅនឹងបណ្ដាប្រទេសដទៃ អ្នកប្រើប្រាស់គ្រឿងញៀន គ្មានការកើនឡើងឡើយ។

លោកបន្ដថា ក្រោយយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងទៅនេះ ទទួលជោគជ័យ ប្រមុខរាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឲ្យ អាជ្ញាធរជាតិ បន្ដយុទ្ធនាការ លើកទី៥ ឆ្នាំ២០២០ ។

លោកថា យុទ្ធនាការ លើកទី៥ អាជ្ញាធរជាតិ នឹងបន្ដទប់ស្កាត់ ឲ្យបានបញ្ហាប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ដធំៗ ធ្វើយ៉ាងឲ្យស្ថានភាពគ្រឿងញៀន ក្នុងគ្រប់គ្រងរបស់អាជ្ញាធរជាតិ យ៉ាងពិតប្រាកដ។

បន្ថែមពីនេះ លោកក៏បានដាស់តឿន ចំពោះអ្នកបម្រើសេវាកម្មក្លឹបកម្សាន្ដ កុំជាប់ពាក់ព័ន្ធក្នុងការបម្រើសេវាប្រើប្រាស់ និងជួញដូរ គ្រឿងញៀនព្រោះការអនុវត្តច្បាប់គ្រឿងញៀន គឺរឹបអូសទ្រព្យដែលកើតចេញពីបទល្មើសគ្រឿងញៀន ដូច្នេះ ពួកគាត់មាន ហានិភ័យខ្ពស់ណាស់ ហើយទ្រព្យពួកគាត់នឹងចូលជាថវិកាជាតិផងដែរ។

ឆ្លៀតឱកាសនោះដែរ លោក មាស វីរិទ្ធ សង្ឃឹមថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀន មានការភ័យខ្លាច ចំពោះការរីករាលដាល់ ជំងឺ កូវីដ-១៩។ លោកថា «ខ្ញុំសង្ឃឹមថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនគាត់ ក៏មានការភ័យខ្លាចនៃការរីករាលដាល ហើយម្យ៉ាងវិញទៀត នៅតាមព្រំដែនទាំងអស់ ក៏មានយុទ្ធនាការ ក្នុងការត្រួតពិនិត្យ។ ក្រុមឧក្រិដ្ឋជន ក្នុងការដឹកជញ្ជូនគ្រឿងញៀន ឆ្លងកាត់ព្រំដែន ប្រហែលជាមិនផ្សងសំណាងជាមួយ យុទ្ធការក្នុងការត្រួតពិនិត្យ»។

បើតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យផងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ចំនួន៩.៨០៦ករណី កើនឡើងប្រមាណ២២.៥៤% ឃាត់ខ្លួនជនសង្ស័យ ចំនួន ២០.៤៩០នាក់ កើនឡើងប្រមាណ២៤,៥៤% និងចាប់យកគ្រឿងញៀន ចំនួន ៧៥០គីឡូក្រាម កើនឡើងប្រមាណ៣៩,៩៦%៕ ដោយ ៖ អេង ប៊ូឆេង

To Top