ព័ត៌មានជាតិ

ក្រសួងដែនដី អះអាងថា ទោះជំងឺកូវីដ១៩ រីករាលដាលខ្លាំង តែវិស័យសំណង់ នៅកម្ពុជា មានការកើនឡើង (វីដេអូ)

ក្រសួងដែនដី អះអាងថា ទោះជំងឺកូវីដ១៩ រីករាលដាលខ្លាំង តែវិស័យសំណង់

ក្រសួងដែនដី អះអាងថា ទោះជំងឺកូវីដ១៩ រីករាលដាលខ្លាំង តែវិស័យសំណង់ នៅកម្ពុជា មានការកើនឡើងhttps://dap-news.com/national/2020/03/16/41192/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ច័ន្ទ 16 មីនា 2020

ភ្នំពេញ ៖ លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ទោះបីជាមានការរីករាលដាលខ្លាំង នូវជំងឺកូវីដ១៩ ស្ទើរទូទាំងសកលលោកយ៉ាងណាក៏ដោយ តែវិស័យសំណង់នៅកម្ពុជា នៅតែមានការកើនឡើង គួរឲ្យកត់សម្គាល់ដោយជាក់ស្ដែង មានក្រុមហ៊ុន វិនិយោគមួយចំនួន នៅតែដាក់ពាក្យ ស្នើសុំសាងសង់ជាបន្តបន្ទាប់ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូនីយកម្មនិងសំណង់” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក សេង ឡូត បានថ្លែងថា ”ខ្ញុំបានអានការវិភាគ សេដ្ឋកិច្ចពិភពលោកតាមសារព័ត៌មាន ជាច្រើន របស់អ្នកវិភាគសេដ្ឋកិច្ច ក្នុងពិភពលោកក៏បានលើកឡើង ហើយនិងមានការព្រួយបារម្ភថា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចពិភពលោកនឹង រងផលប៉ះពាល់ធ្ងន់ធ្ងរ ពីបញ្ហាវីរុសឆ្លងកូវីដ១៩នេះ ហើយរហូតដល់មានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងត្រូវកាត់បន្ថយ ៥០%នៅក្នុងឆ្នាំ២០២០នេះ ។ ប៉ុន្តែបើយើងមើលទៅលើ វិស័យសំណង់ នៅកម្ពុជាយើង តាមរយៈការដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាតសាងសង់ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ យើងខ្ញុំតាមដាន ជាប្រចាំដែរ ដោយសារព្រឹត្តិការណ៍នេះ កំពុងតែរីករាលដាល ហើយយើងក៏ចង់ដឹងដែរ ថាតើវិស័យសំណង់នេះ ថមថយឬក៏ថេរ ឬក៏នៅតែបន្តកើនរហូត មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ យើងសង្កេតឃើញថា អត់ទាន់មានការថយចុះទេ ។ ផ្ទុយទៅវិញការស្នើសុំសាងសង់ ជាគម្រោង ដែលបានដាក់ស្នើសុំកើនឡើង ហ្នឹងយើងអត់ទាន់ បានទៅមើលសំណង់ ដែលបានសាងសង់ជាក់ស្ដែង កំពុងសង់ឬយ៉ាងណា គ្រាន់តែស្នើសុំសាងសង់ ចំនួនគម្រោងកើនឡើង”។
លោកបញ្ជាក់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ មានក្រុមហ៊ុនដាក់ពាក្យស្នើសុំការសាងសង់ មានចំនួន៥២៣គម្រោង បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០១៩ មានការកើនឡើងទ្វេដង។

លោកបន្ថែមថា ក្រុមហ៊ុនដែលមកវិនិយោគ លើវិស័យសំណង់នៅកម្ពុជា មានចំនួន១៨ ប្រទេស ដោយក្នុងនោះអ្នកវិនិយោគ មកពីប្រទេសចិនឈរ នៅលំដាប់ថ្នាក់លេខ១កូរ៉េឈរ នៅលំដាប់ថ្នាក់លេខ២ និងជប៉ុនឈរ នៅលំដាប់ថ្នាក់លេខ៣ ។

លោកបន្ថែមទៀតថា ចំពោះការវិនិយោគលើវិស័យសំណង់នេះផងដែរ មិនមែនមានតែបរទេសនោះទេ ប៉ុន្តែអ្នកវិនិយោគ ក្នុងស្រុក ក៏មានច្រើនខ្លាំងណាស់ដែរ ដោយមានអ្នកខ្លះជាម្ចាស់សាងសង់បុរី ដែលជាលក្ខណៈលំនៅដ្ឋានធំៗ ដោយគិតមកដល់បច្ចុប្បន្ន មានចំនួន ៣២៧ទីតាំង ដែលនេះសឹងតែជាវិនិយោគ ក្នុងស្រុកទាំងអស់ ។ លោកថាបច្ចុប្បន្នកម្ពុជា មានអគារខ្ពស់ៗមានជិត២ពាន់អគារ និងមានសណ្ឋាគារជិត២ពាន់ ។

ក្នុងឱកាសនោះដែរអ្នកនាំពាក្យអះអាងថា រហូតមកដល់ពេលនេះក្រសួងបានចុះបញ្ជី ក្បាលដីជូនប្រជាពល រដ្ឋបានជាង៥លានក្បាលដី ក្នុងចំណោមក្បាលដីនៅទូទាំងប្រទេស មានជាង៧លានក្បាលដី ហើយនឹងជំរុញបញ្ចប់នៅឆ្នាំ២០២១។

លោកបន្តថា “រហូតមកដល់ពេលនេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បាន ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាង៥លាន៦សែនក្បាលដី ស្មើ៨១ភាគរយ ធៀបនឹងចំនួនក្បាលដី ដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេស មានប្រមាណជាង៧លានក្បាលដី”។

លោកសង្កត់ធ្ងន់ថា ការចុះបញ្ជីដីធ្លីនេះមិន មានការគៀបសង្កត់ ឬបង្ខិតបង្ខំប្រជាពលរដ្ឋណាមួយនោះទេ។ ការចុះបញ្ជីដីនេះដែរមាន នីតិវិធីជាដំណាក់កាលៗ ដែលបានធ្វើការផ្សព្វផ្សាយជាច្រើន។

លោកបញ្ជាក់ថា មកដល់ពេលនេះក្រសួងបានចុះបញ្ជីដីធ្លី ជូនជនជាតិដើមភាគតិចបាន៣០សហគមន៍ហើយ បើនិយាយនៅទ្វីបអាស៊ីគឺកម្ពុជា បានចុះបញ្ជីដីធ្លីជូនជនជាតិដើមភាគីតិចឈានមុខគេ ។

លោកបន្ថែមថា ក្រសួងក៏បានចុះបញ្ជីដីធ្លីរបស់រដ្ឋផងដែរ ក្នុងគោលបំណងការពារដីរដ្ឋ ដោយមានទាំង ការចុះបញ្ជី ដើម្បីមានឯកសារ និយាមការច្បាស់លាស់ ជៀសវាងការរំ លោភយកដីរដ្ឋពីជនខិលខូចមួយចំនូន។

លោកបន្ថែមទៀតថា ចំពោះដីរដ្ឋដែលធ្វើបណ្ណកម្មសិទ្ធិ កាន់កាប់ជូនឲ្យប្រពលរដ្ឋវិញ គិតមកដល់ពេលក្រសួងធ្វើបានចំនួន៤០ម៉ឺនគ្រួសារហើយ ដែលមានផ្ទៃដីសរុប១លាន២សែនហិកតា ។

ទាក់ទិនជាមួយការការពារដីរដ្ឋវិញ លោកថា ក្រសួងបានបង្កើតគណៈកម្មការនៅតាមរាជធានី-ខេត្តទាំងអស់ ដើម្បីគ្រប់គ្រងការពារដីរដ្ឋ ក្នុងគោលបំណង បញ្ជៀសនូវការទន្ទ្រាន ឬរំលោភសព្វបែបយ៉ាងផងដែរ។

សម្រាប់ការដោះស្រាយវិវាទដីធ្លីវិញ លោកបញ្ជាក់ថា មកដល់ពេលនេះ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំ មកក្រសួងដើម្បីធ្វើអន្តរាគមន៍ មានចំនួនជាង១ម៉ឺនករណី ហើយក្រសួងក៏បានដោះស្រាយបញ្ចប់ជាស្ថាពរដែរ ហើយនិងបន្តដោះស្រាយប្រមាណជា ២ពាន់ករណីបន្ថែមទៀត។

លោកបន្តថា “ការដោះស្រាយវិវាទដីធ្លីនេះ បើយើងគិតគ្រប់យន្តការទាំងអស់ដែលមានមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលបានដាក់ពាក្យ សុំអន្តរាគមន៍ ជួយដោះស្រាយវិវាទដីធ្លីនេះគឺយើងមានពាក្យស្នើសុំ អន្តរាគមន៍នេះ គឺជាង១ម៉ឺនករណី ១ម៉ឺន២ពាន់ ១ម៉ឺន៣ពាន់ ករណីហើយ យើងបានដោះស្រាយ បញ្ចប់ជាស្ថាពរ នៅបន្តដោះស្រាយ ប្រមាណ២ពាន់ករណី ២ពាន់ករណីនេះ យើងថាហ្អីម៉េចក៏និយាយ ថានៅសល់តែ២ពាន់ករណី បើស្អែកឡើងឬក៏ខាងស្អែក មានប្រជាពលរដ្ឋ ដាក់ពាក្យមកទៀត នេះគឺអ្វីដែលយើង បូកសរុបបានមកដល់ថ្ងៃនេះ”។

ទាក់ទងជាមួយការសាងសង់វិញ អ្នកនាំពាក្យក៏បានអំពាវនាវ ដល់គ្រប់ក្រុមហ៊ុនសាងសង់ ទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា បើមិនដូច្នោះនឹងអនុវត្តន៍យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែងឡើយ។

លោកបញ្ជាក់ថា “ម្ចាស់សំណង់ទៀតសោត មុនពេលជួលក្រុមហ៊ុននោះ មកសាងសង់ត្រូវមើលថាក្រុមហ៊ុននោះ មានចុះបញ្ជីឬក៏អត់មាន បើអត់មានចុះបញ្ជីទេ កុំទទួលមកធ្វើសំណង់របស់ខ្លួនត្រូវតែក្រុមហ៊ុននោះ មានចុះបញ្ជី ក្រុមហ៊ុន កាលណាចុះបញ្ជី គឺក្រុមហ៊ុននោះ មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ព្រោះគេតម្រូវ មានអ្នកបច្ចេកទេស អ្នកអីគ្រប់លក្ខខណ្ឌ បានក្រសួងចេញវិញ្ញាប័នបត្រ ធ្វើអាជីវកម្មឲ្យ។ចឹងការរួមចំណែក ទាំងអស់គ្នានេះសំខាន់ណាស់ ហើយក្រុមហ៊ុន ដែលជាម្ចាស់សំណង់ បើឃើញថា ក្រុមហ៊ុនសាងសង់ហ្នឹងគ្មាន វិញ្ញាប័នបត្រប្រកបអាជីវកម្មទេ កុំយកមក ហើយក្រុមហ៊ុនដែល ទទួលសាងសង់ទៀតសោត បើឃើញថាម្ចាស់សំណង់ហ្នឹង អត់បានសុំច្បាប់ ឬសុំលិខិតអនុញ្ញាតសាងសង់ទេ មកជួលខ្លួនឲ្យសង់ សូមកុំទទួលសង់។អីចឹងទាមទារទាំងអស់គ្នា គ្រប់ប្រតិបត្តិករទាំងអស់ហ្នឹង ប្រកាន់ភ្ជាប់ ក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពបទដ្ឋានបច្ចេកទេសទាំងអស់គ្នា ទើបធានាថា ការធ្វើអាជីវកម្មក្នុងវិស័យសំណង់នេះ មានសុវត្ថិភាព” ៕ ដោយ៖ធី លីថូ

To Top