ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត មានមោទកភាព ចំពោះពលទាហានថ្មី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើសបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ កំពុងហ្វឹកហ្វឺន រៀនសូត្រនៅក្នុង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និង នៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ កំពង់ស្ពឺ, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

លោក សូមអបអរសាទរចំពោះពលទាហានថ្មី ដែលទើបទទួលបានការជ្រើសរើស ឱ្យចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដោយឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃយ៉ាងហ្មត់ចត់ សំរិតសម្រាំងចេញពីបេក្ខជនដែលបាន ស្ម័គ្រចិត្តដាក់ពាក្យដ៏ច្រើន ហើយដែលកំពុងឆ្លងវគ្គហ្វឹកហ្វឺន នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក និងនៅសាលាពលទាហានទី៣ យោធភូមិភាគទី៣ នេះ ដើម្បីក្លាយខ្លួនជាកងទ័ពបម្រើជាតិ, ត្រៀមលក្ខណៈបម្រើប្រជាពលរដ្ឋ និងការពារសុខសន្តិភាព។ 

លោកមេទ័ពជើងគោក បានលើកឡើងថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ព មិនមែនត្រឹមតែជាការប្តូរមកពាក់ឯកសណ្ឋានតែប៉ុណ្ណោះទេ។ ក្នុងនាមជាកងទ័ព គឺត្រូវយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព, វិន័យសណ្តាប់ធ្នាប់ជួរទ័ព និងចំណេះដឹងយោធាផ្សេងៗ ដោយត្រូវឆ្លងកាត់ការហ្វឹកហ្វឺនត្រឹមត្រូវ និងតឹងរ៉ឹង។ 

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពិតណាស់ វគ្គហ្វឹកហ្វឺនរយៈពេល ០៣ ខែនេះ ទោះបីជាមានរយៈពេលមិនវែង ប៉ុន្តែចាប់ពីថ្ងៃទី១មក វគ្គហ្វឹកហ្វឺននេះ បានផ្តល់ឱ្យពលទាហានថ្មីនូវចំណេះដឹង និងបទពិសោធន៍ជាច្រើន ដូចជាការយល់ដឹងអំពីជីវិតជាកងទ័ព របៀបរបបការងារកងទ័ព, ចេះលះបង់ភាពជាបុគ្គល ដោយចាប់ផ្តើមធ្វើការងារជាក្រុម, ចេះជួយយកអាសារគ្នាក្នុងគ្រាលំបាក, ទទួលបានការយល់ដឹងអំពីតួនាទីភារកិច្ចកងទ័ព និងសណ្តាប់ធ្នាប់ជួរទ័ព ព្រមទាំងយុទ្ធវិធីយោធា, ចំណេះដឹងយោធា, ឋានលេខា, និងក្បួនច្បាប់វិន័យយោធា ដែលមិនអាចហ្វឹកហ្វឺនរៀនសូត្រ នៅក្នុងគ្រឹះស្ថានអប់រំស៊ីវិលបានឡើយ»។

លោកជឿជាក់ថា ម្យ៉ាងវិញទៀត វគ្គហ្វឹកហ្វឺននេះ ក៏ជាមូលដ្ឋានសំខាន់ ដើម្បីឱ្យពលទាហានថ្មី មានសមត្ថភាពចេញទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ក៏ដូចជាដើម្បីឱ្យពួកគេក្តាប់ជាប់នូវតួនាទីនិងភារកិច្ច ចាប់ពីថ្នាក់ពលទាហានទៅ មុននឹងអាចទទួលបានចំណេះដឹងបន្ថែមពី ការអនុវត្តការងារជាក់ស្តែង ឬបន្តរៀសូត្រទៅមុខ ហើយដែលថ្ងៃក្រោយ ក៏អាចនឹងក្លាយខ្លួនជានាយទាហាន ប្រកបដោយសមត្ថភាពផងដែរ។ 

លោកឧត្តមសេនីយ៍ បានបន្ថែមថា ការស្រូបយកចំណេះដឹង និងទាញយកអត្ថប្រយោជន៍ជាក់ស្តែង ចេញពីវគ្គហ្វឹកហ្វឺននេះ គឺអាស្រ័យលើកម្រិតនៃការតស៊ូ ព្យាយាមយកចិត្តទុកដាក់របស់ខ្លួនយើងម្នាក់ៗ ដូច្នេះសូមផ្តាំផ្ញើសិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់រៀនសូត្រ, ខិតខំគោរពវិន័យ, ត្រងត្រាប់ស្តាប់ការបង្រៀនរបស់យោធាចារ្យ និងតស៊ូប្រឹងប្រែងលុតដំខ្លួន ដើម្បីឱ្យម្នាក់ៗក្លាយជាយោធិនល្អនៃកងយោធពលខេមរភូមិន្ទ សម្រាប់អនាគតខ្លួនឯង និងអនាគតកងទ័ពយើង ហើយក៏ត្រូវពង្រឹងស្មារតីរួបរួមសាមគ្គីគ្នា, បង្កើត និងរក្សាមិត្តភាពឱ្យបានទៅថ្ងៃក្រោយទៀត មុននឹងទទួលការចាត់តាំងឱ្យទៅបំពេញភារកិច្ចនៅតាមបណ្តាអង្គភាព ក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន។

លោក ក៏សូមអរគុណថ្នាក់ដឹកនាំមជ្ឈមណ្ឌល, ថ្នាក់ដឹកនាំសាលា, គណៈគ្រប់គ្រងវគ្គ, យោធាចារ្យ និងស្ថាប័នជំនាញចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំសហការដឹកនាំសម្របសម្រួលគ្រប់គ្រងកិច្ចការហ្វឹកហ្វឺននេះ ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន, និងថ្នាក់ដឹកនាំកងទ័ពជើងគោក លើការងារធានាផ្គត់ផ្គង់ សំដៅធ្វើយ៉ាងណាឱ្យវគ្គហ្វឹកហ្វឺននេះ អាចដំណើរការទៅបានដោយជោគជ័យ។

To Top