ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា អាជ្ញាធរមានគោលការណ៍ ចង់ព្យាបាលអ្នកញៀនថ្នាំ នៅមណ្ឌលសុខភាព តាម ឃុំ-សង្កាត់ ដើម្បីងាយស្រួលដល់អាជ្ញាធរ មូលដ្ឋាន ក្នុងការគ្រប់គ្រង ពួកគាត់ ។
ក្នុងសន្និបាតបូកសរុប លទ្ធផលការងារត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ២០១៩ ទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៤ លោក កែ គឹមយ៉ាន សង្កេតឃើញថាអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្ត មានការទុកចិត្តជាយ៉ាងច្រើន ពីអ្នកប៉ះពាល់គ្រឿងញៀន រហូតទៅដល់៤៣ ទៅ៤៤% ខណៈព្យាបាលនៅមណ្ឌលសុខភាព តាម ឃុំ-សង្កាត់ មានត្រឹមតែ ១៥%ប៉ុណ្ណោះ ។
លោកមានប្រសាសន៍ថា “គោលការណ៍របស់យើង ចង់ព្យាបាល នៅជិតផ្ទះសម្បែង ហើយប្រគល់ឲ្យ ឃុំ-សង្កាត់ ជាប់នៅជាមួយមណ្ឌលសុខភាព នោះដើម្បីគ្រប់គ្រងអ្នកញៀនថ្នាំ ។ ដល់ធ្វើនៅថ្នាក់ខេត្ត ឃុំ-សង្កាត់ អត់ដឹងផង មិនដឹងព្យាបាលនៅឯណា មិនមែនដូច ជំងឺអេដស៍ ដើររកថ្នាំ។អ្នកញៀនថ្នាំ ដើរគេចពីប៉ូលិស ដល់មែនទែនទៅ ដើរគេចពីប៉ូលិសមូលដ្ឋាន ឃុំ-សង្កាត់ រួចគេចមកខេត្ត។ធ្វើយ៉ាងម៉េចពង្រឹងប្រព័ន្ធ មណ្ឌលសុខភាព ឲ្យជាកន្លែងផ្ញើរប្រាណអ្នកញៀន” ។
ឆ្លៀតឱកាសនោះដែរនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន លើកឡើងថា នៅកម្ពុជានៅតែជាប្រទេសរងគ្រោះ ចំពោះបញ្ហាចរាចរណ៍គ្រឿងញៀនឆ្លងកាត់ ដែលពួកឧក្រិដ្ឋជន ឆ្លងកាត់តាមរយៈព្រំដែន ប្រៃសណីយ៍ ផ្លូវអាកាស ជាដើម ដែលបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ ទៅដល់យុវជនកម្ពុជាផងដែរ ។
លោកថ្លែងថា“ការចរាចរណ៍ឆ្លងកាត់ទិសភាគឦសាន នៅតែជាប្រភពនាំចូលគ្រឿងញៀនមក ក្នុងប្រទេសរបស់យើង ហើយកញ្ចប់ប្រៃសណីយ៍ ក៏ជាមធ្យាបាយ ដែលពួកឧក្រិដ្ឋកម្ម បានប្រើប្រាស់ និងតាមផ្លូវអាកាស ។ បើយើងពិនិត្យមិនមានការថយចុះឡើយ ដូចជា ក្នុងប្រទេសយើង ឬក៏ស្ថានការណ៍អន្ដរជាតិ ។ ការនាំចេញ ក៏ជាគោលដៅមួយ ដែលពួកឧក្រិដ្ឋជន យកទឹកដី របស់យើង ដើម្បីប្រើប្រាស់ក្នុងការនាំចេញ គ្រឿងញៀន ទៅកាន់ប្រទេសទី៣ ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់យុវជនយើងក្នុងប្រទេសថែមទៀត” ៕ ដោយ៖ អេង ប៊ូឆេង