ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ទោះបីជាកម្ពុជា និងបណ្ដាប្រទេសនានា ក្នុងពិភពលោក កំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទប់ស្កាត់និងបង្រ្កាបក្ដី ប៉ុន្ដែស្ថានភាព ការចរាចរនិងប្រើប្រាស់គ្រឿងញៀន ពុំមានការថយចុះឡើយ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៤ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា “ទោះបីកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានា ក្នុងតំបន់និងពិភពលោកទាំងមូល បាននិងកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងសកម្ម និងខ្លាំងក្លាក្ដី ប៉ុន្ដែស្ថានភាពជារួមនៃការផលិត ការចរាចរនិងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ពុំមានការថយចុះនោះឡើយ ប៉ុន្ដែហាក់ដូចជាមានកំណើន កាន់តែច្រើនឡើងទៅវិញ”។
សម្ដេច បន្ដថា ជាក់ស្ដែងក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្ក្រាប និងចាប់យកគ្រឿងញៀនទាំងក្នុងកម្ពុជា និងក្នុងតំបន់ មានការកើនឡើងយ៉ាងខ្លាំង។ បញ្ហានេះ អាចបណ្ដាលមកពីកត្តាមួយចំនួន ដែលសម្ដេចក្រឡាហោម ធ្វើការកត់សម្គាល់ជារួម ទាំងក្នុងក្របខណ្ឌសកល តំបន់ និងកម្ពុជា រួមមាន ៖ ដោយសារការរីកចម្រើន នៃផ្នែកបច្ចេកវិទ្យាសាស្ដ្រ , វិធីសាស្ដ្រ ក្នុងការលួចលាក់ផលិត ,តម្រូវការគ្រឿងញៀន កាន់តែមានកើនឡើង ,បទល្មើសចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន អាចកើតមាននៅក្នុងមូលដ្ឋាន ភូមិ-ឃុំ ,ការដោះស្រាយបញ្ហាគ្រឿងញៀន នៅមិនទាន់បានដោះស្រាយ ជាពហុវិស័យព្រមៗគ្នា។
បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានធ្វើការណែនាំ ចំពោះអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម ត្រូវអនុវត្តការងារតាមវិស័យដូចជា ៖
ទី១-គ្រប់ក្រសួង-ស្ថាប័ន ដែលជាសមាជិកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្ដរៀបចំយន្ដការបន្ថែមទៀត។
ទី២-អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវរួមគ្នាសហការគ្នា ភូមិ-ឃុំ-សង្កាត់ ស គ្មានគ្រឿងញៀននៅទូទាំងប្រទេស។
ទី៣-អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាដើម ត្រូវបន្ដពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត។
ទី៤-គណៈកម្មាធិការជាតិ ទទួលបន្ទុកព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ត្រូវយកចិត្តទុកដាក់បន្ថែមទៀត។
ទី៥-អង្គភាពពាក់ព័ន្ធ ត្រូវបន្ដយកចិត្តទុកដាក់ ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង លើកឡើងថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវបន្ដយកចិត្តទុកដាក់បង្រ្កាប និងទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឲ្យមានប្រសិទ្ធភាព។
រដ្ឋមន្ដ្រីមហាផ្ទៃបន្ដថា ក្នុងដំណាក់កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន លើកទី៥ នេះ រាជធានី-ខេត្ត ត្រូវតែម្ចាស់ការ ចាត់តាំងអនុវត្ត ការងារប្រឡងប្រណាំង លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរាជធានី-ខេត្ត របស់ខ្លួន។ ដើម្បីឲ្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេស ការអនុវត្តទិសដៅការងារ សម្រាប់ឆ្នាំ២០២០ ក៏ដូចជា ការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៥ ទទួលបានលទ្ធផលល្អប្រសើរនោះ សម្ដេចក្រឡាហោម ស ខេង ធ្វើការអំពាវនាវ ដល់សប្បុរសជនអង្គការ សមាគម វិស័យឯកជន និងដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ សូមចូលរួម និងផ្ដល់ការគាំទ្រ តាមគ្រប់លទ្ធភាពជា មធ្យោបាយសម្ភារៈ បច្ចេកទេស និងថវិកា ដើម្បីឲ្យការដោះស្រាយ បញ្ហាគ្រឿងញៀននៅកម្ពុជា កាន់តែមានប្រសិទ្ធភាពទាំងក្នុង ក្របខណ្ឌនិងអន្ដរជាតិ៕ ដោយ ៖ អេង ប៊ូឆេង