ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងបានធ្វើតេស្តរកមេរោគកូវីដ១៩ បានចំនួន១១១២ករណី ដោយក្នុងនោះរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ៣៥ករណី ដែលសុទ្ធសឹងជាករណីនាំចូលពីបរទេស។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”និង “បច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩”នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីនបានថ្លែងថា នៅថ្ងៃនេះក្រសួងបានរកឃើញ អ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត លើជនជាតិម៉ាឡេស៊ី។
លោកស្រីបន្តថា “មកដល់ពេលនេះតួរលេខដែលយើង ធ្វើបានត្រឹមយប់មិញនេះ យើងធ្វើតេស្តបាន ១១១២ករណីហើយ ១១១២ករណីហើយ ហ្នឹងបូកទាំងអ្នកវិជ្ជមាន ដែលយើងរកឃើញ។ ចឹងមានន័យថា ក្នុងចំណោម១១១២ករណីនេះ គឺមានវិជ្ជមាន ដែលយើងបូកទាំងម៉ាឡេស៊ី ដែលក្រសួងមិនទាន់ដាក់ចូលនៅក្នុង សេចក្ដីប្រកាសព័ត៌មានទេ ដោយសារយប់ពេក យប់មិញនេះ។ ៣៥ករណីដែលវិជ្ជមាន នៅក្នុងចំណោម១១១២ករណី ដែលយើងបានធ្វើតេស្ត”។
លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះ យើងសង្កេតឃើញថាមាន ការចម្លងនូវវីរុសកូវីដ១៩នេះ នៅលើ បុគ្គលសរុបមកដល់ថ្ងៃនេះ បើយើងបូងទាំងយប់មិញ យើងទទួលបានលទ្ធផល ២ទៀត នៅលើជនជាតិម៉ាឡេស៊ីនោះ គឺសរុបទាំងអស់មកព្រឹកនេះ ដែលខ្ញុំកំពុងនិយាយនេះគឺ ៣៥នាក់។ ហើយនៅក្នុងចំណោម ៣៥នាក់នេះ មានជាតិសាសន៍ផ្សេងៗ”។
លោកស្រីរដ្ឋលេខាធិការបន្ថែមថា អ្វីដែលជាការកត់សម្គាល់ របស់ក្រុមការងារស្រាវជ្រាវ សិក្សាវិភាគលើករណី កូវីដ១៩ បានឲ្យដឹងថា ករណីកូវីដ១៩នេះ គឺសុទ្ធតែជាករណីនាំ ចូលពីបរទេសដោយមានតែ ១ករណីគត់ ដែលកើតនៅក្នុងស្រុក លើបុរសខ្មែរនៅខេត្តសៀមរាប។
លោកស្រីបន្តទៀតថា ចំពោះអ្នកផ្ទុកជំងឺកូវីដ១៩ ទាំងអស់ នោះ គឺកំពុងដាក់ពិនិត្យសម្រាកព្យាបាលនៅ តាមន្ទីរពេទ្យនានានៅទូទាំងប្រទេស ទៅតាមទីតាំង ដែលក្រសួងចាត់ចែង រួចរាល់ហើយផងដែរ។
ក្នុងឱកាសនោះដែរ លោកស្រីបន្តថា តាមការប៉ាន់ប្រមាណ ជំហានដំបូង អ្នកផ្ទុកជំងឺកូវីដ ទាំង៣៥នាក់ នៅកម្ពុជា អាចចម្លងទៅក្រុមគ្រួសារ របស់ពួកគេ។
លោកស្រីបន្តទៀតថា “យើងមិនអាចប៉ាន់ប្រមាណចំពោះអ្នក ឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាប៉ុន្មាននោះទេ ។ ព្រោះថាអ្នកឆ្លងជំងឺនេះ ភាគច្រើនឆ្លងពីខាង ក្រៅប្រទេសមានចំនួនច្រើនករណីហើយ។ អីចឹងយើងគិតជាបឋម នឹងអាចមានការចម្លងពីបុគ្គល ដល់ក្រុមគ្រួសារជាបឋម។ បើសិនបុគ្គលម្នាក់ឆ្លងជំងឺកូវីដ១៩ នេះអាចឆ្លងទៅកាន់សមាជិកគ្រួសារ ដែលតាមការជំរឿនក្នុង គ្រួសារយ៉ាងតិច៣នាក់នោះ។ យើងគិតថាបើយកជំនួន ៣នាក់ ក្នុងមួយគ្រួសារគុណនឹងចំនួនដែលរកឃើញ។ បើសិនឆ្លងពីបុគ្គល យើងត្រូវគិតចំនួននេះសិន ព្រោះដោយសារមិនទាន់ រកឃើញការឆ្លងនោះទេ ។ ដូច្នេះយើងត្រូវតែធ្វើការទប់ស្កាត់ កុំឲ្យមានការចម្លងបន្ត”។
លោកស្រីបញ្ជាក់ថា ចំពោះការធ្វើតេស្ត រកវីរុសកូវីដ១៩ នេះ គឺក្រសួងមិនតម្រូវឲ្យបង់ប្រាក់នោះទេ មិនដូចពាក្យចចាមអារ៉ាមលើកឡើងថា ការធ្វើតេស្តរកវីរុសកូវីដ១៩ គឺតម្រូវឲ្យប្រជាពលរដ្ឋធ្វើការបង់ប្រាក់ឡើយ។
លោកស្រីថា “ពីម្សិលមិញនេះ ហាក់បីដូចជាមាន ពាក្យចរចាមអារ៉ាម ពាក្យមិនពិតមួយចំនួនដែលប្រឌិតឡើង ដើម្បីវាយប្រហាមក លើវិស័យសុខាភិបាល វាយប្រហាមកលើ រាជរដ្ឋាភិបាលរបស់យើងនេះ គឺការយកលុយ ខ្ញុំសូមបញ្ជាក់ថា មិនមានការយកថវិកានោះទេ”។
សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៣៥នាក់ហើយ ដោយសុទ្ធតែជាករណី នាំចូលពីបរទេស៕
ដោយ៖ ធី លីថូ