ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រកាសបិទព្រំដែន មិនឲ្យពលរដ្ឋវៀតណាមចូលកម្ពុជា រហូតដល់វៀណាមបើកច្រក ជាមួយកម្ពុជាឡើងវិញ

ភ្នំពេញ៖ ក្រោយពីវៀតណាម សម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសប្រកាសបិទច្រកព្រំដែន មិនអនុញ្ញាតពលរដ្ឋវៀតណាម ចូលមកកម្ពុជា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនាតទៅ រហូតដល់វៀតណាមបើកច្រកព្រំដែន ជាមួយកម្ពុជាឡើងវិញ ។

ក្នុងសារជាសំឡេងផ្ញើទៅកាន់អាជ្ញាធរខេត្ត ជាប់ព្រំដែន និងថ្នាក់ដឹកនាំពាក់ព័ន្ធ ហើយត្រូវបានបែកចេញ លើបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃ១៩ មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យពលរដ្ឋ វៀតណាមចូលមកកម្ពុជានេះ គឺក្រោមហេតុផលជួយសម្រួល ដល់ពលរដ្ឋវៀតណាម កុំឲ្យពិបាកពេលចូលមកកម្ពុជាហើយ ពេលចូលទៅវៀតណាមវិញ ត្រូវអាជ្ញាធរវៀតណាម ដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាម ក៏បានប្រកាសបិទព្រំដែន ជាមួយកម្ពុជាជាឯកតោភាគី។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យអាជ្ញាធរ នៅតាមបណ្ដាខេត្តជាប់ព្រំដែនទាំងអស់ ទាក់ទងទៅស្នើសុំពលរដ្ឋកម្ពុជា មកស្រុកកំណើតវិញ ប្រសិនបើបានចូលទៅហើយ ត្រូវអាជ្ញាធរវៀតណាម ដាក់បម្រាមឲ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «បន្ទាប់ពីនោះ អាជ្ញាធរតាមច្រកព្រំដែនទាំងអស់ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ មីនា មានន័យថាយើងបាន ជូនដំណឹងឲ្យវៀតណាមមុនជាង ៤៨ម៉ោង ខុសពីវៀតណាមដែលមិនបាន ជូនដំណឹងដល់យើងទាល់តែសោះ ដូច្នេះនេះមិនមែនជាគោលការណ៍បដិការទេ គោលការណ៍បដិការកាលណាបិទ គឺបិទទាំងអស់គ្នា…ហើយបម្រាមនេះ នឹងត្រូវធ្វើរហូតដល់វៀតណាម លើកបម្រាមចេញតែម្ដង» ។

សម្ដេចបន្ថែមថា ការមិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ ។ សម្ដេចថា ការដកបម្រាមចេញវិញ គឺអាស្រ័យភាគីវៀតណាម ថាត្រូវដកពេលណា ។

សូមរំលឹកថា កាលពីថ្ងៃ១៧ មីនា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្អាកផ្ដល់ទិដ្ឋាការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ចូលវៀតណាម រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៨ មីនា ។ អ្នកដំណើរចូលវៀតណាមទាំងអស់ នឹងទទួលការត្រួតពិនិត្យសុខភាព និងវិធានការបង្ការផ្សេងទៀត ឬដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមបទបញ្ជារបស់វៀតណាម ។ ការដាក់ឲ្យនៅដាច់ដោយឡែក ក្នុងទ្រង់ទ្រាយធំ នៅទីតាំងដែលបានរៀបចំទុក នឹងត្រូវអនុវត្តចំពោះអ្នកដំណើរមកពីអាមេរិក អឺរ៉ុប និងអាស៊ាន ៕

ដោយ៖ ខា ដា

To Top