ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អរគុណពលទាហានថ្មី ស្ម័គ្រចិត្តរើសអាជីព ជាកងទ័ពបម្រើជាតិមាតុភូមិ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល ជាមួយពលទាហានថ្មី ដែលទើបត្រូវបានជ្រើសរើស បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ ក្នុងឱកាសនៃដំណើរទស្សនកិច្ច នៅសាលាពលទាហានទី២ យោធភូមិភាគទី២ នាខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ សូមអរគុណពលទាហានថ្មី ដែលស្ម័គ្រចិត្តរើសអាជីពជា កងទ័ពបម្រើជាតិមាតុភូមិ ដើម្បីការពារសុខសន្តិភាព និងស្ថិរភាពរបស់ជាតិយើង។ ការហ្វឹកហ្វឺនដំណាក់កាលទីមួយនេះ មិនមែនសាមញ្ញទេ ព្រោះគឺជាការប្តូរជីវភាពពីជនស៊ីវិល មកជាជីវិតបម្រើក្នុងជួរកងទ័ព ជាការប្តូរពីជីវិតដែលធ្លាប់ធ្វើការជាលក្ខណៈបុគ្គល មកក្នុងជីវិតដែលតម្រូវឲ្យធ្វើការងារជាក្រុម ជាការប្តូរពីរបៀបរបបដែល ធ្លាប់រស់នៅដាច់ដោយទ្បែកពីគ្នា មកពីប្រភពស្រុកកំណើតផ្សេងៗគ្នា ប៉ុនែ្តពេលនេះមកជា កងយោធពលខេមរភូមិន្ទតែមួយ ពាក់ឯកសណ្ឋានដូចគ្នា ហើយសំខាន់បំផុតគឺមានវិន័យដូចគ្នា និងគ្មានការរើសអើងគ្នា។

លោកមេទ័ពជើងគោក ចាត់ទុកការស្ម័គ្រចិត្តចូលបម្រើកងទ័ព គឺជាឆន្ទៈក្នុងការចូលរួមបន្តវេនពីនាយទាហាន នាយទាហានរង ពលទាហានជំនាន់មុន ដែលគាត់បានធ្វើការតស៊ូ តាំងពីរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ ហើយក៏បានខិតខំកសាង ស្តារឡើងវិញ និងថែរក្សាបាននូវសុខសន្តិភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ បន្សល់ទុកឱ្យយើងដូចសព្វថ្ងៃ។

លោកបន្តថា «ដើម្បីប្រែក្លាយឆន្ទៈស្ម័គ្រចិត្តនេះ ឱ្យទៅជាសមត្ថភាពជាក់ស្តែង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំឱ្យមានវគ្គហ្វឹកហ្វឺនបែបនេះ ក្នុងគោលបំណងឱ្យពលទាហានថ្មី យើងមានការយល់ដឹងអំពីវិន័យ និងបទប្បញ្ញតិ្តកងទ័ព និងចេះជំនាញយោធាបានច្បាស់លាស់។ ដូច្នេះហើយ ការហ្វឹកហ្វឺនដំបូងនេះ គឺសំខាន់ណាស់សម្រាប់ជីវិត ជាកងទ័ពរបស់ពលទាហានថ្មី ព្រោះជាមូលដ្ឋានគ្រឹះនៃ ការបង្ហាត់បង្រៀនឱ្យមានការគោរពវិន័យ និងការគ្រប់គ្រងខ្លួនឱ្យស័ក្តិសម ជាយោធិននៃកងយោធពលខេមរភូមិន្ទ។ វិន័យធ្វើឱ្យយោធិនម្នាក់ៗ មានការឯកភាពគ្នា រួបរួមគ្នា និងជួយគ្នា»។

បើតាមលោក ហ៊ុន ម៉ាណែត អ្វីដែលសំខាន់នៅក្នុង រយៈពេលនៃវគ្គហ្វឹកហ្វឺននេះ គឺសូមឱ្យយកចិត្តទុកដាក់ តស៊ូព្យាយាមក្នុងការហ្វឹកហ្វឺន ក្រេបយកឱ្យអស់លទ្ធភាពនូវចំណេះ និងជំនាញ ព្រោះកម្រិតនៃការយល់ដឹងក្រោយពីបញ្ចប់វគ្គ គឺអាស្រ័យទៅលើការខិតខំ ប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់។ ការទទួលបានការជ្រើសរើស និងឈានរហូតមកដល់ការ ចូលរួមវគ្គហ្វឹកហ្វឺននាពេលនេះ គឺជាជោគជ័យមួយជំហានហើយ ដូច្នេះធ្វើយ៉ាងណាខិតខំប្រឹងប្រែង បន្តទៀតឱ្យអស់លទ្ធភាពដើម្បីអនាគតរបស់ខ្លួន ហើយសូមបង្កើតចំណងមិត្តភាព ឱ្យបានច្រើនទាំងជាមួយយោធាចារ្យ ក៏ដូចជាជាមួយមិត្តរួមជំនាន់ ដើម្បីជាអនុស្សាវរីយ៍នៃមិត្តភាព និងសាមគ្គីភាព ដែលនឹងគង់វង្សស្ថិតស្ថេរ ទោះបីក្រោយពេលបញ្ចប់វគ្គក៏ដោយ។

មិនតែប៉ុណ្ណោះ លោក ក៏សូមអរគុណប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ សម្រួលដល់ការធានាផ្គត់ផ្គង់ដំណើរការនៃវគ្គហ្វឹកហ្វឺននេះ ហើយក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី២ និងសាលាយោធភូមិភាគទី២ ដែលបានខិតខំយកចិត្តទុកដាក់ដឹកនាំ រៀបចំ អនុវត្តវគ្គហ្វឹកហ្វឺននេះឱ្យដំណើរការរលូន និងសូមជូនពរឱ្យការហ្វឹកហ្វឺននេះ ទទួលបាននូវជោគជ័យ និងសុវត្ថិភាព ៕

To Top