ព័ត៌មានជាតិ

ព្រលែង កូនកន្ធាយក្បាលកង្កែប ២៨៨ក្បាល ចូលជម្រកធម្មជាតិ តាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ

ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមអ្នកអភិរក្ស មកពីរដ្ឋបាលជលផល អង្គការ WCS សមាជិកសហគមន៍នេសាទ និងសិស្សានុសិស្សជាច្រើននាក់ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ២៨៨ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិ របស់វាវិញតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់អង្គការ WCS នៅថ្ងៃទី១៨ មីនា បានឲ្យដឹងថា កូនកន្ធាយក្បាលកង្កែបទាំងនោះ មានអាយុចន្លោះពី ២សប្តាហ៍ ដល់ ១ខែ និងត្រូវបានក្រុមការងារ ការពារសំបុកនៃអង្គការ WCS ប្រចាំនៅ ខេត្តក្រចេះ យាមការពារ និងមើលថែទាំចាប់តាំងពីវា ញាស់ចេញពីសំបុក។ ការលែងកូនកន្ធាយទាំងនោះ គឺមានសារសំខាន់ជួយដល់ការ រស់រៀនបន្តរបស់សត្វប្រភេទនេះ និងសារសំខាន់មួយផ្នែកទៀត គឺបានផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅក្នុងតំបន់នោះ ឱ្យបានយល់ដឹងកាន់តែច្រើន ឡើងអំពីការអភិរក្សប្រភេទ កន្ធាយក្បាលកង្កែបនេះ ។

កន្ធាយក្បាលកង្កែប ឬល្មិច ដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantorii ត្រូវបានកត់ត្រាចូល ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះ ជិតផុតពូជជាសាកល។ គេគិតថា ប្រភេទកន្ធាយក្បាលកង្កែបនេះ បានផុតពូជហើយនៅតាម ដងទន្លេមេគង្គនៃប្រទេសកម្ពុជា ក៏ប៉ុន្តែ បែជាគេបានរកឃើញវត្តមាន របស់វាសាជាថ្មីឡើងវិញ នៅក្នុងឆ្នាំ ២០០៧ នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។

គម្រោងអភិរក្ស កន្ធាយក្បាលកង្កែប របស់អង្គការ WCS នៅតាមដងទន្លេមេគង្គ ទទួលបានការគាំទ្រពី សហភាពអឺរ៉ុប សួនសត្វស៊ីងហ្គាពួរ WRS និង Margaret A. Cargill Philanthropies ៕

To Top