ព័ត៌មានជាតិ

អឺរ៉ុប-អាមេរិក ផ្អាកបញ្ជាទិញ ទំនិញពីកម្ពុជា ដោយសារការ រីករាលដាល នៃវីរុសកូវីដ-១៩

ភ្នំពេញ ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានថ្លែងថា អ្នកកម្មង់ទិញ សម្លៀកបំពាក់ពីកម្ពុជាមួយចំនួន ជូនដំណឹងមកខាង GMAC ដោយស្នើឲ្យមានការផ្អាកការ ដឹកជញ្ជូន ទំនិញវាយនភណ្ឌ នៃវិស័យកាត់ដេរ ទៅកាន់ទីផ្សារ អឺរ៉ុប-អាមេរិក ដោយសារការរីករាលដាល នៃវីរុសកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យ GMAC ថ្លែងបែបនេះ ក្រោយពីកម្ពុជាទើបតែទទួលបាន វត្ថុធាតុដើមជាថ្មីពីប្រទេសចិន ក្រោយរោងចក្រមួយចំនួននៅកម្ពុជា មានការអាក់ខានផលិតដោយសារចិនជាប់ដៃ ប្រយុទ្ធនឹងវីរុស កូវីដ-១៩ ។

ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដឹងព័ត៌មាន អឺរ៉ុប-អាមេរិក ផ្អាកទិញទំនិញពីកម្ពុជា ដោយសាររីករាលដាល កូវីដ-១៩ កាន់តែច្បាស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នារសៀលថ្ងៃទី១៩ មីនា បានធ្វើការទំនាក់ទំនងទៅលោក កាំង ម៉ូនីកា ចំនួន២ដង ដោយទូរស័ព្ទរបស់លោកកំពុងជាប់រវល់។

លោក កាំង ម៉ូនីកា មានប្រសាសន៍ថា«ទីផ្សារបញ្ជាទិញមួយចំនួនបានស្នើឲ្យមានការផ្អាកដឹកជញ្ជូនទំនិញទៅកាន់ទៅទីនោះ គឺសំដៅទៅលើទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប ដែលពេលនេះទីផ្សារធំទាំងពីរ កំពុងទទួលរងនូវផលប៉ះពាល់ពីកូវីដ-១៩យ៉ាងខ្លាំង»។

លោកបន្ដថា ប្រឈមនឹងការរាលដាលនៃវីរុសកូវីដ-១៩ នៅដើមឆ្នាំ២០២០នេះ រោងចក្រមួយ ចំនួន បានប្រកាសព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើម ដោយផ្តល់ប្រាក់ឈ្នួល សរុបដល់កម្មករនិយោជិត ចំនួន៦០% ភ្ជាប់នឹងលក្ខខណ្ឌ តម្រូវឲ្យកម្មករត្រូវចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម ។ ក៏ប៉ុន្តែកាលពីសប្តាហ៍មុន ប្រទេសចិន បានបញ្ជូនវត្ថុធាតុដើមជាច្រើន នាវាមកកម្ពុជា ជាហេតុធ្វើឲ្យសង្វាក់ផលិតកម្ម នៃវិស័យកាត់ដេរ បានដំណើរការឡើងវិញ ។

មកទល់ពេលនេះ ឧស្សាហកម្មមួយនេះ មានឱកាសផលិតទំនិញសម្រាប់ផ្គត់ផ្គង់ហើយ ក៏ប៉ុន្តែ បែរជាមិនមានទីផ្សារនាំចេញ ដោយសារ អ្នកបញ្ជាទិញនៅអឺរ៉ុប និងអាមេរិកឲ្យផ្អាកការផ្គត់ផ្គង់ទំនិញ ខណៈដែលតំបន់ទាំងពីរដែលជាទីផ្សារ សំខាន់របស់វិស័យកាត់ដេរកម្ពុជា កំពុងប្រឈមនឹងការឆ្លងរាលដាល នៃមេរោគកូវីដ-១៩។
ទោះយ៉ាងណាអ្នកនាំពាក្យGMACបានបញ្ជាក់ថាសមាគមនៅមិនទាន់មានការ សម្រេចយ៉ាងណានៅឡើយទេ ដោយពេលនេះ GMAC កំពុងធ្វើការស្រង់ព័ត៌មាន ពីក្នុងចំណោមសមាជិករបស់ខ្លួនថា តើគួរតែមានការផ្អាកផលិតកម្ម នៃវិស័យនេះជាបណ្តោះអាសន្ន ឬយ៉ាងណា ។

សូមបញ្ជាក់ថា វិស័យកាត់ដេរកម្ពុជា បាននាំទៅកាន់ទីផ្សារអឺរ៉ុប ចំនួនជាង៤០% និងទៅកាន់ទីផ្សារអាមេរិក ប្រមាណជា៣០%។ ឧស្សាហកម្មមួយនេះ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយ ដ៏សំខាន់របស់កម្ពុជា ដោយក្នុងមួយឆ្នាំៗកាត់ដេរ អាចរកចំណូលបានជាង៦ពាន់លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋខ្មែរ រាប់សែននាក់ ដែលនេះជាផ្នែកមួយ នៃការជួយកាត់បន្ថយភាពក្រីក្រផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top