ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំទៅដល់ គណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ នៅថ្នាក់ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺ កូវីដ-១៩។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ថា ក្រសួង ស្ថាប័ន្ថរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា បានសហការយ៉ាងជិតស្និទ្ធ ក្នុងការចាត់ចែងអនុវត្តនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃ ជំងឺកូវី-១៩ នៅកម្ពុជា។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃ ជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្ដេច ស ខេង ធ្វើការណែនាំ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការមួយចំនួន រួមមាន ៖
ទី១-គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្នាក់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ទី២-ត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយ ស្ដីពី ការបង្ការ ទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ដោយលើកកម្ពស់ការចូលរួមរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងសហគមន៍មូលដ្ឋាន។
ទី៣-ត្រូវបង្កើតឲ្យមានក្រុមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយត្រូវធ្វើការផ្លាស់ប្ដូរវេនគ្នា ដើម្បីតាមដានស្ថានភាពវិវត្តន៍នៃជំងឺកូវីដ-១៩ នៅតាមរាជធានី-ខេត្ត របស់ខ្លួន និងត្រូវចាត់វិធានការចាំបាច់នានា ស្របតាមគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ និងត្រូវរាយការណ៍ប្រចាំថ្ងៃ ជូនក្រសួងសុខាភិបាល ដោយចម្លងជូនក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
ទី៤-អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ត្រូវសម្របសម្រួល និងណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ក្នុងការផ្ដល់អាទិភាពលើការ ប្រើប្រាស់នូវធនធានដែលមានស្រាប់ ដើម្បីគាំទ្រដល់សកម្មភាពផ្សព្វផ្សាយ ស្ដីពី បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
ទី៥-រដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំដល់រដ្ឋបាល ឃុំ-សង្កាត់ ដោយមានប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ជាសេនាធិការ ឲ្យធ្វើការតាមដានការប្រែប្រួលប្រជាពលរដ្ឋ ដែលបានចេញទៅក្រៅប្រទេស ហើយទើបត្រឡប់មកកម្ពុជាវិញ។
ទី៦-ត្រូវសម្របសម្រួល និងកៀរគរការចូលរួមរបស់ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បារនៃជំងឺកូវីដ-១៩ ជាដើម៕
ដោយ៖ អេង ប៊ូឆេង