ព័ត៌មានជាតិ

នៅថ្ងៃទី២៣ មីនា នឹងយកសំណាកភ្ញៀវទេសចរណ៍ ៥៧នាក់ ទៅពិនិត្យរកវីរុសកូរ៉ូណា លើកចុងក្រោយ ខណៈពួកគេមានសុខភាពល្អធម្មតា

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ភ្ញៀវទេសចរណ៍ទាំង ៥៧នាក់ ដែលកំពុងសម្រាកនៅសណ្ឋាគារមេគង្គ ខេត្តកំពង់ចាម មានសុខ
ភាពល្អធម្មតាទេ ហើយការស្នាក់នៅមាន សភាពស្ងៀមស្ងាត់ល្អ ជាមួយគ្នានោះនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ គ្រូពេទ្យជំនាញនឹងយកសំណាកអ្នកទាំង ៥៧នាក់ ទៅពិនិត្យរក វីរុសកូរ៉ូណា នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើកចុងក្រោយ ព្រោះថ្ងៃទី២៤ មីនា គ្រប់ការកំណត់ ១៤ថ្ងៃ ដែលបានតាមដានសុខភាពពួកគាត់ ។

យោងតាមរបាយការណ៍ដែល មន្ទីរព័ត៌មានខេត្តកំពង់ចាម ផ្ញើជូនលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា «សូមគោរពរាយការណ៍ជូនបង ជូនជ្រាប ភ្ញៀវទេសចរណ៍ទាំង ៥៧នាក់ ដែលបាននឹងកំពុងសម្រាកនៅសណ្ឋាគារមេគង្គ រហូតមកដល់ម៉ោង ៦៖៣០ល្ងាច ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ពួកគាត់មានសុខភាពល្អធម្មតាទេ ហើយការស្នាក់នៅមានសភាពស្ងៀមស្ងាត់ល្អ ។ ខ្ញុំបាទសូមជំរាបជូនជ្រាបផងដែរថា នៅព្រឹកថ្ងៃចន្ទ័ ទី២៣ ខែមិនាឆ្នាំ២០២០ អ្នកទាំង ៥៧នាក់នេះត្រូវយកវត្ថុវិភាគទៅពិនិត្យរក វីរុសកូរ៉ូណា នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើកចុងក្រោយ ព្រោះថ្ងៃទី២៤ខាងមុខនេះគ្រប់ការកំណត់ ១៤ថ្ងៃ ដែលយើងបានតាមដានសុខភាពពួកគាត់។ ដោយឡែកចំពោះសុខភាព ជនជាតិម៉ាឡេស៊ីទាំង ៧នាក់ កំពុងសម្រាកនៅក្នុងបន្ទប់ ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ពួកគាត់មានសុខភាពល្អធម្មតា មិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ» ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកើនដល់ចំនួន ៥១ករណី (ស្រី ៤នាក់ ប្រុស ៤៧នាក់) ក្នុងនោះមានជនជាតិចិនម្នាក់ (នៅព្រះសីហនុ ជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង២នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ ខ្មែរ ៣១នាក់ (ក្នុងអ្នកដែលវិលត្រឡប់មកពី ពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២៥នាក់) ៕

To Top