ព័ត៌មានជាតិ

លោក កឹម សុខា អំពាវនាវពិភពលោក សាមគ្គីគ្នាជាសកល កុំរើសអើងជាតិសាសន៍អ្នកឆ្លងCovid-19

ភ្នំពេញ៖ លោក កឹម សុខា អំពាវនាវឲ្យពិភពលោក មានការសាមគ្គីគ្នាជាសកល ដោយកុំរើសអើងជាតិសាសន៍ ប្រទេសឬប្លុកនយោបាយ ក្នុងឱកាសនៃការ ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក កឹម សុខា បានឲ្យដឹងថា សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ គឺជាការចាំបាច់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរីក រាលដាលជំងឺCovid-19 ដ៏សាហាវឃោឃៅ នៅពេលនេះ ពីព្រោះគ្រោះអាសន្ននេះ មិនមែនជាបញ្ហារបស់បុគ្គលណា គ្រួសារណា សហគមន៍ណា ប្រទេសណា ជាតិសាសន៍ណាមួយនោះឡើយ គឺក្លាយទៅជាវិបត្តិសកលទៅហើយ។

លោកថា ម្យ៉ាងទៀតវីរុសCovid-19 បានរាតត្បាតបង្កជំងឺ និងសម្លាប់មនុស្សដោយមិនរើសមុខ មិនរើសអើង ជាតិសាសន៍ ប្រទេសតូចឬធំ ប្លុកកុម្មុយនីស ឬសេរី អ្នកធំ អ្នកតូច អ្នកមានឬអ្នកក្រ…នោះឡើយ។ ជាពិសេសជំងឺរាតត្បាតនេះ មិនត្រឹមតែវាយប្រហារទៅលើសុខភាព និងអាយុជីវិតមនុស្សដោយផ្ទាល់នោះទេ លើសពីនេះទៅទៀត ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិនិងជីវភាពរស់នៅ របស់មនុស្សទូទៅយ៉ាងធ្ងន់ធ្ងរ បើមិនរួបរួមគ្នាប្រយុទ្ធយកឈ្នះ លើឲ្យបានព្រមៗគ្នា និងឲ្យបានឆាប់រហ័សនោះទេ។

លោកបញ្ជាក់ថា “សូមឲ្យពិភពលោក មានការសាមគ្គីគ្នាជាសកល ដោយកុំរើសអើងជាតិសាសន៍ ប្រទេសឬប្លុកនយោបាយ សេដ្ឋកិច្ចឬសង្គម ដោយចាត់ទុកថា នេះជាបញ្ហាសកល។ សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមសាមគ្គីជាតិ ឯកភាពជាតិ និង ផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាខាងលើនេះ” ។

សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃនេះនៅកម្ពុជា មានអ្នកឆ្លងសរុបជាង ៨០នាក់ហើយ ក្នុងនោះពលរដ្ឋកម្ពុជាមាន ៧នាក់ ៕

To Top