ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ៖ កម្ពុជាត្រៀមលក្ខណៈ ជាស្រេចសហការ ជាមួយក្រុមគ្រូពេទ្យចិន ដើម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងខ្លាំង ចំពោះក្រុមគ្រូពេទ្យចិន ដែលបានមកដល់កម្ពុជា នាពេលនេះ ហើយកម្ពុជា បានត្រៀមលក្ខណៈរួចហើយ សហការជាមួយក្រុមគ្រូពេទ្យចិន ដើម្បីប្រយុទ្ធប្រឆាំង កូវីដ-១៩ ។

បន្ថែមពីលើនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា ។ 0

ក្នុងពិធីទទួល ក្រុមគ្រូពេទ្យចិន ចំនួន៧នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានសម្ដែងការស្វាគមន៍ ចំពោះក្រុមគ្រូពេទ្យរបស់ចិន ដែលមកជួយកម្ពុជា ក្នុងគ្រាលំបាក ដែលសកម្មភាពនេះ ជាការឆ្លុះបញ្ចាំង ពីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រាយ រវាងប្រទេសទាំងពីរ ។

លោកមានប្រសាសន៍ថា “សូមស្វាគមន៍ ក្រុមគ្រូពេទ្យទាំងអស់ដែលអញ្ជើញមកថ្ងៃនេះ ដើម្បីរួមសហការគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ជាពិសេសប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ហើយយើងខ្ញុំត្រៀមលក្ខណ: ជានិច្ចសហការជាមួយអស់លោក លោកស្រី ដើម្បីបំពេញការងារនេះ នេះជា សញ្ញាមួយមិត្តភាព និងសាមគ្គីភាព រវាងបងប្អូនប្រជាជនកម្ពុជា និងប្រជាជនចិន” ។

លោកបញ្ជាក់ ថា “ដូច្នេះ យើងនឹងមានអ្នកឯកទេស ខាងសាធារណៈរដ្ឋ ប្រជាមានិតចិន ដើម្បីរួមសហការគ្នា ហើយយើងរៀនសូត្រពីចិន ដែលគាត់មានបទពិសោធន៍ច្រើន ក្នុងការងារប្រយុទ្ធជំងឺ កូវីដ-១៩ ។ ក្នុងនាមរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណ ចំពោះពេទ្យចិន ដែលអញ្ជើញមកថ្ងៃនេះ ហើយយើងសង្ឃឹមថា ធ្វើការងារនេះ ប្រកបដោយផ្លែផ្កា ហើយយើងសំណូមពរ ធ្វើយ៉ាងម៉េច កុំអោយប្រជាពលរដ្ឋ របស់យើង កុំមានការភ័យ ខ្លាចហួសយើងជឿជាក់ រាជរដ្ឋាភិបាល ក្នុងកិច្ចសហការនេះ យើងកាត់បន្ថយប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព” ។

ក្រុមគ្រូពេទ្យចិន មកដល់កម្ពុជានាពេលនេះ ក៏បាននាំមកជាមួយនូវសម្ភារៈបរិក្ខារវេជ្ជសាស្ដ្រមួយចំនួនជូនកម្ពុជា រួមមាន ៖ ទី១-ស្រោមដៃ ចំនួន៧០០០ ,ទី២-ម៉ាសវ៉ះកាត់ ចំនួន៥៨០០០ ,ទី៣-ម៉ាសវេជ្ជសាស្រ្ត ចំនួន៥៥០០០ ,ទី៤-ម៉ាស N95 ចំនួន៥០០០ ,ទី៥-មួក ចំនួន១៨៥០០ ,ទី៦-គម្របស្បែកជើង ចំនួន១៣០០ ,ទី៧-អាវអ៊ាម ចំនួន១៣០០ ,ទី៨-សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១២៥០ ,ទី៩-របាំងមុខវេជ្ជសាស្រ្ត ចំនួន២៩៨៩ ,ទី១០-ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៊ីនហ្វ្រារ៉េត ចំនួន៥០ និងទី១១-វ៉ែនតាសុវត្ថិភាព ចំនួន២២៨០ ។

សូមរំលឹកថា កាលពីពេលថ្មីៗ នេះរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ខណៈក្រសួងស្ថាប័ន មួយចំនួន ចាប់ផ្តើមដាក់វិធានការ ទប់ស្កាត់ ចំពោះការឆ្លងរីករាលដាលកូវីដ១៩ ផងដែរ ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល សម្រេចប្រើប្រាស់ សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថាគិតត្រឹម យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៣ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ ដោយ អេង ប៊ូឆេង

To Top