ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានធ្វើការកត់សម្គាល់ថា មានប្រជាពលរដ្ឋខ្មែរមួយចំនួន មានការភ័យខ្លាច ស្លន់ស្លោ រហូតដល់មានការ យល់ច្រឡំខុសអំពីអាការៈ ជំងឺផ្សេងៗ ដូចជា ផ្តាសាយធម្មតា ផ្តាសាយធំ រលាកសួតធម្មតា រលាកផ្លូវដង្ហើម ច្រលំទៅអាការៈ វីរុស កូវីដ-១៩ ។
យោងតាមសេចក្ដីអំពាវនាវ របស់ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានរំលឹកថា នាពេលកន្លងមក រាជរដ្ឋាភិបាល អនុវត្តនូវវិធានការ យ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ ក្នុងការបំពេញភារកិច្ចការពារ ព្យាបាល និងទប់ស្កាត់ ការចម្លងនៃវីរុស កូវីដ-១៩ នៅកម្ពុជា ។
អង្គភាពអ្នកនាំពាក្យ ថាសង្កត់ធ្ងន់ថា «ដោយមានការកត់សម្គាល់ ក្នុងរយៈពេលក្រោយៗនេះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូច ហាក់បីដូចជា មានការភ័យខ្លាចស្លន់ស្លោ រហូតដល់មានការយល់ច្រឡំខុសអំពីអាការៈ ជំងឺផ្សេងៗដូចជា ជំងឺផ្តាសាយធម្មតា ផ្តាសាយធំ ជំងឺរលាកសួតធម្មតា ជំងឺរលាកផ្លូវដង្ហើម និងអាការៈនៃជំងឺផ្សេងៗទៀត ទៅនឹងអាការៈនៃវីរុស កូវីដ-១៩ រហូតដល់មានការសម្រុកមកមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកតាមបណ្ដាខេត្តមួយចំនួន ច្រើនហួសពីការរំពឹងទុក» ។
អង្គភាពអ្នកនាំពាក្យ អំពាវនាវដល់ពលរដ្ឋខ្មែរ គប្បីងាកទៅប្រើប្រាស់មូលដ្ឋានសុខាភិបាល ដូចជា មណ្ឌលសុខភាព ព្រមទាំង បន្តអនុវត្តនូវវិធានការប្រុងប្រយ័ត្ន និងរក្សាអនាម័យខ្ពស់ ដើម្បីកាត់បន្ថយការប៉ះពាល់ និងការចម្លងជំងឺមួយចំនួន ដោយប្រកាន់ខ្ជាប់ការរស់នៅប្រកបដោយអនាម័យស្អាត។
អង្គភាពអ្នកនាំពាក្យ បញ្ជាក់ថា «លាងដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូ និងទឹកស្អាត ជេល ឬអាល់កុល ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើម៉ាស់ ឬកន្សែងដៃ ឬក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងជៀសវាងទាក់ទងជិតស្និទ្ធជាមួយបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើម ដូចជា ក្អក និងកណ្តាស់ញឹកញាប់ ជាដើម ដែលជាអាការៈសង្ស័យ នៃការឆ្លងវីរុស កូវីដ-១៩។
ជាងនេះទៅទៀត អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងអំណរគុណ ដល់អាជ្ញាធរ និងមន្រ្ដីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដូចជា ពលរដ្ឋទាំងអស់ ក្នុងកិច្ចរួមគ្នាដោយស្មារតីខ្ពស់ កុំមានការបារម្ភ ឬស្លន់ស្លោខ្លាំងហួសហេតុ ខណៈករណីឆ្លងវីរុស កូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាននៅឡើយ ហើយករណីទាំងនេះ ក៏នឹងអាចត្រូវបានព្យាបាល ជាសះស្បើយទៅវិញដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ ដោយ ៖ អេង ប៊ូឆេង