Covid-19

នាយករដ្ឋមន្រ្តី បញ្ជាឲ្យអភិបាល រាជធានី-ខេត្ត ពិនិត្យមើល សណ្ឋាគារណាបិទទ្វារ ជួលទុកដាក់អ្នកជំងឺ កូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យអភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវចុះពិនិត្យ មើលសណ្ឋាគារណាបិទទ្វារ ជួលមកទុកដាក់អ្នកជំងឺ កូវីដ-១៩ ខណៈសាលារៀន គ្រាន់តែទុកបម្រុងតែប៉ុណ្ណោះ ។

តាមរយៈសារសំឡេងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «បទបញ្ជាខ្ញុំសារជាថ្មីម្ដងទៀត ចំពោះបណ្ដា ខេត្តក្នុងករណី គឺដំបូងគិតឲ្យច្បាស់អំពីទីតាំង គឺមិនសំដៅទៅលើ សាលារៀនទេសាលារៀន ខ្ញុំចង់និយាយទៅលើសំដៅ ទៅលើបញ្ហា ដែលយើងមិនអាចរកអ្វីបាន ។ ប៉ុន្ដែឥឡូវឃើញថា សណ្ឋាគារ ជាច្រើននៅតាមបណ្ដាខេត្ត គឺត្រូវអត់មានភ្ញៀវ ស្នាក់នៅទេ ហើយក៏មាន អគារ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល មួយចំនួន ក៏អាចមានអគារខ្លះដែរ ចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌល ណាវាល្អអាហ្នឹងយើងយកអាហ្នឹង មិនចាំបាច់ យកសាលារៀនទេ»។

សម្ដេចបន្ដថា ដូចជា នៅខេត្តសៀមរាប ព្រះសីហនុ កំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារបិទទ្វារស្រាប់ ត្រូវ ជួលសណ្ឋាគារនឹងតែម្ដង ពីព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ និងមានសំភារៈគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងព្យាបាលអ្នកជំងឺ កូវីដ-១៩ ។

សម្ដេចបញ្ជាក់ថា ក្រោយពេលជំងឺ កូវីដ-១៩ ត្រូវបានស្ងប់ស្ងាត់នៅកម្ពុជា ចំពោះសំភារៈនៅសណ្ឋាគារ ត្រូវមានការប៉ះប៉ូវ និងបាញ់ថ្នាំសម្លាប់មេរោគ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន អះអាងថា «ចំណុចនេះ គឺសូមឲ្យខេត្តធ្វើការបន្ទាន់ទៅលើបញ្ហាហ្នឹង រីឯសាលារៀន គឺយក គឺធ្វើពេលណាដែលយើងមិនអាចរកសណ្ឋាគារ មិនអាចរកអគារបាន ចាំយើងយកសាលារៀន ។ប៉ុន្ដែឥឡូវនេះគឺថា ដោយសារយើងមានសណ្ឋាគារជាច្រើន ត្រូវបិទដោយអត់មានភ្ញៀវ យើងយកសណ្ឋាគារតែម្ដង ជួលគេត្រូវចំណាយលុយយើង ដើម្បីជួលគេ» ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕ ដោយ ៖ អេង ប៊ូឆេង

To Top