ព័ត៌មានជាតិ

សម្ដេច​ ស​ ខេង​ បញ្ជាអាជ្ញាធរព្រំដែន​ ត្រូវកត់ត្រាអត្តសញ្ញាណពលរដ្ឋខ្មែរ មកពីបរទេសវិញ

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានធ្វេីការណែនាំឲ្យ​ អាជ្ញាធរច្រកទ្វារព្រំដែន ត្រូវកត់ត្រាបានច្បាស់​ នូវអត្តសញ្ញាណប្រជា​ពលរដ្ឋដែល​ វិលចូលមកប្រទេសវិញ ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ។ 

ក្នុងជំនួបសំណេះសំណាលជាមួយ​ មន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២០​ សម្ដេច​ ស​ ខេង​ បានថ្លែងថា​ពលរដ្ឋខ្មែរទំនេរពីការងារនៅថៃ​ ចាប់ផ្ដើមសម្រុកនាំគ្នាវិលត្រឡប់មកកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាក​ ក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។

សម្ដេច​បន្ដថា​ ដោយសារពួកគាត់ធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ដើម្បីណែនាំអាជ្ញាធរខេត្ត​ ក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឲ្យបាន និងស្នើឲ្យពួកគាត់នៅដោយឡែក​ ១៤ថ្ងៃសិន ។

សម្ដេច​ ស​ ខេង​ មានប្រសាសន៍ថា​ “ណែនាំឲ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឲ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋ​ ដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នា​នេះ​ ត្រូវខិតខំពិភាក្សាជាមួយភាគីថៃ​ ដើម្បីចៀសវាងការអនុញ្ញាត្តឲ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឲ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់​ សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ​ យើង”។ 

សម្ដេច​បន្ថែមថា​ “ប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាល​យើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ”។ 

ជាងនេះទៅទៀត​ រដ្ឋមន្ដ្រីមហាផ្ទៃ​ ណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត ។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ ៕

ដោយ​  អេង​  ប៊ូឆេង​

To Top